ក្រិ​ក​អនុម័ត​គោលនយោបាយ​ពន្ធ​ថ្មី ស្របពេល​មាន​បាតុកម្ម​ប្រឆាំង​ការ​ត្បិតត្បៀត​

​សភា​ក្រិ​ក​បានអនុម័ត​ច្បាប់​ពន្ធ​ថ្មី​មួយ ស្រប​ពេលដែល​ក្រុម​ប្រជាជន​ក្រិ​ករាប់​ម៉ឺន​នាក់​នាំគ្នា​ប្រមូល​ផ្តុំគ្នា​នៅ​ទីក្រុង​អាថែន​ដើម្បី​ប្រឆាំង​ការអនុម័ត​គោលនយោបាយ​កែទម្រង់​ប្រព័ន្ធ​ពន្ធអាករ​និង​សោធន​និវត្ត ដែលជា​ផ្នែក​មួយ​នៃ​វិធានការ​ត្បិតត្បៀត​និយម​។ ចលនា​បាតុកម្មអហិង្សា​នោះបាន​ផ្លាស់ប្តូរ​ទៅជា​ហិង្សា ហើយ​អាជ្ញាធរ​បានសម្រេច​ប្រើប្រាស់​កម្លាំង​ដើម្បី​បំបែក​បាតុករ​ថែមទៀត​។​

​ចុងក្រោយ​សភា​ក្រិ​ក​នៅតែ​បោះឆ្នោត​គាំទ្រ​គោលនយោបាយ​កំណែទម្រង់​ប្រព័ន្ធ​ពន្ធអាករ​និង​សោធន​និវត្ត​ដ៏​ចម្រូងចម្រាស​នៅ​ថ្ងៃអាទិត្យ​ទី ៩​ខែឧសភា​ម្សិល​មិ​ល​នេះ​។ ការអនុម័ត​នេះ​ធ្វើឡើង​ស្របពេល​ដែល​ចលនា​បាតុកម្ម​និង​កុប្បកម្ម​ផ្ទុះឡើង​នៅ​ទីក្រុង​អាថែន និង​ទីក្រុង​ផ្សេងទៀត​ផងដែរ​។

​ដោយសារ​ប្រជាជន​ច្រើន​នាំគ្នា​បាតុកម្ម កងកម្លាំង​សន្តិសុខ​និង​ប៉ូលិស​បានសម្រេច​ប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែក​ក្រុមបាតុករ​ផងដែរ​។ ប្រជាជន​ប្រហែល ១៨០០០​នាក់​នាំគ្នា​ប្រមូលផ្តុំ​គ្នា​នៅក្នុង​ទីក្រុង​អាថែន និង ៨០០០​នាក់​ផ្សេងទៀត​នៅក្នុង​ទីក្រុង Thessaloniki ។​

​មុន​មានការ​បោះឆ្នោត​ក្នុង​សភា​ជា​ផ្លូវការ លោក នាយករដ្ឋមន្ត្រី​ក្រិ អា​ឡិច​ស៊ី​ស ត្ស៊ី​ប្រាស (Alexis Tsipras) បាន​ថ្លែង​រៀបរាប់​និង​ជំរុញ​ឲ្យ​សមាជិកសភា​ទាំងអស់​គាំទ្រ​គោលនយោបាយ​កែទម្រង់​នេះ​ផងដែរ​។ បច្ចុប្បន្ន គណបក្សកាន់អំណាច Syriza របស់លោក អា​ឡិច​ស៊ី​ស ត្ស៊ី​ប្រាស កាន់កាប់​អាសនៈ​ភាគច្រើន​ពោលគឺ ១៥៣ ក្នុងចំណោម​អាសនៈ​ទាំងអស់ ៣០០ ។  លោក​បាន​ពន្យល់ថា ការ​បង្រួម​ប្រព័ន្ធ​សោធន​និវត្ត​ក្នុងប្រទេស​ក្រិ​ក​ជា​វិធីសាស្ត្រ​មួយ​ដែល​សំខាន់បំផុត​ដែល​អាច​ទប់ស្កាត់​ការដួលរលំ​នៃ​ប្រព័ន្ធ​សេដ្ឋកិច្ច​ក្រិ​កនៅ​ប៉ុន្មាន​ឆ្នាំ​ទៀត​ខាងមុខ​ផងដែរ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន  AFP  ការអនុម័ត​គោលនយោបាយ​ថ្មី​ដ៏​ចម្រូងចម្រាស​នេះ រួមមាន​ទាំង​ការកែទម្រង់​ប្រព័ន្ធ​សោធន​និវត្ត និង​ដំឡើង​ពន្ធ​សម្រាប់​អ្នក​ដែលមាន​ចំណូល​មធ្យម និង​ចំណូល​ខ្ពស់​ផងដែរ​។ គេ​ដឹង​ច្បាស់​ថា អនុវត្ត​គោលនយោបាយ​កំណែទម្រង់​នេះ​ត្រូវអនុម័ត​ឡើង​ដើម្បី​បំពេញចិត្ត ម្ចាស់បំណុល​សហភាព​អឺរ៉ុប​និង​អង្គការ​រូបី​យ​វត្ថុ​អន្តរជាតិ​។​

​សម្រាប់​ប្រជាជន​ក្រិ​ក ការអនុម័ត​នយោបាយ​ថ្មី​ដែល​គាំទ្រ​ការ​ត្បិតត្បៀត​នេះ កំពុងតែ​ធ្វើ​ឲ្យ​ពួកគេ​រងបន្ទុក​កាន់តែ​ធ្ងន់ធ្ងរ និង​ក្លាយជា​ជនរងគ្រោះ​ផងដែរ​។ ប៉ុន្តែ​វា​ជា​រឿង​ចៀស​មិនបាន​ព្រោះ វិធាន​ការដែល​រដ្ឋាភិបាល​ក្រិ​ក​កំពុង​ដាក់ចេញ​គឺជា​វិធី​តែមួយគត់​ដើម្បី​ទទួលបាន​កញ្ចប់​លុយ​៩៥​ពាន់​លាន​ដុល្លារ ដែលមាន​កំណត់​ក្នុង​កិច្ចព្រមព្រៀង​ដែល​ដាក់ចេញ​កាលពី​ខែកក្កដា​ឆ្នាំមុន​ដោយ​សហភាព​អឺរ៉ុប​និង​អង្គការ​រូបី​យ​វត្ថុ​អន្តរជាតិ​។

​បញ្ហា​ដែល​កើតមានឡើង​ស្រាប់​នៅ​ក្រិ​ក​ពេលនេះ គឺ​ឱនភាព​នៃ​ថវិកា ហើយ​ក្រិ​ក​នេះ​ក៏​កំពុង​ប្រ​វ៉េ​ប្រ​វ៉ា​ប្រឹង​សងបំណុល​គេ​។ តែ​អង្គការ​រូបី​យ​វត្ថុ​អន្តរជាតិ​ជឿជាក់ថា វា​មិនមែនជា​រឿង​សាមញ្ញ​ទេ ហើយ​វា​ក៏​មិន​ស្ថិត​ស្ថិរ​ដែរ​សម្រាប់​ក្រិ​ក​។  នៅ​ថ្ងៃ​ចន្ទ​ទី ៩ ឧសភា​នេះ ម្ចាស់បំណុល​អឺរ៉ុប​នឹង​ប្រជុំ​ត្រួត​ពិនិត្យមើល​លទ្ធផល​ដែល​ក្រិ​ក​សម្រេចបាន​កន្លងមក និង​ជជែក​គ្នា​ពី​វិធាន​ការដែល​ត្រូវ​ដាក់ចេញ​ដើម្បី​ជួយ​សម្រួល​បំណុល​ក្រិ​ក​ពេលខាងមុខ​ផង​៕