អាវុធហត្ថ​រាជធានី​បញ្ជូន​ជនសង្ស័យ​ចោរប្លន់​៥​នាក់​ទៅ​តុលាការ​ជា​បន្តបន្ទាប់​ដើម្បី​ផ្ដន្ទាទោស​

អាវុធហត្ថ​រាជធានី​បញ្ជូន​ជនសង្ស័យ​ចោរប្លន់​៥​នាក់​ទៅ​តុលាការ​ជា​បន្តបន្ទាប់​ដើម្បី​ផ្ដន្ទាទោស​



ភ្នំពេញ ៖ ពេល​ថ្មីៗ​នេះ​មាន​ករណី​ប្លន់​កើត​ឡើងជា​ហូរហែ បង្ក​ដោយ​ក្រុម​ក្មេងស្ទាវ​មាន​គ្នាច្រើន ប្រើ ដាវ កាំបិត ដំបង ឬ វត្ថុ​រឹង​ផ្សេងៗ ដេញ​វាយ​ជនរងគ្រោះ​យក​ម៉ូតូ ទូរស័ព្ទ កាបូប​លុយ និង​ទ្រព្យសម្បត្តិ​មានតម្លៃ​ជាច្រើន​ទៀត ធ្វើ​ឲ្យ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បង្កើន​ការ​ល្បាត​ជា​រៀងរាល់​យប់ និង​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចាប់​បាន​ក្រុមចោរប្លន់​ទាំងនោះ​ជា​បន្តបន្ទាប់​។

មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែឧសភា​ថា នៅ​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០១៦ អាវុធហត្ថ​ខណ្ឌ​ដូនពេញ បាន​បញ្ជូន​ចោរប្លន់​ម្នាក់​ក្នុងចំណោម​បក្ខពួក​០៦​នាក់ ទៅ​តុលាការ មាន​ឈ្មោះថា សារឹម រស្មី (​ហៅ បឿន​) ជា​និស្សិត​ឆ្នាំ​ទី​១ នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ចំការ​ដូង ដែល​ជនសង្ស័យ​ម្នាក់​នេះ​ត្រូវ​បាន​ចាប់ខ្លួន ខណៈ​ដែល​ក្រុម​វា បាន​ប្រើ​ខ្សែក្រវាត់​វាយ​បែក​ក្បាល​ជនរងគ្រោះ​ម្នាក់ ប្លន់​យក​ម៉ូតូ​មួយគ្រឿង​ម៉ាក MSX នៅ​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ បន្ទាប់មក​នៅ​យប់​ថ្ងៃ​ទី​០៦ ឧសភា ឆ្នាំ​២០១៦​នោះដែរ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បន្ត​ស្រាវជ្រាវ​ចាប់បាន​ជនសង្ស័យ​មា្ន​ក់ទៀត​ជា​មេខ្លោង​ឈ្មោះ ហ៊ុន ណា (​ហៅ​អា​ធ្មេញ​) អាយុ​១៩​ឆ្នាំ​។

តាម​ចម្លើយ​សារភាព​របស់​ក្រុម​ចោរ​ទាំងនេះ​បាន​ប្រាប់​ថា កន្លងមក​ក្រុម​វា​ច្រើនតែ​ធ្វើ​សកម្មភាព​វាយ​សិស្សសាលា​ទួល​ទំពូង​យក​លុយ និង​ក្នុង​ឆ្នាំ​២០១៦​ថ្មីៗ​នេះ ពួកវា​បាន​ធ្វើ​សកម្មភាព​ឆក់​ប្លន់​ចំនួន​០៤​លើក គឺ​លើក​ទី​១ វាយ​ជនរងគ្រោះ​យក​ទូរស័ព្ទ​ដៃ​នៅ​ម្តុំ​អតីត​រោងកុន​គីរីរម្យ​, លើក​ទី​២ វាយ​ជនរងគ្រោះ​យក​ម៉ូតូ​មួយ​គ្រឿង នៅ​ម្តុំ​ផ្លូវ​ចូល​វត្ត​ដំបូក​ខ្ពស់​, លើក​ទី​៣ ឆក់​ខ្សែក នៅ​ម្តុំ​ផ្លូវ​ចូល​វត្ត​ដំបូក​ខ្ពស់ និង​លើក​ទី​៤ វាយ​ជនរងគ្រោះ​បែកក្បាល​ប្លន់​យក​ម៉ូតូ​មួយគ្រឿង នៅ​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ហើយ​ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាប់ខ្លួនបាន​។ បក្ខពួក​៤​នាក់​ទៀត​ដែល​បានគេច​ខ្លួន​រួមមាន​៖ ១.​ឈ្មោះ ស្នា អាយុ​១៩​ឆ្នាំ​, ២.​ឈ្មោះ ហាំង អាយុ​២៤​ឆ្នាំ​, ៣.​ឈ្មោះ ឆាយ អាយុ​១៩​ឆ្នាំ​, និង ៤.​ឈ្មោះ តុលា មិនដឹង​អាយុ។ ជាមួយគ្នា​នោះដែរ ក្រុម​ល្បាត​របស់​អាវុធហត្ថ​ខណ្ឌ​មានជ័យ ក៏បាន​ឃាត់ខ្លួន​យុវជន​ម្នាក់​ផ្សេងទៀត ដែល​មាន​ឈ្មោះថា អ៊ុន ប៊ុន​ហួត (​ហៅ ងោ​ល​) មុខរបរ​មិន​ពិតប្រាកដ ខណៈដែល​យុវជន​រូប​នេះ​រួម​ជា​មួយ​បក្ខពួក​ម្នាក់ទៀត បាន​កាន់​កាំបិតបុ័ងតោ បម្រុង​ទៅធ្វើ​សកម្មភាព តែ​ចៃដន្យ​ជួប​មួយ​ក្រុម​ល្បាត​អាវុធហត្ថ​ខណ្ឌមានជ័យ នៅ​ចំណុច​ភូមិ​មានជ័យ​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ប្រភព​បន្ត​ថា ​នៅ​យប់​ថ្ងៃ​ទី​០៧ ឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រមាណ​១៩ និង​៣០​នាទី មាន​ក្រុមចោរ​១​ក្រុម​ទៀត​គ្នា​ចំនួន​០២​នាក់ បាន​ធ្វើ​សកម្មភាព​ប្រើ​ដាវ​កាប់​ជនរងគ្រោះ​ប្លន់​យក​ម៉ូតូ នៅត្រង់ចំណុច ផ្លូវ​លេខ​៤៣២ កែង​ផ្លូវ មុន្នី​វង្ស សង្កាត់​បឹងត្របែក ខណ្ឌ​ចំការមន ត្រូវ​ក្រុម​ល្បាត​អាវុធហត្ថ​ខណ្ឌចំការ​មន​ចាប់ខ្លួនបាន​។ ជនសង្ស័យ​ទាំង​០២​នាក់​នេះ​មានឈ្មោះ​១ លឹម វីរៈ (​ហៅ អប្រិយ​) ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ សិស្ស ទីលំនៅ ភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ​ន៏ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​, ទី​២​ឈ្មោះ ម៉ក់ ធា​រៈ (​ហៅ វ៉ៃ​) ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ សិស្ស ទីលំនៅ ផ្ទះជួល ផ្លូវ​២៧១ ភូមិ​បឹងទំពុន សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

គួរ​បញ្ជាក់​ដែរ​ថា ​ក្រុម​ជនសង្ស័យ​ទាំង​០៥​នាក់​ខាងលើ​គឺ សុទ្ធតែ​មានការ​ប្រើប្រាស់​គ្រឿងញៀន ក្រោយពី​បាន​ធ្វើ​តេស្ត​ទៅលើ​ទឹកនោម​ឃើញ​ថា ​មាន​ផល​វិជ្ជមាន​ទាំងអស់​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៥​នាក់​ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សំណុំ​រឿង​បញ្ជូនទៅ​តុលាការ​ជា​បន្តបន្ទាប់ ហើយ​បក្ខពួក​ដែល​នៅ​សេសសល់​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត​៕

អាវុធហត្ថ​រាជធានី​បញ្ជូន​ជនសង្ស័យ​ចោរប្លន់​៥​នាក់​ទៅ​តុលាការ​ជា​បន្តបន្ទាប់​ដើម្បី​ផ្ដន្ទាទោស​ អាវុធហត្ថ​រាជធានី​បញ្ជូន​ជនសង្ស័យ​ចោរប្លន់​៥​នាក់​ទៅ​តុលាការ​ជា​បន្តបន្ទាប់​ដើម្បី​ផ្ដន្ទាទោស​