Man United ចេញទៅផ្តល់ការខកចិត្តដល់ West Ham នៅរាត្រីថ្ងៃអង្គារនេះ

ក្រុម Manchester United នឹងធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ដើម្បីទៅជួបក្រុមខ្លាំង West Ham United នារាត្រីនេះ ដោយរំពឹងទុកថា នឹងទទួលបានជ័យជម្នះដ៏សំខាន់មួយ ក្រោយពីទទួលបានការលើកទឹកចិត្តដ៏ធំមួយនៃការឈ្នះកៅអីក្នុងក្របខ័ណ្ឌ Champions League សម្រាប់ការប្រកួតដ៏រំភើបមួយក្នុងក្របខ័ណ្ឌ Premier League មួយនេះ។
fellaini-lanzini
ការបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ របស់ក្រុម Manchester City ជាមួយនឹងក្រុម Arsenal កាលពីចុងសប្តាហ៍មុន ផ្តល់ឲ្យក្រុម Man United នូវឱកាសក្នុងការឡើងឈរពីលើគូប្រជែងក្នុងទីក្រុងតែមួយរបស់ពួកគេក្នុងចំណាត់ថ្នាក់លេខ៤ ប្រសិនបើពួកគេផ្តួលក្រុម West Ham ហើយបន្ទាប់មកឈ្នះនៅលើទឹកដីខ្លួនឯងពេលជួបក្រុម Bournemouth នៅថ្ងៃអាទិត្យ ខាងមុខនេះ។ ខណៈដែលការប្រកួតដណ្តើមពាន FA Cup វគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Crystal Palace នឹងត្រូវប្រព្រឹត្តទៅបន្ទាប់ពីនោះ លោក Louis van Gaal អ្នកចាត់ការទូទៅរបស់ Man United កំពុងតែស្ថិតក្នុងអារម្មណ៍ដ៏រីករាយ ប៉ុន្តែ ស្របពេលក្រុម West Ham នឹងត្រូវលេងការប្រកួតចុងក្រោយនៅកីឡដ្ឋានវ័យចំណាស់ Boleyn Ground របស់ពួកគេ ក្រុម Man United អាចនឹងត្រូវជួបការប្រកួតដ៏ស្វិតស្វាញមួយ។

ខណៈដែលនិយាយនៅមុនពេលក្រុម Man City បានបញ្ចប់ក្នុងលទ្ធផលស្មើជាមួយនឹងក្រុម Arsenal លោក Van Gaal បានបញ្ជាក់ថា៖ «វាពិតជាស្វិតស្វាញណាស់»។ គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះបានប្រាប់បន្តថា៖ «បច្ចុប្បន្ន យើងត្រូវតែលេងនៅក្រៅដីលើទឹកដីក្រុម West Ham United ហើយយើងបានឃើញរួចជាស្រេចក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃពាន FA Cup (នៅពេលនោះ Man United ឈ្នះ ២-១) ថា វាមិនងាយស្រួលឡើយ។ ហេតុនេះ យើងត្រូវតែដណ្តើមឲ្យបានជ័យជម្នះម្តងទៀត»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕

ការជួបគ្នាបីលើកចុងក្រោយរវាងក្រុមទាំងពីរ
14.04.16 West Ham 1-2 Manchester United
13.03.16 Manchester United 1-1 West Ham
05.12.15 Manchester United 0-0 West Ham