បើករថយន្ត​ក្រឡាប់​ចូល​ប្រឡាយ​ស្លាប់​ម្នាក់ និង ​រងរបួស ​៥ ​នាក់ នៅ​ខេត្តបន្ទាយមានជ័យ

មនុស្សម្នាក់បានស្លាប់នៅកន្លែង និង ៥ នាក់ទៀតបានរងរបួសធ្ងន់-ស្រាល ក្នុងករណីគ្រោះថ្នាក់ក្រឡាប់រថយន្តចូល ប្រឡាយដោយខ្លួនឯងកាលពីវេលាម៉ោង ៦ ព្រឹក ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ ៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១០៨៥-១០៨៦ ស្ថិតក្នុងភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

បើករថយន្ត​ក្រឡាប់​ចូល​ប្រឡាយ​ស្លាប់​ម្នាក់ និង ​រងរបួស ​៥ ​នាក់ នៅ​ខេត្តបន្ទាយមានជ័យ

នគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា ជនរងគ្រោះដែលគ្រោះថ្នាក់ខាងលើមានៈ ទី១-ឈ្មោះ ឡុង សន្តាន់ ភេទប្រុស អាយុ ៦៣ ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ ទី២-ឈ្មោះ ឡុង សែន អ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវ ពាក់ស្លាកលេខ បាត់ដំបង 3A-1182 រងរបួសធ្ងន់ទី ៣-ឈ្មោះ ហេង ហាន ភេទប្រុសរងរបួសស្រាល ទី៤-ឈ្មោះ បិន ចាន់ដឿន ភេទប្រុស អាយុ១៧ ឆ្នាំ រងរបួសធ្ងន់ ទី ៥-ឈ្មោះ សល់ ស៊ីណេត ភេទប្រុស អាយុ២០ឆ្នាំ រងរបួសធ្ងន់ និង ៦-ឈ្មោះ ជា គិនឡាន់ ភេទប្រុស រងរបួសស្រាល ជនរងគ្រោះទាំង៦នាក់នៅស្រុកបវេល ខេត្តបាត់ដំបង ។

តាមការសាកសួរជនរងគ្រោះបានប្រាប់ថារថយន្តបើកបរក្នុងទិសដៅពីលិចទៅកើតពេលមកដល់ចំណុចកើតហេតុរថយន្តបានផ្ទុះម៉ាស៊ីនរេចង្កូតធ្លាក់ពីលើផ្លូវជាតិក្រឡាប់ បណ្ដាលឲ្យមនុស្សស្លាប់និងរបួស ៕ សុថាត់