គ្រោះរាំងស្ងួត​៖​សម្តេច ហ៊ុន សែន បារម្ភ​ពី​ជីវិត​សត្វ​ស្លាប​កម្រ​

​ក្រៅពី​បារម្ភ​ថា គ្រោះរាំងស្ងួត​អាច​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​មនុស្ស និង​សត្វពាហនៈ សម្តេចនាយក​រដ្ឋមន្ត្រី ក៏​បារម្ភ​ថា គ្រោះរាំងស្ងួត​នេះ នឹង​ប៉ះពាល់​ដល់​ជីវិត​សត្វ​ស្លាប​មួយចំនួនធំ​ដែរ​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ថែមទាំង​បានស្នើ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​ថែរក្សា និង​អភិរក្ស​សត្វ​ស្លាប​កម្រ​នៅ​កម្ពុជា​ទៀតផង​។  

​ខណៈ​គ្រោះរាំងស្ងួត កំពុងតែ​វាយ​តាម​បណ្តា​ខេត្ត​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា ដែល​បាន​បណ្តាល​ឲ្យ​តំបន់​មួយចំនួន​ប្រឈម​នឹង​ការខ្វះ​ទឹក​ប្រើប្រាស់​ផង​នោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​ក៏​បារម្ភ​ចំពោះ​ជីវិត​សត្វ​ស្លាប​ប្រភេទ​កម្រ​នៅ​កម្ពុជា​។ ទន្ទឹមនឹង​ក្តីបារម្ភ​នេះ  សម្តេច ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​អភិរក្ស​សត្វ​ស្លាប​កម្រ​នៅ​កម្ពុជា​។ 

​តាមរយៈ​សំណេ​ខ្លី​នៅ​ថ្ងៃទី​៩​ខែឧសភា​នេះ នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន សម្តេច​បាន​សរស​រយ៉ា​ង​នេះ​ថា​៖«​ទោះបី​ក្នុងស្ថានភាព​បែបណាក៏ដោយ សូម​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​ថែរក្សា​ការពារ​ប្រភេទ​ពូជ​សត្វ​ស្លាប​ដ៏​កម្រ​ទាំងនេះ​។ សូមកុំ​ប្រមាញ់ ឬ​ដាក់​ថ្នាំ​បំពុល​យក​សត្វ​ស្លាប​ទាំងនេះ មក​ទទួលទាន ឬ​ធ្វើ​អាជីវកម្ម​»​។ 

​ប្រមុខ​រដ្ឋាភិបាល បាន​គូស​បញ្ជាក់ទៀតថា សត្វ​ស្លាប​ដ៏​កម្រ​ទាំងនេះ មិន​ត្រឹមតែ​សម្បត្តិ​ធនធានធម្មជាតិ​ដ៏​មានតម្លៃ សម្រាប់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​នឹង​ទាក់ទាញ​ទេសចរ​បរទេស​មក​ទ​ស្សនា​កម្ពុជា​ទៀតផង ដូចជា​នៅ​បឹង​ពារាំង ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប​ជាដើម​។

​ទាក់ទង​នឹង​គ្រោះរាំងស្ងួត​នេះដែរ នៅ​ថ្ងៃទី​៨​ខែឧសភា ពី​ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ខួប​លើក​ទី​១៥៣ សម្តេច ហ៊ុន សែន ក៏បាន​ប្រកាស​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ឲ្យ​ខិតខំ​ជីក​ស្រះ​បន្ថែម និង​ស្តារ​ស្រះ​ចាស់ៗ ព្រមទាំង​ជីក​អណ្តូងទឹក​ជម្រៅ​ជ្រៅ​បន្ថែមទៀត ដើម្បី​ទប់ទល់​គ្រោះរាំងស្ងួត​នៅ​ឆ្នាំនេះ និង​ការពារ​គ្រោះរាំងស្ងួត​នៅ​ឆ្នាំក្រោយៗ​ទៀត​។ 

​ដ្បិត​គ្រោះរាំងស្ងួត​នៅ​ឆ្នាំនេះ មិនទាន់​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ប៉ុន្តែ​បានធ្វើ​ឲ្យ​សត្វ គោក្របី សត្វ​ស្វា និង​សត្វព្រៃ​មួយចំនួនទៀត​ងាប ព្រមទាំង​មច្ឆជាតិ​រាប់​តោន​ក្បាល​ពុល​ងាប់​ជា​បន្តបន្ទាប់​៕