មេ​ប៉ូលិស​ស្រុក​ខ្មែរ​ព្រមាន​បក​ស័ក្តិ​និង​បញ្ជូន​ទៅ​តុលាការ

រាជធានី​ភ្នំពេញ ៖ អគ្គស្នងការ​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ លោកនាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤ នេ​ត សា​វឿ​ន បាន​ប្រកាស​ចាត់វិធានការ​ចំពោះ​មន្ត្រី​នគរបាល​រូប​ណា​ដែល​ហ៊ាន​ក្លែង​ឯកសារ​ខុសច្បាប់​ដូច​ជា សៀវភៅ​គ្រួសារ និង​អត្តសញ្ញាណប័ណ្ណ ។​ល​។ ត្រូវ​ទទួលទោស​តាម​ច្បាប់ ដោយ​មិន​មានការ​លើកលែង​ឡើយ ។

លោក​មេ​ប៉ូលិស​ថ្លែង​ខាងលើ​បែប​នេះ​នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៦ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​លេខ ០០៩​សណ​ន របស់​ក្រសួងមហាផ្ទៃ ស្តី​ពី​វិធានការ​គ្រប់គ្រង​និង​បែងចែក​ប្រាក់​ចំណូល​ពី​ការ​ពិន័យ​អន្តរកាល​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​។

បើ​តាម​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន «​នៅ​រាជធានី​ភ្នំពេញ​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ មាន​អនុប្រធាន​ប៉ុស្តិ៍​មួយ​រូបនៅ​ខណ្ឌមានជ័យបាន​ទៅ​ធ្វើ​ត្រា​មូល​ និង​ ត្រា​ឈ្មោះ​អធិការ​ក្លែងក្លាយ ទៅ​ធ្វើ​សៀវភៅ​គ្រួសារ យក​លុយ​៨០​ដុល្លារ​ ។ ការ​ហ៊ាន​ធ្វើ​ក្លែងក្លាយ​បែប​នេះ ​គឺជា​បទល្មើស​ពេញទី ដូច្នេះ​ត្រូវ​បញ្ជូន​ទៅ​តុលាការ គ្មាន​ការ​យោគយល់​អ្វី​នោះ​ទេ​» ៕