​កម្ពុជា មាន​ស្ត្រីកើត​​ជំងឺ​មហារីក​ស្បូន​ច្រើន​ជាងគេ​នៅ​អាស៊ីអាគ្នេយ៍

កម្ពុជា​ បាន​ក្លាយ​ជា​ប្រទេស​មាន​ស្ត្រី ​កើត​ជំងឺ​មហារីកមាត់​​ស្បូន​ច្រើន​ជាងគេបំផុតនៅ​​អាស៊ី​អាគ្នេយ៍ ខណៈលេខ​ ២ បាន​លើ មីយ៉ាន់ម៉ា តាម​ពី​ក្រោយ​ដោយ ថៃ ឥណ្ឌូណេស៊ី ប្រ៊ុយណេ ហ្វីលីពីន ម៉ាឡេស៊ី ទីម័រខាងកើត ឡាវ វៀតណាម និង​សិង្ហបុរី។ នេះជា​ការ​ធ្វើ​បទ​បង្ហាញ​របស់លោក ​វេជ្ជបណ្ឌិត ប៉ិច សុធី កាល​ពី​​ថ្មីៗ​នេះ។ ​

 

​កម្ពុជា មាន​ស្ត្រីកើត​​ជំងឺ​មហារីក​ស្បូន​ច្រើន​ជាងគេ​នៅ​អាស៊ីអាគ្នេយ៍សាស្ត្រាចារ្យវេជ្ជបណ្ឌិត ប៉ិច សុធី

 

ប្រធាន​គ្លីនិក​សម្ភព​សោភារូប​នេះ បាន​ឱ្យទៀត​​ដឹង​​ថា កំណើន​នេះ​បណ្ដាល​មក​ពី ភាព​យឺតយ៉ាវ​នៃ​ការ​ផ្ដល់​វ៉ាក់សាំង​ និង​ ចំណេះ​ដឹងផ្នែក​​មហារីក​មាត់​ស្បូន របស់​ប្រជាជន​កម្ពុជា​នៅ​មាន​កម្រិត។

 

“ការ​ផ្ដល់​វ៉ាក់សាំង​ យើង​ទើបតែ​មាន ទើប​តែ​ធ្វើ មិន​ទាន់​ទូលំទូលាយ ដូច​វ៉ាក់សាំង​ដទៃទេ ទី១។ ទី២ ដោយសារការ​យល់​ដឹង​ផ្នែក​មហារីក​មាត់ស្បូន​ របស់​ប្រជាជន​​យើង​ទូទៅ​នៅ​មាន​កម្រិត។ អ៊ីចឹង​ហើយ​ធ្វើ​ឱ្យ​ការ​មក​ទទួល​សេវា​ ក្នុង​ការ​ស្រាវជ្រាវ​រក​មហារីក​មាត់​ស្បូន​នៅ​មាន​កម្រិត…ដូច្នេះ​បើ​ការ​ស្រាវជ្រាវ​ រក​ដំណាក់​កាល​ដំបូង​ យើង​ធ្វើ​មិន​បាន​ដិតដល់​ទេ ​ធ្វើ​ឱ្យ​ការ​ឆ្លង​មាន​កម្រិត​ខ្ពស់”។ ​ ​

 

លោក​វេជ្ជបណ្ឌិបន្ត​ថា  ស្ត្រី​អាយុ ៩ ឆ្នាំ ជា​វ័យ​ល្អ​បំផុត ក្នុង​ការ​ទទួល​វ៉ាក់សាំង​ ការពារ​ជំងឺ​មហារីក​មាត់ស្បូន។ ចំណែក​ស្ត្រី​​មាន​គ្រួសារ​ហើយ ក៏​នៅ​អាច​មាន​ឱកាសទទួល​​​​វ៉ាក់សាំង​ ប្រកប​ដោយ​​​ប្រសិទ្ធភាព។

 

​កម្ពុជា មាន​ស្ត្រីកើត​​ជំងឺ​មហារីក​ស្បូន​ច្រើន​ជាងគេ​នៅ​អាស៊ីអាគ្នេយ៍សាស្ត្រាចារ្យ ​វេជ្ជបណ្ឌិត ឯក ម៉េងលី

 

ចំណែកសាស្ត្រាចារ្យ ​វេជ្ជបណ្ឌិត ឯក ម៉េងលី ប្រធាន​ផ្នែក សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរ​សម្រាក​ព្យាបាល​លុច្ស​ ក៏​បាន​លើក​ឡើងដែរ​​ថា ប្រពៃណី និង​ ភាព​ខ្មាសអៀន នៅ​តែ​ជា​បញ្ហា ដែល​បណ្ដាល​ឱ្យ​ស្ត្រី មិន​ហ៊ាន​ទៅ​​ប្រឹក្សា​យោបល់ ជាមួយ​គ្រូពេទ្យ ដើម្បី​ពិនិត្យ​មើល​ឡើយ។

 

“…ចំពោះ​ស្ត្រី​ខ្មែរ! គាត់​ទាល់​តែ​ឈឺ ទើប​គាត់​ទៅ​រក​ពេទ្យ អត់​ឈឺ​ទៅ​​មក​រក​​ទេ ព្រោះ​តែ​ភាព​ខ្មាសអៀន។ អ៊ីចឹង​​សូម​ឱ្យ​ផ្លាស់ប្ដូរ សូម​លោក​ទឹក​ចិត្ត​ស្ត្រី កុំ​មាន​ការ​ខ្មាសអៀន ចាប់​ពី​រួមភេទ​បាន​២​ឆ្នាំ​ទៅ គាត់​ត្រូវ​ធ្វើ​ការ​ស្វែង​រក យាយ​ទៅ​លើក​ទឹកចិត្ត​ឱ្យ​គាត់​​ស្វែង​រក​ ដើម្បី​​ព្យាបាល​ឱ្យ​ទាន់​ពេល​វេលា…”។

 

ចំពោះ​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​វិញ លោក​វេជ្ជបណ្ឌិត ប៉ិច សុធី ថ្លែង​ថា ថ្នាំ​វ៉ាក់សាំង​ការពារ​មហារីក​មាត់​ស្បូន នៅ​មិន​ទាន់​កំណត់​ជា​វ៉ាក់សាំង​ថ្នាក់​ជាតិ​ទេ ប៉ុន្តែ​វ៉ាក់សាំង​នេះ ប្រជាពលរដ្ឋ​មាន​នៅ​​សម្ភព ឬ​គ្លីនិក​​ឯកជន ដែល​មាន​​​ផ្ដល់​​វ៉ាក់សាំង​ជំងឺ​នេះ។

 

ផ្អែក​តាម​គេហទំព័រ Hpvcentre.net ផ្សាយ​ថ្ងៃ​ទី ២៣ ធ្នូ ឆ្នាំ ២០១៥ កម្ពុជា​​​ មាន​​ស្ត្រី​ ៥,៤៥ លាន​នាក់ ហើយ​​ស្ត្រី​​អាយុ ១៥ ឆ្នាំ​ និង​ច្រើន​ជាង​នេះ កំពុង​រងគ្រោះ​ដោយ​ការ​វិវត្តន៍ នៃ​ជំងឺ​មហារីក​មាត់​ស្បូន។ ​ថ្មីៗ​នេះ ​គេ​រក​ឃើញ​ថា ស្ត្រីកម្ពុជា ១ ៥១២ នាក់​ មានផ្ទុក​​ជំងឺ​មហារីក​មាត់​ស្បូន ហើយ​ស្ត្រី ៧៩៥ នាក់​ បាន​ស្លាប់​ជារៀងរាល់​ឆ្នាំ។ ជំងឺ​មហារីក​មាត់​ស្បូន ជាប់​ចំណាត់​ថ្នាក់​លេខ ១ ក្នុង​ចំណោម​ជំងឺ​​មហារីក ​កើត​មាន​លើ​ស្ត្រី​នៅ​​កម្ពុជា និង​ជាប់​លេខ ១ ក្នុង​ចំណោម​មហារីក​ កើត​លើ​ស្ត្រី​អាយុ​ចន្លោះ​ពី ១៥ ឆ្នាំ ដល់ ៤៤ ឆ្នាំ។

 

ជំងឺ​មហារីក​មាត់​ស្បូន ជាប់​ចំណាត់​ថ្នាក់​លេខ​ ២ លើ​ពិភពលោក ក្នុង​ចំណោម​ជំងឺ​មហារីក​ផ្សេងៗ​លើ​ពិភពលោក។ លើ​ពិភពលោក រាល់​២នាទី​ម្ដង ស្ត្រី​ម្នាក់​បាន​ស្លាប់ ហើយរាល់​ឆ្នាំ ស្ត្រី​ប្រមាណ ២៣០ ០០០នាក់ កើត​ជំងឺ​នេះ និង​ស្ត្រី ២៦៦ ០០០ បាន​ស្លាប់។ ជំងឺ​នេះ បាន​កើត​លើ​​ស្ត្រីភាគច្រើន ​រស់​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍។ ចង់​ដឹង​ថា ជំងឺ​នេះ​កើត​ដោយសារ​អ្វី សូមចុច​ត្រង់​នេះ!

 

អត្ថបទ៖ អ៊ុំ សុភក្តិ