យុវជន​បែក​ថ្នាំ ឡើង​ផ្លោះ​របង​ចូល​ផ្ទះ​ប្រុង​លោតសម្លាប់​ខ្លួន

រាជធានី​ភ្នំពេញ ៖ យុវជន​បែក​ថ្នាំ​ម្នាក់​បាន​ផ្លោះ​របង​ចូល​ទៅ​ក្នុងផ្ទះ និង​ឡើង​ទៅ​លើ​ប៉ុនប៉ង​លោត​សម្លាប់​ខ្លួន តែ​មិន​បាន​សម្រេច​នោះ​ទេ ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​ប្រជា​ការពារ​ចូល​ទៅ​លួងលោម​ឃាត់ខ្លួន​បញ្ជូន​ទៅ​សង្គមកិច្ច​។ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៦ រហូត​ដល់​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ ថ្ងៃខែ​ឆ្នាំ​ដដែល នៅ​តាម​បណ្តា​យ​ផ្លូវ​លេខ​១០១៥ ក្នុងភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

នៅ​ក្នុង​ហេតុការណ៍​នោះ បង្ក​ឲ្យ​ក្មេង​ស្រី​ម្នាក់​ភិតភ័យ​យ៉ាង​ខ្លាំង​បាន​សម្ងំ​លាក់ខ្លួន​ក្នុង​បន្ទប់​។ យុវជន​ម្នាក់​នោះ​មាន​អាយុប្រមាណ​ជាង​២០​ឆ្នាំ ពុំ​ត្រូវ​បាន​សមត្ថកិច្ច​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។ តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​គេ​បានឃើញ​យុវជន​ម្នាក់​នោះ​បាន​ដើរ​ឡូឡា​ពេញ​ផ្លូវ ហើយក៍​បាន​ផ្លោះ​របង​ចូល​ទៅ​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​ម្នាក់​ដែល​បាន​ចាក់សោ​ទុក​ចោល​។ ខណៈនោះ​ប្រជា​ការពារ​និង​អនុប្រធាន​ភូមិ​ម្នាក់​បាន​ជិះ​ល្បាត​ក៍​ប្រទះ​ឃើញ​ហើយ​សួរនាំ ត្រូវ​ជន​នោះ​ថា​ផ្ទះ​របស់​ខ្លួន​។

នៅ​ព្រឹក​នោះ​ដែរ យុវជន​បែក​ថ្នាំ​នោះ​ក៍បាន​ចូល​ទៅ​ក្នុងផ្ទះ និង​បាន​ឡើង​ទៅ​ជាន់​ទី​១​ហើយ​បាន​ឈរ​ទៅ​ក្បែរ​ជញ្ជាំង​ដែល​គេ​អះអាង​ថា ជន​នោះ​ប៉ង​លោត​សម្លាប់​ខ្លួន​។ នៅ​ព្រឹក​នោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍ និង​ទាក់ទង​ម្ចាស់​មក​ដើម្បី​បើកទ្វារ​ចូល​ទៅ​លួងលោម​ចាប់ខ្លួន​ជន​នោះ​នាំ​ទៅ​ប៉ុស្តិ៍​។ នៅ​ពេល​ដែល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​មាន​ក្មេង​ស្រី​ម្នាក់​បាន​សម្ងំ​លាក់ខ្លួន​នៅ​ក្នុងផ្ទះ​ទាំង​ភ័យ​ខ្លាច​។ នគរបាល​ក៏​បាន​បញ្ជូន​ជន​នោះ​ទៅ​មន្ទីរ​សង្គមកិច្ច​ដើម្បី​ផ្តាច់​គ្រឿងញៀន​៕