ក្រសួងការបរទេសកម្ពុជាថាមន្រ្តីUNលោក ស៊ឺន សាលី មានអភ័យឯកសិទ្ធិ

មន្រ្តីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាឲ្យដឹងថាក្រសួងការបរទេសកម្ពុជាបានទទួលស្គាល់ថាមន្រ្តីUN លោក ស៊ឺន សាលី មានអភ័យឯកសិទ្ធិនិងរួចផុតពីការកាត់ទោសរឿងសមគំនិតសូកប៉ាន់សាក្សី ដែលការអះអាងនេះផ្ទុយពីប្រសាសន៍នាយករដ្ឋមន្រ្តីកាលពីកន្លងទៅ។

លោក ស៊ឺន សាលី ត្រូវបានចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សីឈ្មោះ ខុម ចាន់តារ៉ាទី ហៅស្រីមុំដែលត្រូវបានទម្លាយថាមានទំនាក់ទំនងស្នេហាជាមួយអនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ឲ្យផ្តល់ចម្លើយកុហកតុលាការថាមិនមានទំនាក់ទំនងស្នេហាជាមួយមេដឹកនាំបក្សប្រឆាំង។

តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស្រីWan-Hea Leeប្រាប់វីអូឌីថា៖ “ខ្ញុំអាចបញ្ជាក់ថាអង្គការសហប្រជាជាតិបានទទួលការឆ្លើយតបជាផ្លូវការពីក្រសួងការបរទេសកម្ពុជាថាក្រសួងនឹងជូនដំណឹងទៅអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយបញ្ហានេះ ស្របតាមអនុសញ្ញាឆ្នាំ១៩៤៦ទៅលើបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិរបស់អង្គការសហប្រជាជាតិ”

វីអូឌីបានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សន្ទរី តែមិនអាចសុំការឆ្លើយតបបាន។ ទោះជាយ៉ាងណាលោកបានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍នៅថ្ងៃចន្ទនេះថាលោក សឿន សាលី មានអភ័យឯកសិទ្ធិ ហើយក្រសួងមានកាតព្វកិច្ចជម្រាបទៅអាជ្ញាធរមានសមត្ថកិច្ចអំពីបញ្ហានេះ។

ក្រសួងការបរទេសកម្ពុជាថាមន្រ្តីUNលោក ស៊ឺន សាលី មានអភ័យឯកសិទ្ធិ

មន្រ្តីរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក ស៊ឺន សាលី(រូបថតដោយCCHR)

កាលពីថ្ងៃទី១ ខែឧសភា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថានឹងមិនមានការលើកលែងចំពោះមន្រ្តីសង្គមស៊ីវិលនិងមន្រ្តីអង្គការសហប្រជាជាតិ(UN) បើទោះជាមានអភ័យឯកសិទ្ធិក៏ដោយ ដោយលោកថានឹងមិនមានការដោះដូរអ្វីនោះទេ។ លោកនាយករដ្ឋមន្រ្តីថ្លែងថា៖ “សូមអស់លោកជាNGOs ឬក៏ជាអ្នកដែលធ្វើការនៅអង្គការសហប្រជាជាតិ កុំអាងអភ័យឯកសិទ្ធិឲ្យសោះ ទោះបីម៉ែអភ័យឯកសិទ្ធិ ឪអភ័យឯកសិទ្ធិ តែដល់ម៉ោងគេដាក់គឺគេដាក់ចូលគុកដូចតែគ្នាហ្នឹង… លោកឯងសូកសាក្សី អ្នកឯកសង្កត់គេអីណា… ច្បាប់គឺច្បាប់ អត់មានរញ៉េរញ៉ៃ ហើយមកចង់ដោះដូរអីណា អត់មានទេ អត់មានត្រូវដោះដូរទេ”។

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ប្រាប់វីអូឌីនៅថ្ងៃចន្ទនេះថាលោក ស៊ឺន សាលី ត្រូវប្រឈមនឹងការប្រព្រឹត្តបទល្មើសជាក់ស្តែង ដោយលោកថាមន្រ្តីUNរូបនោះមិនបានចូលខ្លួនមកអង្គភាពតាមការកោះហៅកាលពីកន្លងទៅ បើទោះមន្រ្តីរូបនោះមានអភ័យឯកសិទ្ធិក៏ដោយ។ លោកបន្តថាសំណុំរឿងនេះរួចពីដៃរបស់អង្គភាព ដែលលោកថាជាសមត្ថកិច្ចរបស់តុលាការបន្តទៀត។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric ប្រាប់សារព័ត៌មានបរទេសកាលពីសប្តាហ៍មុនថា៖ “យើងបានប្រាប់ទៅរដ្ឋាភិបាលកម្ពុជាថាបុគ្គលិកស៊ឺន សាលី ជាបុគ្គលិករបស់អង្គការសហប្រជាជាតិហើយបញ្ហាពាក់ព័ន្ធនឹងការបំពេញតួនាទីរបស់គាត់ជាផ្នែកមួយនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា”។ លោកបន្ថែមថា៖ “រដ្ឋាភិបាលកម្ពុជាត្រូវបានជម្រាបថាលោក ស៊ឺន សាលី មានអភ័យឯកសិទ្ធិពីដំណើរការផ្លូវច្បាប់ទាក់ទងនឹងបញ្ហានេះ”។ លោកបញ្ជាក់ថាអង្គការសហប្រជាជាតិបានពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីឈានទៅដល់”ដំណោះស្រាយសមរម្យមួយ”លើករណីនេះ។

គួរបញ្ជាក់ថាពាក់ព័ន្ធនឹងករណីសូកប៉ាន់សាក្សីនេះ មន្រ្តីអាដហុក៤នាក់ រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុនី ត្រូវបានតុលាការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ។ ចំណែកអតីតបុគ្គលិករបស់អាដហុក លោក នី ចរិយា ដែលទើបតែទទួលបានតំណែងជាអគ្គលេខាធិការរងគ.ជ.ប ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី ដោយACUថាបានធ្វើឲ្យអំពើសូកប៉ាន់សាក្សីនេះបានសម្រេច។ ប្រសិនបើតុលាការផ្តន្ទាទោស អ្នកទាំងអស់នោះអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី៥ឆ្នាំដល់១០ឆ្នាំ៕

ប្រភពៈ VOD