ឧត្ដមសេនីយ៍ទោ​មាស ស៊ុំ ​ដឹកនាំ​នាយ​ទាហាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក​វរសេនីយ៍ឯក​ម៉ឺន សុខា

ឧត្ដមសេនីយ៍ទោ​មាស ស៊ុំ ​ដឹកនាំ​នាយ​ទាហាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក​វរសេនីយ៍ឯក​ម៉ឺន សុខា



កំពង់ធំ ​៖​ ​លោក​ឧត្ដមសេនីយ៍ទោ​ មាស ស៊ុំ មេបញ្ជាការ​រង​យោធភូមិភាគ​ទី​៤ និង​ឧត្ដមសេនីយ៍ត្រី សោម ស៊ុន ​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ បាន​ដឹកនាំ​នាយទាហាន​ក្រោម​ឱវាទ​ទៅ​បំពាក់​ឋានន្តរសក្ដិ​ថ្នាក់​វរសេនីយ៍ឯក ជា​កិច្ច​បច្ឆាមរណៈ​ និង​គោរព​វិញ្ញាណក្ខន្ធ​លោក​វរសេនីយ៍ឯក ម៉ឺន សុខា នៅ​គេហដ្ឋាន ​ភូមិ ធន​មោង ឃុំ​កំពង់ថ្ម ស្រុក សន្ទុក ខេត្តកំពង់ធំ កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែ​ឧសភា ​ឆ្នាំ​២០១៦។

លោក​វរសេនីយ៍ឯក ម៉ឺន សុខា​ នាយរង​សេនាធិការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ បន្ទាប់ពី​ធ្លាក់ខ្លួន​ឈឺ​អស់​មួយ​រយៈពេល​ ចុងក្រោយ ក៏​បាន​មរណភាព​នៅ​វេលា​ម៉ោង​២​យប់​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៦​ ដោយ​រោគាពាធ។ លោក​មាន​អាយុ​៥៦ ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព​នៅ​ឆ្នាំ​១៩៧៩ មាន​អាយុកាល​បម្រើ​ក្នុង​វិស័យ​កងទ័ព​៣៧​ឆ្នាំ ​ដើម្បី​ការពារ​ជាតិ​មាតុភូមិ។

លោក​ឧត្ដមសេនីយ៍ត្រី​ សោម ស៊ុន បាន​សម្តែង​ការ​សោកស្តាយ​ ដោយ​អារម្មណ៍​ក្ដុកក្ដួល​ ក្នុង​ចិត្ត ខណៈ ពេល​ដែល​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​បាត់បង់ លោក​វរសេនីយ៍ឯក ម៉ឺន សុខា ជា​ថ្នាក់ដឹកនាំ​ដ៏​ឆ្អើម​មួយ​រូប គឺជា​យុទ្ធ​មិត្ត​មួយ​រូប​ មាន​ចរិត​ស្លូតបូត​រួសរាយ​រាក់ទាក់ និង​ស្មោះត្រង់​ចំពោះ​ជាតិ ​សាសនា ​ព្រះមហាក្សត្រ។ លោក​ត្រូវបាន​ថ្នាក់ដឹកនាំ និង​មិត្ត​រួម​ការងារ​គ្រប់រូប​ស្រឡាញ់​រាប់អាន​គ្រប់ៗ​គ្នា​នៅ​ក្នុង​ តែ​ពេលនេះ មិត្ត​រួម​ការ​ងារ​គឺ​ពិតជា​មានការ​អាឡោះអាល័យ​និង សោកស្ដាយ​ក្រែង​លែង គាត់​លា​យើង​ហើយ លា​រហូត លា​គ្មាន​ថ្ងៃ​ជួប​វិញ​ខ្ញុំ​សូម​គោរព និង​ដុត​ធូប​បួងសួង​សូម​ឲ្យ​វិញ្ញាណក្ខន្ធ​អ្នក​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ។

​ក្នុងឱកាស​នោះដែរ ​លោក​​ឧត្ដមសេនីយ៍ត្រី សោម ​ស៊ុន មេ​បញ្ជាការ​តំបន់​សឹក​រង​កំពង់ធំ ​បាន​នាំ​យក​នូវ​បច្ច័យ​ជា​ថវិកា​​របស់​យោធិន​ក្នុង​អង្គភាព​ ដែល​បាន​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​ចំនួន 3.365.000៛ និង​អង្ករ​ចំនួន 100​គីឡូក្រាម ផងដែរ៕