បើក​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង​រេ​ពេញ​ផ្លូវ ​រថយន្ត​មក​ពី​ក្រោយ​កៀរ​ដួល​របួស​ធ្ងន់

បើក​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង​រេ​ពេញ​ផ្លូវ ​រថយន្ត​មក​ពី​ក្រោយ​កៀរ​ដួល​របួស​ធ្ងន់



ពោធិ៍សាត់​ ៖​ បុរស​ម្នាក់​ស្រវឹង​យ៉ាង​ជោកជាំ ហើយ​​ជិះ​ម៉ូតូ​ម្នាក់ឯង ដល់​កន្លែង​ស្ងាត់​ ក៏​ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​បើក​ប៉ះទង្គិច​ដួល​ម៉ូតូ​រង​របួស​ធ្ងន់ធ្ងរ ​កាលពី​វេលា​​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​​​ថ្ងៃ​ទី​០៨ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ​ត្រង់​ចំណុច​អាង​បង្ហៀរ​ទឹក​រលាប ក្នុង​ភូមិ​សង្កាត់​រលាប ក្រុង​ពោធិ៍សាត់។

លោក​អ៊ុន ហូ មេ​ប៉ុស្តិ៍​មូលដ្ឋាន​សង្កាត់​រលាប​​​បាន​ឲ្យ​ដឹង​ថា ​៖ ​ជនរងគ្រោះ​ជួប​ឧប្បត្តិហេតុ​នេះ​ឈ្មោះ​ជិន សុភា អាយុ​៤៧​ឆ្នាំ រស់​នៅ​ភូមិ​ឆ្លងកាត់ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់​។ មុនពេល​កើតហេតុ​បុរស​នេះ​បាន​ស្រវឹងស្រា​ជោកជាំ ហើយក៏​បាន​ជិះ​ម៉ូតូ​សេ​១២៥​ ពណ៌​ខ្មៅ​មួយគ្រឿង​ម្នាក់ឯង លើផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ​ត​ភ្ជាប់​ពី​ក្រុង​ពោធិ៍សាត់​ទៅ​ស្រុក​ភ្នំក្រវាញ។ ពេល​ដែល​មកដល់​ចំណុច​រាង​ស្ងាត់​បន្តិច​ត្រង់​ភូមិ​សាស្ត្រ​ខាងលើ ក៏​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង មិន​ស្គាល់​ភិនភាគ បាន​បើក​ស្រប​ទិស​គ្នា​មក​តាម​ក្រោយ។ ពេល​នោះ​បុរស​នេះ​បើក​ស្ថានភាព​ស្រវឹង​រេ​ពេញ​ផ្លូវ​ផង ក៏​​ព្យាយាម​គេច​ តែ​មិន​ផុត​ ​​ក៏​ត្រូវ​​រថយន្ត​ប៉ះទង្គិច​នឹង​ផ្នែក​ចំហៀង​ម៉ូតូ​ខាងឆ្វេង រួម​ទាំង​ប៉ះ​បុរស​នោះ​ផង​បណ្ដាល​ឲ្យ​ដួល​ច្រងាប់ច្រងិល​ម្នាក់ឯង​ជាមួយ​ម៉ូតូ​រង​របួស​ធ្ងន់ធ្ងរ។ ចំណែក​​​រថយន្ត​នោះ​បើក​គេច​បាត់។ លុះ​មួយសន្ទុះ​ទើប​អ្នកដំណើរ​ឆ្លងកាត់​តំបន់​នេះ​ដែរ​​​ ហៅ​សមត្ថកិច្ច​ និង​ក្រុមគ្រួសារ​ជនរងគ្រោះ ដឹក​យក​ទៅ​សង្គ្រោះ រួច​​ផុតពី​សេចក្តីស្លាប់​តែម្ដង។

នគរបាល​ទី​នោះ​បាន​បន្ថែម​ថា​ ៖ ​វត្ថុតាង​ម៉ូតូ​បាន​ប្រគល់​ឲ្យ​គ្រួសារ​ជនរងគ្រោះ​យក​ទៅ​ផ្ទះ​វិញ​​ ព្រោះ​រថយន្ត​បង្ក​​បាន​គេច​បាត់​ហើយ។ ចំពោះ​មូលហេតុ​នេះ​ឧប្បត្តិហេតុ​នេះ​ ដោយសារ​តែ​បុរស​​នោះ​ស្រវឹង​បើកបរ​រេ​ពេញ​ផ្លូវ ស្រប​ពេល​អ្នក​បើក​រថយន្ត​នោះ​មក​ពីក្រោយ​ប្រើប្រាស់​ល្បឿន​លឿន​​ ហើយ​មិន​យោគយល់​​ចំពោះ​បុរស​ ដែល​​កំពុង​បើកបរ​​ក្នុង​ស្ថានភាព​ស្រវឹង​ផង ​ក៏​ប៉ះទង្គិច​គ្នា​របួស​បែបនេះ​តែម្ដង៕
​​