ចង់​ដឹង​អត់ ! ហេតុ​អ្វី​បុរស​រូប​នេះ​ចាក់​សាំង​ដុត​ខ្លួនឯង?

ចង់​ដឹង​អត់ ! ហេតុ​អ្វី​បុរស​រូប​នេះ​ចាក់​សាំង​ដុត​ខ្លួនឯង?



រាជធានី​ភ្នំពេញ ៖ សន្តិសុខ​ឯកជន​ម្នាក់​បាន​យក​សាំង​ទៅ​ចាក់​ដុត​ខ្លួនឯង​ឆេះ​ខ្លោច​ពេញ​ខ្លួន​ស្ទើរ​ស្លាប់​ស្ទើ​រស់​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២ និង ៣០​នាទី ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៨៨ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ ប៊ុ​ន កុសល អាយុ​៤០​ឆ្នាំ មុខរបរ​ជា​សន្តិសុខ​ក្រុមហ៊ុន​ឯកជន​មួយ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ បាន​យក​សាំង​ដុត​ប៉ុនប៉ង​សម្លាប់​ខ្លួនឯង​នៅ​កន្លែងធ្វើការ​របស់​ខ្លួន ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​បុរស​ជា​សន្តិសុខ​ឯកជន​រូប​នេះ​មក​បំពេញការងារ​យាមឃ្លាំង​ទំនិញ​មួយ​កន្លែង​នៅ​ក្បែរ​កន្លែង​កើតហេតុ ស្រាប់តែ​បុរស​គិត​ខ្លី​រូប​នោះ​បាន​ដើរ​ចុះឡើង​ៗ​នៅ​លើ​ផ្លូវ​ខាងលើ រួច​ក៏​យក​ដប​សាំង​ដែល​មាន​ចំណុះ​កន្លះ​លី​ត្រ​ពី​ក្នុង​ហោប៉ៅ​ដែល​បាន​ត្រៀម​ទុកជា​ស្រេច​មក​ចាក់​ស្រោច​លើ​ខ្លួនប្រាណ និង​កេះ​ដែកកេះ​ដុត​បង្ក​អោយ​មាន​ជា​អណ្តាតភ្លើង និង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង ។ ក្នុង​ពេល​នោះ​ដែរ​គេ​បានឃើញ​បុរស​រង​គ្រោះ​រត់​ចុះឡើង និង​ដេក​ននៀល​ទៅ​លើ​ផ្លូវ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ និង​ទឹក​ទៅ​ជួយ​បាញ់​ពន្លត់​ទាន់​ពេល ទើប​អណ្តាតភ្លើង​ដែល​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នោះ​រលត់​ទៅ​បាន ។

ទោះបីជា​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ និង​បាញ់​ទឹក​ពន្លត់ភ្លើង​ទាន់​ពេលវេលា​ពិតមែន តែ​បុរស​ជា​សន្តិសុខ​រូប​នោះ​ត្រូវ​បាន​ភ្លើង​ឆេះ​អស់​សម្លៀក​បំពាក់ ឆេះ​ខ្លោច រលាត់ស្បែក​ពេញ​ដងខ្លួន​ស្ទើរ​ស្លាប់​ស្ទើ​រស់ ។

ក្នុង​ការ​ប៉ុនប៉ង​ដុត​ខ្លួន​សម្លាប់​ខ្លួនឯង​នេះ​ត្រូវ​បាន​គេ​ប្រាប់​ឱ្យ​ដឹង​ថា បណ្តាល​មក​ពី​រូប​គាត់​មាន​ទំនាស់​ក្នុង​គ្រួសារ ហើយ​ត្រូវ​ប្រពន្ធ​នាំ​កូនរ​ត់ទៅ​ស្រុក​កំណើត​ឯ​ខេត្តសៀមរាប​បាត់ ទើប​បណ្តាល​អោយ​គាត់​ខឹង​នឹង​ប្រពន្ធ​របស់​គាត់​រត់​ចោល​បែប​នេះ ក៏​សម្រេចចិត្ត​ធ្វើ​បែប​នេះ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សន្តិសុខ​ឯកជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ហៅ​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ (​ពេទ្យ​លោកសង្ឃ​) ដើម្បី​សង្គ្រោះ​ជីវិត ៕