បេក្ខជន​ពូកែ​ខាង​ដាក់​«​ទណ្ឌកម្ម​» Duterte អាច​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​ហ្វីលីពីន​ទេ​?

​នៅ​ថ្ងៃ​ចន្ទ ទី​០៩ ខែឧសភា​នេះ ប្រទេស​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហ្វីលីពីន​ដែលជា​រដ្ឋ សំបូរ​ទៅដោយ​កោះ​ដែលមាន​ភូមិសាស្ត្រ​ស្មុគស្មាញ បានរៀបចំ​ការបោះឆ្នោត​ដើម្បី​ជ្រើសរើស​ប្រ​ធានា ធិបតី​ថ្មី​សម្រាប់​ដឹកនាំ​ប្រទេស​រយៈពេល​៦​ឆ្នាំ បន្ត​ពី​លោក​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ ប៊ែ​រ​នី​ណូ អា​ហ្គី ណូ​។ បេក្ខជន​ប្រាំ​នាក់ បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​តំណែង​នេះ ដែល​ក្នុងនោះ​មានមតិ​មួយ​បាន​លើក ពី​ការព្រួយបារម្ភ​នៅពេល​បេក្ខជន​លេចធ្លោ​ជាងគេ​លោក រ៉ូ​ដ្រី​ហ្គូ ដឺ​ទើ​ទេ​(Rodrigo Duterte )​កាន់តំណែង​។

​ប្រជាជន​ហ្វីលីពីន​ប្រមាណ​៥៥​លាន​នាក់​នៃ​ចំនួន​ប្រជាជន​សរុប​១០០​លាន​នាក់ បាន​ចូលរួម​ការបោះឆ្នោត​ប្រធានាធិបតី​ថ្មី ដែល​នឹងត្រូវ​ដឹកនាំ​ប្រទេស​រយៈពេល​៦​ឆ្នាំ ជំនួស​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ ប៊ែ​រ​នី​ណូ អា​ហ្គី ណូ ដែល​មិនអាច​ប្រកួតប្រជែង​នៅក្នុង​អាណត្តិ​បន្ទាប់​ទៀត​បានទេ​ដ្បិត​មានការ​ហាមឃាត់​ពី​រដ្ឋធម្មនុញ្ញ​។ បញ្ហា​ប្រឈម​ធំ​ដែល​ប្រធានាធិបតី​ថ្មី ត្រូវ​ដោះស្រាយ​ពេល​កាន់តំណែង​រួមមាន ការកែទម្រង់​សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ  ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​និង​បទល្មើស និង​បញ្ហា​អធិបតេយ្យ​ជាមួយនឹង​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។

១. មាន​បញ្ហា​ប្រឈម​មួយចំនួន​កើតមុន​ពេល​បោះឆ្នោត​
​តាមពិតទៅ​ការបោះឆ្នោត​របស់​ហ្វីលីពីន​នៅថ្ងៃនេះ មិន​ត្រឹមតែ​ជាការ​បោះឆ្នោត​ប្រធានាធិបតី និង​អនុ ប្រធានាធិបតី​នោះទេ តែ​វា ក៏​រាប់បញ្ចូល​ទាំង​ការបោះឆ្នោត​ជ្រើស​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ហ្វីលីពីន​ផងដែរ​។ មុននឹង​ឈាន​មកដល់​ថ្ងៃ​បោះឆ្នោត​នេះ មាន​បញ្ហា​មិន​ប្រក្រតី​មួយចំនួន​បានកើត​ឡើង​។ បញ្ហា នោះ​គឺ​ការប្រើ​អំពើហិង្សា និង​ឃាតកម្ម​។​

​ក្នុងអំឡុងពេល​នៃ​ការធ្វើ​យុទ្ធនា​ការបោះឆ្នោត យ៉ាងណា​ស់មាន​ពលរដ្ឋ​១៥​នាក់​បាន​ស្លាប់ ដោយសារតែ​ហិង្សា​ដែល​ទាក់ទង​នឹង​ការបោះឆ្នោត​ដែល​ក្នុងនោះ​រាប់បញ្ចូល​ទាំង​បេក្ខជន​អភិបាលក្រុង​ម្នាក់​ដែល​ត្រូវបាន​គេ​បាញ់សម្លាប់​នៅ​ចំពោះមុខ​ក្រុមគ្រួសារ​របស់លោក​កាលពី​សៅរ៍​កន្លងទៅ​។ ហើយ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ក៏មាន​ការបាញ់ប្រហារ​ពី​ក្រុម​ខ្មាន់កាំភ្លើង​មួយក្រុម​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​៧​នាក់​ស្លាប់ និង​ច្រើន​នាក់​ផ្សេងទៀត​របួស នៅមុន​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​នៃ​ការចាប់ផ្តើម​ដំណើរការ​បោះឆ្នោត​។

២. តើ​បេក្ខជន​ណាខ្លះ បាន​ឈរឈ្មោះ​ប្រកួតប្រជែង​តំណែង​ប្រធានាធិបតី​?
​ក្នុង​ព្រឹត្តិការណ៍​នៃ​ការបោះឆ្នោត​ជ្រើស​ប្រធានាធិបតី​ទី​១៦ របស់​ហ្វីលីពីន មាន​បេក្ខជន​ប្រាំ​រូប​ដែល​មួយចំនួន​ជា​ខ្សែស្រឡាយ​របស់​អតីត​មេដឹកនាំ​ហ្វីលីពីន បាន​ចូលរួម​ប្រកួតប្រជែង​ក្នុងនោះ​រួមមាន​លោក Rodrigo Duterte លោកស្រី Grace Poe លោក Mar Roxas លោក Jejomar Binay និង លោកស្រី Miriam Defensor-Santiago ។ ក្នុងអំឡុងពេល​នៃ​យុទ្ធនាការ​បោះឆ្នោត លោក Duterte ដែលជា​សមាជិក​បក្ស PDP-Laban ត្រូវបាន​មើលថា​ជា​បេក្ខជន​ដែល​ទទួលបាន​ការគាំទ្រ​នាំមុខ​ដែល​នឹង​អាចឈាន​ទៅកាន់​តំណែង​ប្រធានាធិបតី​ថ្មី​ហ្វីលីពីន​ផងដែរ​។ តាម​ប្រព័ន្ធ​បោះឆ្នោត​ហ្វីលីពីន បេក្ខជន​ណា ដែល​ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាងគេ​ពី​ប្រជាជន នឹង​ឈ្នះ ។

​លោក Rodrigo Duterte គឺជា​អ្នកនយោបាយ​ដំបូង​ហើយ​ដែល​មកពី​កោះ​មិន​ដា​ណាវ​ដែលជា​ជម្រក​ក្រុម​ឧទ្ទាម​ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​តំណែង​ប្រធានាធិបតី​នេះ​។ លោក Rodrigo Duterte គឺជា​អតីត​រដ្ឋអាជ្ញា និង​ជា​អភិបាលក្រុង Davao នៃ​កោះ​មិន​ដា​ណាវ​អស់​រយៈពេល​២២​ឆ្នាំ​មកហើយ​។ តាមរយៈ ការដឹកនាំ​របស់ លោក​ប្រជាជន​បានដាក់​ឈ្មោះ​ក្រៅ​មួយ​ទៀតថា «​អ្នក​ដាក់ទណ្ឌកម្ម​»​។

៣. បើ​លោក Duterte  ពិត​អាច​ទទួលបាន​ជ័យជម្នះ​មែន លោក​មាន​គោលនយោបាយ​សំខាន់​អ្វីខ្លះ​?
​លោក​អភិបាលក្រុង Rodrigo Duterte ដែល​សារព័ត៌មាន​មួយចំនួន​ប្រៀបធៀប​លោក​ដូច​ទៅនឹង​បេ​ក្ខ ជន​ប្រធានាធិបតី​បក្ស​សាធារណៈរដ្ឋ​អាមេរិក​លោក Donald Trump បាន​ទាក់ទាញ​ការចាប់អារម្មណ៍ ពី​ប្រជាជន​ហ្វីលីពីន​តាមរយៈ​គោលនយោបាយ​របស់លោក​។ សម្រាប់​គោលនយោបាយ​ជាតិ លោក Duterte បាន​សន្យាថា ពេល​លោក កាន់តំណែង លោក នឹង​លុបបំបាត់​អំពើពុករលួយ និង​ការជួញដូរ គ្រឿងញៀន ក្នុង​រយៈពេល​តែ​៦​ខែ​ប៉ុណ្ណោះ​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាង​នេះ នោះ​គឺ លោក សន្យា ថា​នឹងមាន ការសម្លាប់​រង្គាល ពោលគឺ​លោក​នឹង​សម្លាប់​ជនល្មើស​ជាង​១​ម៉ឺន​នាក់ ហើយ​យក​សាក សព​ទាំងនោះ​ទៅ​ឲ្យ​ត្រី​ស៊ី​តែម្តង​។​គោលនយោបាយ​នេះហើយ​បានធ្វើ​ឲ្យ​មតិ​ភាគច្រើន​ហៅ​លោ​កថា​ជា​មេដឹកនាំ​ដ៏​គួរ​ឲ្យ​គ្រោះថ្នាក់ និង​ជា «​អ្នក​ដាក់ទណ្ឌកម្ម​»​។​

​សម្រាប់​គោលនយោបាយ​ការបរទេស ជាពិសេស​លើ​ចំណុចរសើប​សមុទ្រ​ចិន​ខាងត្បូង លោក Duterte បាន​អះអាងថា លោក ចង់ លុបចោល​កិច្ចព្រមព្រៀង​ដែល​អនុញ្ញាត​ឲ្យ​ទ័ព​អាមេរិក​ចូលមក​ធ្វើ​សមយុទ្ធ យោធា ហើយ​លោក សួរ​ការប្តេជ្ញាចិត្ត​រប​ស់​អាមេរិក​ក្នុងការ​ការពារ​ប្រទេស​ក្នុង​ជម្លោះដែនសមុទ្រ​ជាមួយ​ចិន​។ លោក នៅតែ​ចាត់ទុក​តំបន់​ជម្លោះ​ទាំងនោះ ថា​ជា​កម្មសិទ្ធិ​របស់​ហ្វីលីពីន​ដដែល តែ​លោក មិន​ធ្វើសង្គ្រាម​ជាមួយនឹង​ចិន​នោះទេ​។​

​ក្នុង​ក្រសែភ្នែក​វិភាគ​យល់ឃើញ​ថាបើ​លោក Rodrigo Duterte ទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​មែន នោះ​របប​ផ្តាច់កា​រអា​ចនឹង​វិល​ត្រលប់ ហើយ ទំនាក់ទំនង​ជាមួយនឹង​សម្ព័ន្ធមិត្ត​ចាក់ទឹក មិន​លិច​ជាមួយនឹង​អាមេរិក ក៏​ត្រូវបាន​ប្រេះឆា​ដែរ​៕