ឆក់​ទូរស័ព្ទ​គេ​មិន​បាន​សម្រេច ត្រូវ​ជាប់​ខ្នោះ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៧​និង​៣០ ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ទល់មុខ​ធនាគារ​ABA  ស្ថិត​ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា មាន​ជនសង្ស័យ​២​នាក់ បាន​ឆក់​ទូរស័ព្ទ​ពី​គូសង្សារ​មួយគូ​មិន​បាន​សម្រេច ត្រូវ​ជាប់​ខ្នោះ ។ តាម​ចម្លើយ​ពី​ជនសង្ស័យ​ទាំង​ពីរ​បាន​សារភាព​ថា  នៅ​ពេល​ល្ងាច​ពួក​គេ​ទាំង​ពីរ​នាក់ នាំ​គ្នា​អង្គុយ​ផឹកស៊ី នៅ​ម្ដុំ​ភោជនីយដ្ឋាន​យ៉ាង​ចូ​វ ផ្លូវ​ព្រះ​មុនី​វង្ស ។ បន្ទាប់​ពី​ផឹកស៊ី​អស់​លុយ ក៏​បាន​នាំ​គ្នា​យក​កាង​ម៉ូតូ​ទៅ​បញ្ចាំ​បាន​លុយ ២៥.០០០​រៀល ដើម្បី​យក​មក​ទិញ​ស្រា​ផឹក​បន្ត ពេល​ជិះ​ម៉ូតូ​តាម​ផ្លូវ ខាង​មុខ​សាលា ACE ក៏​បានឃើញ​ក្មេង​ស្រី​ម្នាក់​កាន់​ទូរ​សព្ទ័ ហើយ​បែកគំនិត​ប្រុង​ឆក់ តែ​ម្នាក់​ទៀត​មិន​ហ៊ាន ស្រប​ពេល​ដែល​ម៉ូតូឌុប ជិះ​បាំង​ពីមុខ​ផង​ក៏​ធ្វើ​ដំណើរ​ហួស​ទៅ ។

នៅ​ពេល​ដែល​រូបគេ​ទាំង​ពីរ​នាក់​ធ្វើ​ដំណើរ​ដល់​ផ្លូវ​ព្រះ​មុនី​វង្ស ក៏​បានឃើញ​ប្រុស​ម្នាក់​ស្រី​ម្នាក់​ឈរ​ក្បែរ​គ្នា ហើយ​ខាង​ស្រី​បាន​ដក​ទូរស័ព្ទ​ម៉ាក Iphone មក​ចុច ពួក​គេ​ឃើញ​ឳ​កាស​ល្អ ក៏​បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​ឆក់​បាន​សម្រេច​តែ​ម្ដង ។ ក្រោយ​ពេល​ឆក់​ទូរស័ព្ទ​បាន​ពួក​គេ ក៏​បាន​បើក​ម៉ូតូ​រត់គេច​មក​ដល់​ផ្លូវ​៩៣ កែង​នឹង​ផ្លូវ​២១៤  តែ​ដោយសារ​ស្ទះផ្លូវ​ខ្លាំង​ពេក ឃើញ​សភាព​ដូច​នោះ​ប្រជាពលរដ្ឋ ស្រែ​កថា​ចោរ​ៗ ស្រប​ពេល​ដែល​កម្លាំង​កងរាជអាវុធហត្ថ​នៅ​ក្បែរ​នោះ បាន​ជិះ​ដេញ​តាម​ពួក​គេ ហើយ​ពួក​គេ​ភ័យ​ខ្លាំង​ពេក​បណ្ដាល​ឲ្យ​ទាក់​ដៃចង្កូត​ម៉ូតូ​ផ្សេង​ទៀត​ដួល ក៏​សមត្ថកិច្ច​សង្កាត់​បឹង​ព្រលិត​ចាប់​បាន​ម្នាក់ និង​ម្នាក់​ទៀត​រត់គេច​ត្រូវ​ជាប់​ក្នុង​កណ្ដាប់ដៃ​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មក​រា ។

ជនសង្ស័យ​ទាំង​ពីរ​នាក់​ទី​១.​ឈ្មោះ គួ​ច សៀវ​ភីង ភេទ ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ បុគ្គលិក នៅ​សណ្ឋាគារ​ធី​ហាវ ផ្នែក​សំអាត មាន​ទីលំនៅ ផ្ទះ​លេខ​១៥០​អឺ​សូន្យ ផ្លូវ​លេខ​៦៣ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ០២.​ឈ្មោះ ផុ​ន ចាន់ធូ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ម្ដុំ​សង់​លី​ហ្សេ ខណ្ឌចំការមន ។ វត្ថុ​តាង​ដកហូត មាន ម៉ូតូ​០១ គ្រឿង​ម៉ាក​Suzuki Lets ពណ៌​ស បិទ​ស្កុ​ត​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BZ-6214 ។ ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ទូរស័ព្ទ​មិន​ដាក់​ពាក្យបណ្ដឹង​ទេ ជនសង្ស័យ​ទាំង​ពីរ​ត្រូវ​សមត្ថកិច្ច​បញ្ជូន​បន្ត​ទៅ​កាន់ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕