ពុទ្ធបរិស័ទ​​ស្នើ​សុំ​​ អធិការកិច្ច​ក្រសួង​ធម្មការ​ និង​សាសនា​ បើក​ការ​ស៊ើបអង្កេត​ព្រះចៅ​អធិការ​វត្ត អូរត្រេះ

ពុទ្ធបរិស័ទ​​ស្នើ​សុំ​​ អធិការកិច្ច​ក្រសួង​ធម្មការ​ និង​សាសនា​ បើក​ការ​ស៊ើបអង្កេត​ព្រះចៅ​អធិការ​វត្ត អូរត្រេះ



ព្រះសីហនុ​ ៖​ មាន​ការ​ចោទប្រកាន់​ជាច្រើន​ ក៏ដូចជា​ការ​លេច​ឮ​ថា ​ព្រះចៅ​អធិការ​វត្ត​អូរត្រេះ​ស្ថិត​ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បាន​យក​លុយ​ជាច្រើន​របស់​វត្ត ដែល​ជា​លុយ​បាន​មក​ពី​ការ​ធ្វើ បុណ្យទាន​ផ្សេងៗ ​នៅ​ក្នុង​វត្ត​ យក​ទៅ​ធ្វើការ​សាងសង់​ផ្ទះ​ដ៏​ស្កឹមស្កៃ​ចំនួន​២​កន្លែង នៅ​ក្បែរ​វត្ត​ឲ្យ​ញោម​ធម៌​ របស់​ព្រះអង្គ​ឈ្មោះ​លោក យាយ គឿន (​អ្នកលក់​អង្ករ​)​ជា​ផ្នូរ នឹង​ទំនាក់ទំនង​ស្នេហា​ជាមួយ​កូន​ធម៌​របស់​លោក​យាយ​ម្នាក់​ឈ្មោះ​ស្រី​ពេជ្រ។

ជាមួយ​នឹង​ការ​ចោទប្រកាន់ បែបនេះ​ពុទ្ធបរិស័ទ​ជាច្រើន ​ដែល​រស់នៅ​ក្បែរ​ៗ​វត្ត​ បាន​អំពាវនាវ ទៅដល់ មន្ត្រី​អធិការកិច្ច​ក្រសួង​ធម្មការ និង​សាសនា ចុះ​មក​ធ្វើ​ការ​ស៊ើប​អង្កេត​ជាបន្ទាន់ ជៀសវាង ការ​ចោទ​ប្រកាន់​នេះ បង្ក​ផល​ប៉ះពាល់​​ដល់​ភាព​ថ្លៃថ្នូរ​លើ​វិស័យ​ព្រះពុទ្ធសាសនា។

ប្រភព​​​បាន​បញ្ជាក់​ថា​ ប្រាក់​ ដែល​ព្រះចៅ​អធិការ​វត្ត​អូរ​ត្រេះខាង​លើ​នេះ​ យកទៅ​សាងសង់​ផ្ទះ​ឲ្យ ញោម​ធម៌​យាយ​ឈ្មោះ យាយ គឿន ហៅ​យាយ​លក់​អង្ករ​ និង​ស្រី ពេជ្រ គឺជា​លុយ​បានមក ពី​​ការ​ស្រោច​ទឹក ធ្វើ​ខ្សែ​គាថា ទស្សន៍ទាយ​ឲ្យ​ពុទ្ធបរិស័ទ និង​លុយ​បច្ច័យ បាន​ពី​ការ​ធ្វើបុណ្យ ក្នុង​វត្ត​ផ្សេងៗ។ បច្ចុប្បន្ន​ផ្ទះ​ចំនួន​២​កន្លែង​ខាងលើ ត្រូវ​បាន​ដាក់​ជួល​ឲ្យ​ជនបរទេស ចំនួន​មួយ​ កន្លែង ក្នុង​តម្លៃ​៥០០​ដុល្លារ​ក្នុង​មួយ​ខែ ហើយ​កំពុង​មាន​គម្រោង​សាងសង់​ផ្ទះ​មួយ​ល្វែង​បន្ថែម​ទៀត​ផង​ដែរ។ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​ គឺ​ព្រះចៅ​អធិការ​អង្គ​នេះ​ បាន​ធ្វើ​ខ្លួន​ជា​មនុស្ស​ អាថ៌កំបាំង​កម្រិត​ខ្ពស់ សូម្បីតែ​រថយន្ត​ក៏​មិន​ទិញ​ជិះ​ផង ដែល​ការពិត​ភាព​សាមញ្ញ​របស់​ព្រះអង្គ គឺ​ដើម្បី​ឲ្យ​ពុទ្ធបរិស័ទ​មានជំនឿ​ថា “​ព្រះអង្គ​ស្អាតស្អំ​” តែ​ធាតុពិត មិន​ដូចជា​ការ​គិត​នោះ​ឡើយ។

ជុំវិញ​ការ​ចោទប្រកាន់​ខាង​លើ​នេះ ​ព្រះចៅ​អធិការ​វត្ត អូរត្រេះ​ ព្រះនាម មាស សុផល បាន​ធ្វើការ​​បដិសេធ​ថា អ្វីដែល​ជា​ការ​ចោទ​ទាំងអស់​ខាងលើ វា​​​​​មិន​ពិត​នោះ​ទេ ពីព្រោះ​ព្រះអង្គ មិន​មាន​លុយ​ឯណា ទៅ​សាងសង់​​ផ្ទះ​នោះ​ដែរ​ គឺ​មានតែ​លុយ​សម្រាប់​​​ការសាងសង់​ និង​អភិវឌ្ឍន៍​ក្នុង​វត្ត​តែ ប៉ុណ្ណោះ។ ព្រះអង្គ​បាន​មាន​សង្ឃដីកា​ថា ការចោទប្រកាន់​នេះ​គឺ​ជា​ទង្វើ ច្រណែន​ឈ្នានីស​នេះ នឹង​ព្រះ ដោយ​ឃើញ​ព្រះអង្គ ​មាន​ពុទ្ធបរិស័ទ ចូលចិត្ត​ច្រើន។ ដូចនេះ រាល់​ការចោទប្រកាន់​ព្រះអង្គ​មិន​ខ្វល់​នោះ​ឡើយ ពី​ព្រោះ​ព្រះអង្គ​យល់​ថា មាសសុទ្ធ មិន​ខ្លាច ភ្លើង​នោះទេ៕
ពុទ្ធបរិស័ទ​​ស្នើ​សុំ​​ អធិការកិច្ច​ក្រសួង​ធម្មការ​ និង​សាសនា​ បើក​ការ​ស៊ើបអង្កេត​ព្រះចៅ​អធិការ​វត្ត អូរត្រេះ