Roberto Carlos សរសើរ​ Beckham ពូកែ​ស៊ុត​ Free Kick ជាង​គាត់

​អតីត​កីឡាករ​ឆ្នើម​របស់​ជម្រើស​ជាតិ​ប្រេស៊ីល​លោក​ Roberto Carlos បាន​និយាយ​ថា​គាត់​នៅ​តែ​បន្ត​ការ​ហ្វឹក​ហាត់​ទាត់​ Free Kick ជា​រៀង​រាល់ ប៉ុន្តែ​លោក​បាន​និយាយ​ថា​គាត់​នៅ​តែ​មិន​អាច​ធ្វើ​បាន​ល្អ​ដូច​ជា​អតីត​មិត្ត​រួម​ក្រុម​នៅ​ក្លឹប​ Real Madrid គឺ​ David Beckham បាន​ឡើយ​ ។

លោក​ Roberto Carlos បច្ចុប្បន្ន​មាន​វ័យ​៤២​ឆ្នាំ​ទៅ​ហើយ​នោះ​កំពុង​តែ​ធ្វើ​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​ Delhi Dynamos នៅ​ក្នុង​ក្រប​ខណ្ឌ​ India Super League ( ISL )។

ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​លើ​សារព័ត៌មាន​ Sport 360 លោក​ Roberto Carlos បាន​និយាយ​ថា​ « ខ្ញុំ​តែង​តែ​ហាត់​ទាត់​ Free Kick ជា​រៀង​រាល់​ថ្ងៃ​ ។ តាម​ពិត​សម្រាប់​វ័យ​៤២​ឆ្នាំ​ដូចជា​ខ្ញុំ​មិន​សាក​សម​ធ្វើ​បែប​នេះ​ទៀត​ទេ​ ប៉ុន្តែ​ខ្ញុំ​ចង់​បង្ហាញ​ប្រជាជន​ឥណ្ឌា​អំពី​ Roberto Carlos ដ៏​អស្ចារ្យ​ ។ ខ្ញុំ​តែង​តែ​ហ្វឹក​ហាត់​ទាត់​ Free Kick នេះ​៧​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ ហើយ​វា​ក្លាយ​ជា​កំណត់​ត្រា​ប្រចាំ​ថ្ងៃ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ » ។

លោក​បាន​បន្ថែម​ថា​ « Beckham មាន​ជំនាញ​ទាត់​ Free Kick ល្អ​ជាង​ខ្ញុំ​ ខ្ញុំ​ចូល​ចិត្ត​មើល​គាត់​​ទាត់​ Free Kick ហើយ​គាត់​បាន​បង្ហាញ​ថា​ការ​ទាត់​ Free Kick មិន​មែន​ដោយ​សារ​តែ​កម្លាំង​ជើង​ខ្លាំង​មួយ​មុខ​នោះ​ទេ​ តែ​ត្រូវ​ការ​តិចនិក​ខ្ពស់​ » ។

ទោះ​យ៉ាង​ណា​ Roberto Carlos បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​ការ​ប្រកប​អាជីព​នៅ​ក្រប​ខណ្ឌ​ ISL ផង​ដែរ​ ។ ដោយ​លោក​បាន​រៀប​រាប់​ថា « ខ្ញុំ​រីករាយ​និង​អាជីព​នៅ​ទី​នេះ​ ខ្ញុំ​នឹង​ព្យាយាម​ជួយ​កីឡាករ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ហើយ​ខ្ញុំ​និង​បង្ហាញ​ពិភព​លោក​ថា​ឥណ្ឌា​ក៏​អាច​ធ្វើ​បាន​ល្អ​នៅ​ក្នុង​ការ​ប្រកួត​បាល​ទាត់​ដែរ​ » ៕

សូម​ទស្សនា​វីដេអូ​នៃ​ការ​ទាត់​  Free Kick ដ៏​អស្ចារ្យ​របស់​  Carlos និង​ Beckham ទាំង​អស់​គ្នា​ ៖

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ