កម្ពុជា​-​បារាំង​គ្រោង​រៀបចំ​ខួប​ដំណើរ​ទស្សនកិច្ច​របស់​ឧ​ត្ត​ម​សេនី​យ៍​សាល​ដឺ​ហ្គោល និង​ខួប​លើក​ទី​២៥​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស

កម្ពុជា​-​បារាំង​គ្រោង​រៀបចំ​ខួប​ដំណើរ​ទស្សនកិច្ច​របស់​ឧ​ត្ត​ម​សេនី​យ៍​សាល​ដឺ​ហ្គោល និង​ខួប​លើក​ទី​២៥​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស



ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៦ នៅ​ទីស្តីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ មាន​ជំនួប​រវាង​លោក ហ្ស​ង់​ខ្លូត Jean Claude POIMBOEUF ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​កម្ពុជា ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។

កិច្ចពិភាក្សា​នោះបាន​ផ្តោត​សំខាន់​ទៅលើ​គំនិត​ផ្តួចផ្តើម​របស់​ស្ថានទូត​បារាំង​ក្នុងការ​រៀបចំ​ពិធី​រំលឹក​ខួប​នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ធំៗ​ចំនួន​២​នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​បារាំង ដែលមាន​ខួប​លើក​ទី​៥០ ឆ្នាំ​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នៃ​អតីត​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង​ឧ​ត្ត​ម​សេនី​យ៍​សាល​ដឺ​ហ្គោល (Chales-de-Gaulle) និង​ខួប​លើក​ទី​២៥ ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​២៣ ខែតុលា​១៩៩១ ហើយ​ក្នុង​នោះ​ក៏​មាន​ពិធី​ផ្លាស់ប្តូរ​កំណត់​ទូត​ស្តី​ពី​ការអនុញ្ញាត​ឲ្យ​ភរិយា ឬ​ស្វាមី​អ្នកការទូត​នៃ​ប្រទេស​ទាំងពីរ​អាច​ធ្វើ​ការ​ងា​រ ដើម្បី​ទទួល​បាន​ប្រាក់កម្រៃ​ផងដែរ។

បន្ទាប់ពី​ចប់​ជំនួប​សវនាការ​នេះ​ដែរ​មានការ​ចុះហត្ថលេខា​លើ​កំណត់​ទូត​នៃ​ប្រទេស​ទាំងពីរ​ដែល​ភាគី​កម្ពុជា គឺ​ចុះហត្ថលេខា​ដោយ​លោក អ៊ុច បូរ​រិ​ទ្ធិ រដ្ឋលេខាធិការ​ក្រសួងការបរទេស​និង​ភាគី​បារាំង​ចុះហត្ថលេខា ដោយ​លោក ហ្ស​ង់​ខ្លូត Jean Claude POIMBOEUF ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​កម្ពុជា​។

លោក អ៊ុច បូរ​រិ​ទ្ធិ បាន​មាន​ប្រសា​ស​ន៏​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី​ជំនួប​នោះ​ថា កិច្ចពិភាក្សា​នោះ​បាន​ផ្តោត​សំខាន់​ទៅលើ​គំនិត​ផ្តួចផ្តើម​របស់​ស្ថានទូត​បារាំង​រៀបចំ​ពិធី​រំឭក​ខួប​ប្រវត្តិសាស្ត្រ​ធំៗ​ចំនួន​២​នៃ​ទំនាក់ទំនង​បារាំង​កម្ពុជា ហើយ​ការរៀបចំ​បែបណា​នោះ គឺ​ភាគី​ទាំងពីរ​កំពុង​ពិភាក្សាគ្នា ពីព្រោះ​បញ្ហា​នេះ​មិនមែន​ពាក់ព័ន្ធ​តែ​រវាង​កម្ពុជា និងបារាំង​នោះ​ទេ ដែល​មាន​បណ្តា​ប្រទេស​អាស៊ាន ជាពិសេស​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ជា​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស។

តាម​លោក អ៊ុច បូរ​រិ​ទ្ធិ បញ្ជាក់​ថា “​ដូចដែល​យើង​បាន​ដឹង​ហើយ​ថា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​២៣ ខែតុលា​១៩៩១ បាន​រួច​ចំណែក​ក្នុង​ការ​បញ្ចប់​សង្គ្រាម​នៅ​ប្រទេស​កម្ពុជា។ លោក​បញ្ជាក់​ថា ពិតមែន​ហើយ​ថា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ខ្មែរក្រហម​បាន​ធ្វើ​ពហិការ​មិន​ចូលរួម​ធ្វើការ​បោះឆ្នោត និង​បាន​វិលត្រឡប់​ទៅ​តស៊ូ​នៅ​តាម​ព្រំប្រទល់​តទៅទៀត​ក៏​ដោយ តែ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​បាន​ចូលរួម​ស្វែងរក​សន្តិភាព​ដល់ក​ម្ពុ​ជា ហើយ​ចំណុច​ដែល​យើង​ចង់​បញ្ជាក់​នោះ គឺ​អត្ថន័យ​រួម​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​២៣ ខែតុលា​១៩៩១ បាន​ធ្វើ​ឲ្យ​យើង​ទទួល​បានជា​ជំហានៗ ដើម្បី​បញ្ចប់​ជា​ស្ថាពរ​នៃ​ជម្លោះ និង​វិបត្តិ​នៅ​កម្ពុជា​យើង ជាពិសេស​ក្រោយពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស នយោបាយ​ឈ្នះៗ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើ​ឲ្យ​បងប្អូន​ខ្មែរក្រហម​បាន​វិល​ត្រឡប់​មក​រួមរស់​ជាមួយគ្នា​វិញ ហើយ​នេះ​ក៏​ជា​លើក​ទី​១​ដែរ ដែល​ប្រទេស​កម្ពុជា​យើង​ទទួល​បាន​សុខ​សន្តិភាព​នៅ​ទូទាំង​ប្រទេស​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា​”។

លោក អ៊ុច បូរ​រិ​ទ្ធិ បាន​អះអាង​ទៀត​ថា យើង​មិន​បកស្រាយ​អ្វី​វែងឆ្ងាយ​ទេ សំខាន់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​២៣ ខែតុលា​១៩៩១ ក៍​ដូចជា​ជ័យជំនះ និង​សមិទ្ធផល ដែល​ប្រជាជន និង​រាជរដ្ឋាភិបាល​ទទួល​បាន​ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស គឺ​ប្រទេស​កម្ពុជា​យើង​បាន​ឈាន​ជា​បណ្តើរ​ៗ​ក្នុង​ការ​ពង្រឹង ពង្រីក​ការអនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ផង និង​ពង្រឹង​ជំហរ​របស់​ខ្លួន​នៅក្នុង​ការអនុវត្ត​នីតិ​រដ្ឋ នា​របប​ពហុបក្ស ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​។

លោក​បញ្ជាក់​ថា “​បញ្ហា​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នេះ ក៏​ដូចជា​បញ្ហា​ផ្សេងៗ​ទៀត​មិនមែន​ជា​រឿង​ងាយស្រួល​ទេ ហើយ​មិន​អាច​ចង់បាន​២៤​ម៉ោង​បាន​នោះ​ទេ បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត ដូច​ស​សហរដ្ឋអាមេរិក​ជាដើម​រាប់​រយឆ្នាំ ទម្រាំ​ធ្វើ​បាន តែ​កម្ពុជា​រាប់​ម្រាមដៃ​ម្រាមជើង​មិនទាន់​គ្រប់​ផង ចឹ​ង​ប្រទេស​យើង​នៅ​ខ្ចី​ណាស់​”៕