បក្ស​​ជាប់​​ឆ្នោត​នៅ​តែ​មិន​ទាន់​ទាក់ទង​គ្នា​ ដើម្បី​ជួប​ចរចា​ពី​បញ្ហា​នយោបាយ

ភ្នំពេញៈ គណបក្សកាន់អំណាចបានជំរុញគណបក្សប្រឆាំងធ្វើការទាក់ទងផ្លូវការណាមួយតាមរយៈលិខិត ឬទូរស័ព្ទប្រសិនបើខ្លួនពិតជាចង់ចរចាដើម្បីដោះស្រាយបញ្ហានយោបាយដែលកំពុងឡើងកម្តៅខណៈដែលគណបក្សប្រឆាំងបានលើកឡើងថាខ្លួនមានការលំបាកក្នុងការទាក់ទងទៅគណបក្សប្រជាជន។

អ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន បានបញ្ជាក់កាលពីម្សិលមិញដោយហាក់បីដូចជាបន្ទោសទៅគណបក្សសង្គ្រោះជាតិដែលបានប្រកាសថាខ្លួនចង់មានការជជែកពិភាក្សាជាមួយគណបក្សប្រជាជនប៉ុន្តែគណបក្សសង្គ្រោះជាតិមិនចេញលិខិតផ្លូវការ ឬទូរស័ព្ទមកគណបក្សប្រជាជនដើម្បីណាត់ជួបចរចា។

លោក ឥសាន ថ្លែងថា៖ «គណបក្សប្រជាជនកម្ពុជាមិនបានបិទទ្វារនៅក្នុងការអនុវត្តវប្បធម៌សន្ទនាទេឲ្យតែវប្បធម៌នេះស្ថិតនៅក្នុងរបៀបវារៈនៃការពិភាក្សា។ ប្រសិនបើយកវប្បធម៌សន្ទនាដោះស្រាយបញ្ហាអ្នកទោសវាបំពានសមត្ថកិច្ចរបស់តុលាការ។ វាមិនអាចទៅរួចទេ»។

លោក ឥសាន ក៏បានផ្តល់តម្រុយទៅគណបក្សសង្គ្រោះជាតិផងដែរឲ្យប្រើប្រាស់ទម្លាប់ធម្មតាដែលខ្លួនបានទាក់ទងជាមួយគណបក្សប្រជាជនសម្រាប់ការចរចាកាលពីពេលមុន។ លោកបន្តថា៖ «ទាក់ទងតាមរយៈអ្វីក៏ដោយឲ្យតែគណបក្សសង្គ្រោះជាតិទាក់ទង។ ឥឡូវនេះយើងប្រើប្រាស់បច្ចេកវិទ្យាទំនើបយើងមិនប្រកាន់អ្វីនោះទេប៉ុន្តែឲ្យតែគាត់ច្បាស់លាស់»។

បក្ស​​ជាប់​​ឆ្នោត​នៅ​តែ​មិន​ទាន់​ទាក់ទង​គ្នា​ ដើម្បី​ជួប​ចរចា​ពី​បញ្ហា​នយោបាយលោកនាយករដ្ឋមន្ត្រីក្នុងពិធីរំឭកខួបកាកបាទក្រហមពីម្សិលមិញ។ រូបថត ហ្វេសប៊ុក

តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង បានថ្លែងទៅគណបក្សប្រជាជនវិញថាប្រសិនបើគណបក្សប្រជាជនពិតជាមានឆន្ទៈចរចាដែរគណបក្សសង្គ្រោះជាតិនឹងពិចារណាក្នុងការទាក់ទងទៅគណបក្សប្រជាជនតាមរយៈលេខទូរស័ព្ទដើម្បីជួបចរចា។ ប៉ុន្តែលោកបញ្ជាក់ថាការទាក់ទងមួយចំនួនតាមលេខទូរស័ព្ទដែលគណបក្សប្រជាជនបានផ្តល់ឲ្យគណបក្សសង្គ្រោះជាតិកាលពីពេលមុនគឺត្រូវបានកាត់ផ្តាច់។

លោក ឆៃអ៊ាង បន្តថា៖ «យើងមានបំណងចង់ពិភាក្សាដោះស្រាយបញ្ហាដទៃៗ។ វាគ្មានបញ្ហាទេ។ គណបក្សនឹងស្វែងរកយន្តការធ្វើការងាររបស់ខ្លួនហើយគោលបំណងនៃវប្បធម៌សន្ទនាគឺជាយន្តការមួយដែលគណបក្សនឹងប្រើប្រាស់។ ការទាក់ទងគ្នាទៅវិញទៅមកយើងអាចធ្វើបានវាមិនមែនជាការថោកទាបណាមួយទេ»។

លោកបន្តថា៖ «ប៉ុន្តែឥឡូវនេះតើយើងអាចទាក់ទងយ៉ាងម៉េចទៅ? ទូរស័ព្ទមិនអាចទាក់ទងបានដោយងាយស្រួលទេ»។ ឆ្លើយតបទៅនឹងការលោកឡើងរបស់លោក ឥសាន មិនឲ្យយកបញ្ហាអ្នកតំណាងរាស្ដ្រ និងសកម្មជនដែលត្រូវបានចាប់ឃុំមកជជែកលោក អេង ឆៃអ៊ាង បានថ្លែងថាស្ថានភាពនយោបាយដូចបច្ចុប្បន្នដែលអ្នកនយោបាយជួបគ្នាគឺត្រូវនិយាយអំពីបញ្ហានយោបាយ។

លោកបានបន្តថា៖ «កិច្ចការនយោបាយទាំងអស់នៅពេលយើងជួបគ្នាយើងត្រូវតែនិយាយ។ ប្រសិនបើយើងជួបគ្នាហើយយើងមិននិយាយអំពីបញ្ហានយោបាយតើយើងនិយាយអំពីបញ្ហាអ្វី? ស្ថានភាពនយោបាយបច្ចុប្បន្នបែបនេះយើងត្រូវតែនិយាយ»។

ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក ឆៃអ៊ាង ដែលថាមិនអាចទាក់ទងតាមទូរស័ព្ទមកគណបក្សប្រជាជនបានលោក ឥសាន ថ្លែងថាលោកមិនអាចឆ្លើយជំនួសថ្នាក់ដឹកនាំរបស់លោកបានទេដោយលោកបញ្ជាក់ថា៖ «ថ្នាក់ដឹកនាំគណបក្សប្រជាជនកំពុងជាប់រវល់ក្នុងការជួយប្រជាជនដែលកំពុងខ្វះខាតទឹកដូច្នេះមេដឹកនាំទាំងនោះមិនមានពេលទទួលទូរស័ព្ទទេ»។

ការចាប់ឃុំខ្លួនមេឃុំគណបក្សប្រឆាំងម្នាក់មន្ត្រីសិទ្ធិមនុស្ស ៤ នាក់ និងមន្ត្រី គជប ម្នាក់ក្នុងពេលថ្មីៗនេះត្រូវបានមជ្ឈដ្ឋានជាច្រើនយល់ថាបានធ្វើឲ្យស្ថានការនយោបាយឡើងកម្តៅដែលមេដឹកនាំគណបក្សជាប់ឆ្នោតទាំងពីរចាំបាច់ត្រូវតែជួបចរចាគ្នាដើម្បីរកវិធីដោះស្រាយ៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍