បញ្ជាការ​សឹក​រង​ស្រុក​សហការ​ដឹកនាំ​កម្លាំង​ជួសជុល​ផ្ទះ​ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​

បញ្ជាការ​សឹក​រង​ស្រុក​សហការ​ដឹកនាំ​កម្លាំង​ជួសជុល​ផ្ទះ​ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​



តាកែវ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៦​នេះ ក្រុមការងារ​ថ្នាក់​ស្រុក​បូរី​ជលសារ ផ្នែក​បញ្ជាការ​សឹក​រង​ស្រុក អធិការ​ស្រុក មេឃុំ​និង​ក្រុម​ប្រឹក្សាឃុំ ព្រមទាំង​យុវជន​ឃុំ​បូរី​ជលសារ បាន​ចូលរួម​សហការ​គ្នា​ក្នុង​ការ​ជួសជុល​ផ្ទះ​ជូន​គ្រួសារ លោក នៅ សឺ​ង ក្នុង​ភូមិ​ក្អែក​យំ​ដែល​បាន​ទទួលរង​ការ​ប៉ះទង្គិច​ពី​ឥទ្ធិពល​នៃ​ខ្យល់​កន្ត្រាក់​កន្លងទៅ​ថ្មីៗ​នេះ។

ជាមួយគ្នា​នោះ​ដែរ​ក្រុមការងារ​បាន​យក​ថវិកា​ជួយ​ជួសជុល​ផ្ទះ​សរុប​ចំនួន​៨៩០,០០០​រៀល ដោយ​ថវិកា​នេះ​បាន​មក​ពី​ការឧបត្ថម្ភ​មាន​ដូច​ជា លោក​អភិបាលស្រុក​បូរី​ជលសារ​ចំនួន​៣៧០,០០០​រៀល ក្រុមប្រឹក្សាឃុំ​និង​ក្រុមការងារ​ចុះជួយ​ឃុំ​ចំនួន​៤០០,០០០​រៀល​សម្រាប់​ទិញ​ស័ង្កសី លោក​មេឃុំ​បូរី​ជលសារ​ផ្ដល់​ថវិកា​បន្ថែម​១០០,០០០​រៀល និង​បញ្ជាការ​សឹក​រង​ស្រុក​បូរី​ជលសារ​ឧបត្ថម្ភ​ចំនួន​២០,០០០​រៀល​សម្រាប់​ជួយ​ដល់​ដំណើរការ​ជួសជុលផ្ទះ​ដែល​រងគ្រោះ​ខាងលើនេះ​។

សូម​រំលឹក​ថា កាលពី​យប់​ថ្ងៃទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៩និង៣០​នាទី​យប់ មាន​ខ្យល់​កន្ត្រាក់ លាយ​លំ​ភ្លៀង​ទូទាំង​ឃុំ​បូរី​ជលសារ ដែល​បណ្ដាល​ឲ្យ​បោកបក់​ប៉ះពាល់​ផ្ទះ​ពលរដ្ឋ​០២​ភូមិ​គឺ ភូមិ​អង្គ​ក្រូច​ចំនួន​០២​គ្រួសារ ដោយ​របើក​ដំបូល​ស័ង្កសី​ចំនួន ២៥​សន្លឹក ហើយ​របើក​ដំបូល​ក្បឿង​១០០​សន្លឹក​និង​នៅ​ភូមិ​ក្អែក​យំ​ប៉ះពាល់​ផ្ទះ​ចំនួន​០២​គ្រួសារ​ដោយ​របើក​ដំបូល​ស័ង្កសី​ទាំងពីរ​ផ្ទះ​ចំណែក​ម្ចាស់ផ្ទះ​ទាំងអស់​មិន​មាន​គ្រោះថ្នាក់​ដល់​រាងកាយ​នោះទេ​។

លោក​មេបញ្ជាការ​សឹក​រង​ស្រុក​បូរី​ជល​សារ​បាន​ប្រាប់​ឲ្យ​ដឹង​ថា កម្លាំង​ក្រុមការងារ​របស់​លោក​និង​សហការ​គ្នា​ជួយ​ជួសជុល​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ទាំង​បួន​គ្រួសារ​នេះ​ជា​បន្តបន្ទាប់​គ្នា​រហូតដល់​ហើយ​រួចរាល់​៕