Mahrez និង Martial ឈ្នះពានកីឡាករឆ្នើមរបស់ Facebook

ខ្សែបម្រើស្លាប Riyad Mahrez របស់ក្លិប Leicester City និងខ្សែប្រយុទ្ធ Anthony Martial របស់ក្លិប Manchester United សុទ្ធសឹងបានឈ្នះពានដូចគ្នាក្នុង Facebook Football Awards ឆ្នាំ២០១៦ ដែលត្រូវបានប្រកាសកាលពីថ្ងៃចន្ទ។
fbaward
ខ្សែបម្រើស្លាបអន្តរជាតិអាល់ហ្សេរី Mahrez ដែលគ្រាប់បាល់បញ្ចូលទីសរុបចំនួន១៧គ្រាប់ និងការជួយឲ្យមិត្តរួមក្រុមរកបាន១១គ្រាប់ផ្សេងទៀតរបស់គេបានជួយឲ្យក្រុម Leicester ឈ្នះពានក្របខ័ណ្ឌ Premier League នោះ បានឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំ ខណៈដែលខ្សែប្រយុទ្ធអន្តរជាតិបារាំង Martial វ័យ២០ឆ្នាំ ត្រូវបានបោះឆ្នោតឲ្យជាប់ជាកីឡាករឆ្នើមវ័យក្មេងប្រចាំឆ្នាំ។ រង្វាន់សម្រាប់ក្របខ័ណ្ឌអង់គ្លេស Premier League រដូវកាលឆ្នាំ២០១៥-២០១៦នេះ ត្រូវបានបោះឆ្នោតដោយគណនី Facebook ស្ទើរតែមួយលាននាក់ ក្នុងប្រទេសចំនួន១៩៣។ នេះបើយោងទៅតាមសេចក្តីប្រកាសព័ត៌មានមួយពីសំណាក់បណ្តាញសង្គមយក្សមួយនេះ។
fbaward1
Mahrez អាយុ២៥ឆ្នាំ ដែលក៏បានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់សហព័ន្ធកីឡាបាល់ទាត់អាជីពអង់គ្លេស (PFA) នោះ បានឲ្យដឹងថា៖ «វាពិតជាអ្វីដែលពិសេស និងធំសម្រាប់ខ្ញុំ ពីព្រោះវាជាការបោះឆ្នោតទូទាំងពិភពលោក។ ខ្ញុំបានថ្លែងអំណរគុណពួកគេ និងថ្លែងអំណរគុណដល់អ្នកគាំទ្ររបស់ខ្ញុំ។ ខ្ញុំស្រឡាញ់អ្នកគាំទ្រទាំងអស់។ ខ្ញុំពិតជារីករាយណាស់»។ Martial បាននិយាយថា៖ «សូមថ្លែងអំណរគុណដល់រាល់អ្នកគាំទ្រក្នុង Facebook ទាំងអស់សម្រាប់ការគាំទ្រខ្ញុំក្នុងនាមជាកីឡាករឆ្នើមវ័យក្មេងប្រចាំឆ្នាំ។ ខ្ញុំពិតជារីករាយណាស់ក្នុងការលេងក្នុងក្របខ័ណ្ឌ Premier League ហើយខ្ញុំសង្ឃឹមថា ខ្ញុំនឹងបន្តរកគ្រាប់បាល់បញ្ចូលទីជាច្រើនបន្ថែមទៀត»៕

ប្រភពព័ត៌មាន៖ Channel News Asia