ស្ត្រី​សតិ​មិនល្អ​ម្នាក់​ជីករណ្តៅ​រួច​ចុះ​ក្នុង​រណ្តៅ​ចាក់​សាំង​ដុត​សម្លាប់​ខ្លួនឯង​

ខេត្តកំពង់ឆ្នាំង​៖ ស្ត្រី​ម្នាក់​មាន​ស្មារតី​មិនល្អ​តូចចិត្ត​មាន​ជម្ងឺ​ប្រចាំកាយ ព្យាបាល​មិនជា បាន​យក​សាំង​ចាក់​ដុត​ខ្លួនឯង​នៅក្នុង​រណ្តៅ​ចាស់​មួយ​កណ្តាលយប់​បណ្តាលអោយ​រលាក​ខ្លួន​ធ្ងន់ធ្ងរ​រហូតដល់​ស្លាប់​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោងជាង​១០​យប់​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​ត្រ​ពាំ​ព្នៅ ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។​

​លោក​អធិការនគរបាល​ស្រុក​កំពង់ត្រឡាច​បានអោយដឹង​ថា​៖ ស្ត្រី​ធ្វើ​អត្ត​ឃា​ខ្លួន​មានឈ្មោះ កឹម បុ​ន ភេទ​ស្រី អាយុ​២៧​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​ខាងលើ ។ នៅ​ថ្ងៃកើតហេតុ ប្តី​ស្ត្រី​រង​រងគ្រោះ​បាន​ដើរទៅ​ឆ្លុះ​កង្កែប ចំណែក​ប្រពន្ធ​នៅផ្ទះ​ម្នាក់ឯង ក៍បាន​ទៅ​ទិញ​សាំង​ចំនួន​កន្លះ​លីត្រ និង​បាន​ដើរទៅ​ក្រោយ​ផ្ទះ​ចុះទៅ​ក្នុង​រណ្តៅ​ចាស់​មួយ​ហើយ​បាន​យក​សាំង​ចាក់​ដុត​ខ្លួនឯង បណ្តាលអោយ​ឆេះ រលាក​រលួយ​ពេញ​ខ្លួន និង​មុខ ខណៈនោះ​ប្រជាពលរដ្ឋ​នៅ​ជិតខាង​បានចេញ​មកជួយ ហើយ​បាន​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យបង្អែក​ស្រុក​មក​ដឹក​យកទៅ​សង្គ្រោះ​។ ប៉ុន្តែ​ដោយសារ​សភាព​រលាក​ធ្ងន់ធ្ងរ ពេល​រថយន្ត​ពេទ្យ​មកដល់ ស្ត្រី​រងគ្រោះ​ក៏បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្តង​។​

​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​បានអោយដឹងថា​៖ ស្ត្រី​រូបនេះ​មាន​ជំងឺ​ប្រចាំកាយ និង​មាន​ស្មារតី​មិនល្អ ពេលខ្លះ​ដើរ​ច្រៀង រាំ​នៅក្នុង​ផ្ទះ​ម្នាក់ឯង ទោះជា​ក្រុមគ្រួសារ​ព្យាយាម​យកទៅ​ព្យាបាល​ជម្ងឺ​យ៉ាង​ក៍ដោយ ក៍​មិនជា​សះស្បើយ​ដែរ រហូតដល់​ថ្ងៃកើតហេតុ រូបនាង​បាន​ដុត​ខ្លួនឯង​រហូតដល់​ស្លាប់​តែម្តង ៕ រិ​ទ្ធិ ជ័យ​

KA-09-05-2016-01 KA-09-05-2016-02 KA-09-05-2016-03