លោក ពូ​ទីន ចេញ​ច្បាប់​ដកតំណែង​តំណាងរាស្ត្រ​ដែល​ខ្ជិល​ចូលរួម​ប្រជុំ​

​ប្រមុខរដ្ឋ​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ចុះហត្ថលេខា​លើ​សេចក្តីព្រាងច្បាប់​មួយ​នៅ​សប្តាហ៍​មុន​ដើម្បី​អនុ​ញ្ញា​ឲ្យ​មានការ​ដកតំណែង​រាល់​សមាជិកសភា​ណា​ដែល​ខ្ជិល​ចូលប្រជុំ​សភា និង​កិច្ចប្រជុំ​គណកម្មាធិការ​សភា​។  វិធានការ​តឹងរ៉ឹង​នេះ​ត្រូវបាន​ដាក់ចេញ ដោយសារ​សមាជិកសភា​រុស្ស៊ី​ហាក់​បាត់បង់​វិន័យ និង​មិនមាន​វ​ត្តមាន​ក្នុង​កិច្ចប្រជុំ​សំខាន់ៗ​កន្លង​មក។​

​សេចក្តីព្រាងច្បាប់​ដកហូត​តំណែង​សមាជិក​ដែល​មិន​ចូលរួម​ប្រជុំ​ត្រូវបាន​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ចុះហត្ថលេខា​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​នៅ​ដើមខែ​ឧសភា​។ ការចុះហត្ថលេខា​នេះ​ធ្វើឡើង ក្រោយ​សភា​រុស្ស៊ី​អនុម័ត​សេចក្តីព្រាងច្បាប់​នៅ​ចុងខែ​មេសាកន្លងមកនេះ​។

​ច្បាប់​ថ្មី​នេះ ផ្តល់​សិទ្ធិអំណាច​ឲ្យ​រដ្ឋសភា​រុស្ស៊ី​អាចដកហូត​តំណែង​សមាជិកសភា ឌូ​ម៉ា ដែល​មិនបាន​បង្ហាញ​វត្តមាន​ក្នុង​កិច្ចប្រជុំ​សាមញ្ញ និង​កិច្ចប្រជុំ​គណកម្មាធិការ​ក្នុង​រយៈពេល ៣០​ថ្ងៃ ហើយ​មិនមាន​ហេតុផល​ត្រឹមត្រូវ​ដែល​អនុញ្ញាត​ដោយ​ច្បាប់​នេះ​។

​យោងតាម​សារព័ត៌មាន​រុស្ស៊ី RT  សមាជិកសភា​អាច​សុំ​អវត្តមាន​ក្នុង​កិច្ច​ប្រជុំបាន ក្នុងករណី​ពួកគេ​មាន​ហេតុផល​ត្រឹមត្រូវ​ដូច​មានកំណត់​ក្នុង​ច្បាប់​។ ហេតុផល​អាច​សុំ​អវត្តមាន​បាន​នោះ​មានដូចជា បងប្អូន​ស្លាប់​,  ឈឺ​, ជាប់​បេសកម្ម​ក្នុង​ក្របខណ្ឌ​សភា​ឌូ​ម៉ា និង​ហេតុផល​ជាក់លាក់​មួយចំនួនទៀត​ដូចជា​ការពន្យារពេល​ជើងហោះហើរ និង​មាន​បញ្ហា​បន្ទាន់​នៅផ្ទះ​។ បើ​គ្មាន​មូលហេតុ​រឹងមាំ​ទេ ពួកគេ​មិនអាច​សុំច្បាប់​បានឡើយ​។​

​សេចក្តីព្រាងច្បាប់​នេះ​ត្រូវ​រៀបចំឡើង​និង​ត្រូវ​បានដាក់​ឲ្យ​សភា​ជជែក​ដេញដោល​គ្នា​ក្នុង​សភា ដោយ​គណបក្សប្រឆាំង​ដែលមាន​និន្នាការ​កណ្តា​លម្អៀង​ឆ្វេង Fair Russia កាលពី​ខែកក្កដា​ឆ្នាំមុន ហើយ​ទើបត្រូវ​សភា​អនុម័ត​ចុងខែ​មេសា​កន្លងមកនេះ​។  សមាជិក​គណបក្ស​ខាងលើ Oleg Nilov បាន​រៀបរាប់ថា ការសម្រេច​ស្នើសុំ​ឲ្យ​មានការ​អនុម័ត​ច្បាប់​នេះ​ដោយសារតែ​វា​ជា​វិធាន​ការល្អ​ដែល​អាចធ្វើ​ឲ្យ​មនុស្ស​មិនមាន​ការទទួលខុសត្រូវ​និង​ខ្ជិលច្រអូស​រាងចាល​។ ហើយ វា​ក៏​ជា​ឧទាហរណ៍​មួយ​សម្រាប់​សមាជិកសភា​ផ្សេងទៀត​ដែល​ចូលមក​កាន់អំណាច​ពេល​ក្រោយ​។ ពួកគេ​នឹងមិន​ហ៊ាន​ខ្ជិលច្រអូស​និង​ធ្វើតាម​សមាជិកសភា​ដែល​ត្រូវគេ​បណ្តេញចេញ​និង​ដកហូត​តំណែង​ឡើយ​។​

គេ​ដឹងថា ការកំណត់​ច្បាប់​នេះ ជា​វិធានការ​មួយ​ដែល​ជួយ​លើកកម្ពស់​វិន័យ​សមាជិកសភា​រុស្ស៊ី ដែល​កន្លងមក​ហាក់​ខ្ជិលច្រអូស​មិនសូវ​បាន​ចូលរួម​ប្រជុំ ទោះ​កិច្ចប្រជុំ​ធម្មតា​ឬ​ប្រជុំ​គណកម្មាធិការ​ក្តី​។

​តាមពិតទៅ ការបាត់​មុខ​ពី​កិច្ចប្រជុំ​របស់​សមាជិក​សភា នេះ​កើតឡើង​តាំងពី​យូរ​មកហើយ ហើយ​វា​ក៏ត្រូវ​បាន​គេ​លើក​យកមក​ពិភាក្សាគ្នា​តាំងពី​ឆ្នាំ ២០១០​ម្ល៉េះ នៅពេលដែល​លោក Dmitry Medvedev នៅ​ជា​ប្រធានាធិបតី​។ កាលនោះ​លោក Medvedev បានបង្ហាញ​ការ​ភ្ញាក់​ផ្អើ​ខ្លាំង​នៅពេល​លោក​ចូលរួម​ក្នុង​កិច្ចប្រជុំសភា តែ​សមាជិកសភា​ភាគច្រើន​អវត្តមាន​ទៅវិញ ហើយ​លោក​ក៏​ស្នើ​ឲ្យ​សភា​ឌូ​ម៉ា​ចាត់វិធានការ​ឆ្លើយតប​ស្ថានការណ៍​បែបនេះ​ដែរ​។ លោក​ថា​៖«​ខ្ញុំ​ភ្ញាក់ផ្អើល​ខ្លាំង​នៅពេលដែល​ឃើញថា​សមាជិកសភា​ដែល​ត្រូវ​ប្រជាជន​បោះឆ្នោត​ឲ្យ​បំពេញ​ភាគ​កិច្ច​ប្រហែល ១០ ទៅ ១៥ ភាគរយ​បាត់​មកពី​កិច្ចប្រជុំ​។ ពួកគេ​គួរតែ​ចូលរួម​។ បើសិន​ពួកគេ​ចូលចិត្ត​ដើរលេង គេ​គួរតែ​រក​កន្លែង​ផ្សេងទៀត​»៕