កូរ៉េខាងជើង​នឹង​បន្ត​ពង្រឹងសមត្ថភាព​នុយក្លេអ៊ែរ​របស់ខ្លួន ដោយ​មិន​ខ្វល់​ពី​ទណ្ឌកម្ម

​កូរ៉េខាងជើង ដែល​កំពុង​រង​សម្ពាធ​ពី​អន្តរជាតិ​ក្នុង​រឿង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ នឹង​បន្ត​ពង្រឹងសមត្ថភាព​នុយក្លេអ៊ែរ​របស់ខ្លួន​ទាំង​គុណភាព និង​បរិមាណ ដើម្បី​ការពារ​ខ្លួន​ពី​ការវាយប្រហារ​របស់​ស​ត្រូវ​។ នេះ​គឺជា​សម្រេច​របស់​សមាជ​ដ៏​កម្រ​នៃ​បក្ស​ពលករ​កូរ៉េខាងជើង ដែល​ចាប់ផ្ដើម​តាំងពី​ថ្ងៃទី​៦ ខែឧសភា​។  

សូមស្ដាប់ព័ត៌មានលម្អិត៖

​ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េខាងជើង KCNA រាយការណ៍​ថា ក្រុង​ព្យុងយ៉ាង សម្រេចចិត្ត​បន្ត​អភិវឌ្ឍ​សមត្ថភាព​នុយក្លេអ៊ែរ ដើម្បី​ឆ្លើយតប​នឹង​ការគំរាមកំហែង​ពី​សំណាក់​សត្រូវ​។ ការសម្រេចចិត្ត​នេះ គឺធ្វើឡើង​ក្នុងពេល​សមាជ​របស់​ប​ក្ស​ពលករ​កូរ៉េខាងជើង ដែល​ទើបតែ​ធ្វើ​លើកទីមួយ​ក្នុង​រយៈពេល​ជិត​៤០​ឆ្នាំ​មកនេះ និង​ត្រូវ​បានអនុម័ត​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​មជ្ឈិមរ​បស់​បក្ស​នៅ​ថ្ងៃទី​៨ ខែឧសភា ដែលជា​ថ្ងៃទី​៣ នៃ​សមាជ​។​

​បើតាម​សារព័ត៌មាន​ដដែល កូរ៉េខាងជើង​បញ្ជក់​ថា ខ្លួន​នឹង​បន្ត​យុទ្ធសាស្ត្រ​ព្រមៗ​គ្នា ទាំង​ការកសាង​សេដ្ឋកិច្ច និង​ការកសាង​កម្លាំង​នុយក្លេអ៊ែរ ក៏ដូចជា​ពង្រឹងសមត្ថភាព​នុយក្លេអ៊ែរ​សម្រាប់​ការពារ​ខ្លួន ទាំង​គុណភាព និង​បរិមាណ ដរាបណា​ពួក​ចក្រពត្តិនិយម នៅតែ​បន្ត​ការ​គំរាម​ប្រើ​នុយក្លេអ៊ែរ និង​ការប្រើ​អំណាច​តាមចិត្ត​ទៀត​នោះ​។​

​ការប្រកាស​នេះ​បង្ហាញថា របប​ក្រុង​ព្យុងយ៉ាង ហាក់ដូចជា​មិន​ខ្វល់​នឹង​ទណ្ឌកម្ម​ដែល​ដាក់​សម្ពាធ​មកលើ​ខ្លួន​នោះទេ​។ មកទល់ពេលនេះ កូរ៉េខាងជើង​កំពុងតែ​រង​នូវ​ទណ្ឌកម្ម​ធ្ងន់ៗ​ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ ក្រោយពេល​ប្រ​ទស​នេះ​បន្តសកម្មភាព​ដ៏​គឃ្លើន​ក្នុង​ការបាញ់​សាកល្បង​អាវុធ​ជា​បន្តបន្ទាប់​នៅ​ថ្ងៃទី​០៦ ខែមករា និង​នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។

​យ៉ាងណាមិញ ព្រម​ជាមួយនឹង​ការប្រកាស​បន្ត​ពង្រឹងសមត្ថភាព​នុយក្លេអ៊ែរ កូរ៉េខាងជើង​ហាក់ដូច​ជា​បន្ទន់ឥរិយាបថរ​បស់​ខ្លួន​បន្តិច ដោយ​មេដឹកនាំ​ប្រទេស​នេះ លោក គីម ជុង​អ៊ុន បានប្រកាស​នៅ​ថ្ងៃទី​៧ ខែឧសភា​ថា ខ្លួន​នឹង​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ តែ​ក្នុងករណី​មានការ​គំរាម​លើ​អធិបតេយ្យ​របស់ខ្លួន​ប៉ុណ្ណោះ​។ លើសពីនេះ ទីភ្នាក់ងារ​ព័ត៌មាន KCNA បន្តថា កូរ៉េខាងជើង នឹង​បំពេញ​កាតព្វកិច្ច​ដោយស្មោះ​ត្រង់​សម្រាប់​ការមិនធ្វើ​សកម្មភាព​គំរាម​នុយក្លេអ៊ែរ និង​ខិតខំ​កាត់បន្ថយ​នូវ​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​ជា​សកល​ផងដែរ​។​

​ខុសពី​លើក​មុនៗ ការ​ប្រកាសថា ប្រើប្រាស់​នុយក្លេអ៊ែរ តែ​ក្នុងករណី​មានការ​គំរាម ទំនងជា​សញ្ញា​បង្ហាញថា ក្រុង​ព្យុងយ៉ាង​អាច​កំពុង​រង​ផលប៉ះពាល់​ពី​ទណ្ឌកម្ម​ធ្ងន់ៗ​របស់​អន្តរជាតិ​ដែល​ដាក់​លើ​ប្រទេស​នេះ បើទោះជា​ញឹកញយ ប្រទេស​នេះ​អះអាងថា ទណ្ឌកម្ម​មិនអាច​ធ្វើ​អ្វី​ខ្លួន​បាន​នោះទេ​។ ហើយ​គេ​មិនដឹង​ដែរ​ថា កូរ៉េខាងជើង នឹង​រក្សា​ជំហរ​របៀបនេះ​ដល់​ពេលណា​ដែរ ដ្បិត​របប​ដឹកនាំ​នេះ តែងមាន​ជំហរ​ប្រែប្រួល​ជានិច្ច​។  

​ទាក់ទង​នឹង​សមាជ​បក្ស​កម្រ​នេះដែរ ក្រៅពី​របៀបវារៈ​ទាក់ទង​នឹង​នុយក្លេអ៊ែរ គេ​រំពឹង​ដែរ​ថា ក៏​នឹង​លើក​ពី​ការរុះរើ​មន្ត្រីជាន់ខ្ពស់ និង មន្ត្រី​រដ្ឋាភិបាល ដែល​រាប់បញ្ចូល​ទាំង​សមាជិក​មជ្ឈិមបក្ស​ផងដែរ​នោះ​។ រដ្ឋាភិបាល​កូរ៉េខាងត្បូង ជឿថា សមាជ​លើក​នេះ គឺជា​ការប្រមូលផ្ដុំ​អំណាច​ទាំងមូល​មក​ក្នុង​កណ្ដាប់​មេដឹកនាំ​កំពូល គីម ជុង​អ៊ុន ដែល​ស្នង​តំណែង​ពី​ឪពុក​កាលពី​ឆ្នាំ​២០១១ កន្លងទៅ​៕