លោក នេ​ត សាវឿន ព្រមាន​បញ្ជូនទៅ​តុលាការ ចំពោះ​មន្ត្រីនគរបាល​រូប​ណា​ហ៊ាន​ក្លែង​ឯកសារ​

​អគ្គស្នងការ​នគរបាល​ជាតិ​លោក នេ​ត សាវឿន ព្រមាន​ចាត់​វិធានការណ៍ ដោយ​បញ្ជូនទៅ​តុលាការ ចំពោះ​មន្ត្រីនគរបាល​រូប​ណា ដែល​ហ៊ាន​ប្រព្រឹត្ត​អំពើ​ក្លែង​ឯកសារ ដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់នៅ​ជាដើម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការគ្រប់គ្រង និង​បែងចែក​ប្រាក់ចំណូល​ពី​ការពិន័យ​អំពើ​ល្មើសច្បាប់​ចរាចរណ៍ នៅ​ថ្ងៃទី​៩​ខែឧសភា​នេះ​លោក នេ​ត សាវឿន មានប្រសាសន៍ថា មន្ត្រីនគរបាល​រូប​ណា ដែល​ហ៊ាន ក្លែង​ឯកសារ ត្រូវតែ​ទទួលទោស​តាមច្បាប់ ដោយ​មិនមាន​ការលើកលែង​ឡើយ​។​

​នៅមុខ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​លោក នេ​ត សាវឿន បាន​លើកយក​ករណី​មន្ត្រីនគរបាល​មាន​ឋានៈ​ជា​អនុប្រធាន​ប៉ុស្តិ៍​មួយរូប នៅ​ខណ្ឌមានជ័យ ដែល​បាន​បន្លំ​ធ្វើ​ត្រា​មូល និង​ត្រា​ឈ្មោះ​អធិការ​ក្លែង​ក្លែង ដើម្បី​ធ្វើ​សៀវភៅ​គ្រួសារ ជា​ថ្នូរ​នឹង​ប្រាក់​ចំនួន ៨០ ដុល្លារ​។ លោក​អគ្គស្នងការ បញ្ជាក់ថា នេះ​គឺជា​អំពើ​ល្មើសច្បាប់​ពេញទី​។ ដូច្នេះ​ត្រូវតែ​បញ្ជូនទៅ​តុលាការ ដោយ​មិនមាន​ការយោគយល់​អ្វី​នោះទេ​៕