ជប៉ុន​ផ្តល់ជំនួយ​ជួសជុល​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​

ការបើកការដ្ឋានជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តនឹងសម្ពោធបើកការដ្ឋានជួសជុលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ នេះហើយ ក្រោមការជួយជ្រោមជ្រែងពីប្រទេសជប៉ុន ។

ជប៉ុន​ផ្តល់ជំនួយ​ជួសជុល​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​

នេះជាការកៀងគររកជំនួយហិរញ្ញវត្ថុនិងបច្ចេកទេសសម្រាប់ការពារជួសជុលនិងអភិរក្សឡើងវិញនូវប្រាង្គប្រាសាទនិងអភិវឌ្ឍរមណីយដ្ឋានអង្គរប្រកបដោយចីរភាពគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពាររមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ (International coordinating committee for the safeguarding and development of the historic site of angkor “ICC-ANGKOR”) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ដែលមានប្រទេសជប៉ុននិងបារាំងជាសហប្រធាន ។ ជាបន្តបន្ទាប់មានប្រទេសជាច្រើនបានស្ម័គ្រចិត្តចូលរួមក្នុងកិច្ចការសង្គ្រោះនិងអភិរក្សប្រាង្គប្រាសាទក្នុងតំបន់ឧទ្យានអង្គរ ។ ប្រទេសជប៉ុនក៏បានចូលរួមយ៉ាងសកម្មដែរដោយមានរដ្ឋាភិបាលនិងស្ថាប័នផ្សេងៗមួយចំនួនបានមកបំពេញកិច្ចការក្នុងឧទ្យានអង្គរដើម្បីជួសជុលប្រាង្គប្រាសាទមួយចំនួនក្នុងនោះសាកលវិទ្យាល័យសូហ្វីយ៉ាក៏បានមកធ្វើការជួសជុលអភិរក្សប្រាសាទបន្ទាយក្តីកំណាយស្រាវជ្រាវនៅស្ថានីយ៍ឡតានីនិងលើកនេះជួសជុលស្ពាន ហាលខាងលិចប្រាសាទអង្គរវត្តទៀត ។

ជប៉ុន​ផ្តល់ជំនួយ​ជួសជុល​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​

ស្ពានហាលខាងលិចប្រាសាទអង្គរវត្តមានប្រវែង ១៩០ ម៉ែត្រ ទទឹង ១១,៦០ ម៉ែត្រនិង កម្ពស់ ៤ ម៉ែត្រសាងពីថ្មបាយក្រៀមក្រាលដោយកម្រាលថ្មភក់ឮនិងលម្អដោយ បង្កាន់ដៃនាគយ៉ាងល្អឯកគឺជាច្រកចូលដ៏សំខាន់របស់ប្រាសាទអង្គរវត្ត ។

នៅក្នុងអំឡុងទសវត្សទី៦០ សាលាបារាំងចុងបូព៌ាដែលមានតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការអភិរក្សតំបន់អង្គរសម័យនោះបានជួសជុលស្ពាននេះមួយចំហៀងខាងត្បូងរួចរាល់ជាស្ថាពរ ។ ចំណែកចំហៀងខាងជើងមានប្រវែង ១៩០ ម៉ែត្រ ទទឹង ៥,៥ ម៉ែត្រ ទៀតគឺមិនទាន់បានជួសជុលទេ ។ នៅឆ្នាំ១៩៩៦ អាជ្ញាធរជាតិអប្សរាសហការជាមួយសាកលទ្យាល័យសូហ្វីយ៉ានៃប្រទេស ជប៉ុន ដែលដឹកនាំដោយលោកសាស្ដ្រា ចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីហ្សាវ៉ា បានបន្តកិច្ចការជួសជុលលើចំណែកដែលនៅសេស សល់បានមួយកំណាត់ប្រវែង ៩០ ម៉ែត្រទៀតដែលចំណាយពេលអស់ ១២ ឆ្នាំ ដោយថវិកាជំនួយរបស់រដ្ឋាភិបាលជប៉ុននិងថវិកាជាតិតាមរយៈអាជ្ញាធរជាតិអប្សរា ។

ជប៉ុន​ផ្តល់ជំនួយ​ជួសជុល​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​

នៅក្នុងជំនួបកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ជាមួយឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកសាស្ដ្រាចារ្យ យូស៊ីអាគី អ៊ីស៊ីហ្សាវ៉ាបានលើកឡើងពីគម្រោងជួសជុលស្ពានហាលក្នុងដំណាក់កាលទី២ ជាបន្តទៀតដោយភាគីជប៉ុននឹងផ្ដល់អ្នកជំនាញការបច្ចេកទេសព្រមទាំងសម្ភារបច្ចេកទេសទំនើបៗដើម្បីងាយស្រួលក្នុងកិច្ចការ ជួសជុល ។ ជាការរួមចំណែកសហការគ្នាអាជ្ញាធរជាតិអប្សរាទទួលបន្ទុកចំណាយលើប្រាក់បៀវត្សរ៍និងឧបត្ថម្ភផ្សេងទៀតសម្រាប់អ្នកជំនាញ ៥ នាក់ ជាងចម្លាក់ ៣០ នាក់ កម្មករជំនាញ ២០ នាក់ និងនិយោជិត ១៩ នាក់ផ្គត់ផ្គង់ ប្រេងឥន្ធនៈនិងចំណាយសម្រាប់ថែទាំនិងជួសជុលឡានស្ទូចនិងរថយន្តព្រមទាំងទិញសម្ភារសម្រាប់គម្រោងដូចជា ថ្មបាយក្រៀម ថ្មភក់ និងគ្រឿងឧបករណ៍ផ្សេងៗ ទៀតដើម្បីបម្រើការគម្រោងឲ្យដំណើរការទៅដោយរលូន ។ ម្យ៉ាងទៀតដើម្បីចៀសវាងគ្រោះថ្នាក់ដល់ភ្ញៀវទេសចដែលត្រូវធ្វើដំណើរឆ្លងកាត់ក្នុងពេលកំពុងដំណើរការ ជួសជុលអាជ្ញាធរជាតិអប្សរានឹងទទួលបន្ទុកសាងសង់ផ្លូវវាងមួយជាបណ្តោះអាសន្នសម្រាប់ភ្ញៀវទេសចរ ។

បន្ទាប់ពីបានជជែកពិភាក្សាក៏ដូចជាការត្រៀមលក្ខណៈគ្រប់បែបយ៉ាងសម្រាប់កិច្ចការជួសជុលស្ពានហាលមុខខាងលិចប្រាសាទអង្គរវត្តដែលមានប្រវែង ១៩០ ម៉ែត្រទៀតនោះ ពិធីបើកការដ្ឋានជួសជុលជាផ្លូវការនឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ។ ពិធីនេះនឹងមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយកដ្ឋានមន្ត្រីរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងឯកឧត្តម KUMAMARU Yuji ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ។

នៅឆ្នាំ១៩៨៩ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងព្រះឋានៈជាព្រះប្រធាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជាទ្រង់បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសអង្គការយូណេស្កូឲ្យជួយការពារនិងស្រោចស្រង់រមណីយដ្ឋានអង្គរជាបន្ទាន់។ តបតាមការអំពាវនាវនេះគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចចុះបញ្ជីរមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ៕ សុថាត់