មាស សាលី ជោគ​ជ័យ​ទាំង​ការងារ​ និង​ស្នេហា ​​នៅ​អាមេរិក​

រយៈ​ពេល​ជាង​ ៥​ខែ​​ហើយ​ដែលតារា​ចម្រៀង​ មាស សាលី បាន​ចូល​រួម​សម្ដែង​នៅ​សហរដ្ឋ​អាមេរិក ក្នុង​នោះ​ ​លោក​បាន​អះ​អាង​ថា​ ទទួល​បាន​ជោគជ័យ​ត្រចះ​ត្រចង់​ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​កំពុង​មើល​ចិត្ត​នារី​ម្នាក់​នៅ​ទី​នោះ​ទៀត​ផង​។​​

 

“បង​សប្បាយ​ចិត្ត​ ព្រោះ​មាន​បងប្អូន​គាំ​ទ្រ​ការ​សម្ដែង​​របស់​ពួក​បង​ ហើយ​ជាពិសេស​បង​ និង​នារី​ម្នាក់​​កំពុង​មើល​ចិត្ត​គ្នា​ ដោយ​គាត់​ជា​​កូន​កាត់​ខ្មែរ​កើត​នៅ​អាមេរិក​ម្នាក់​ ហើយ​គាត់​អត់​ចេះ​និយាយ​ខ្មែរ​ទេ​ តែ​​​ចេះ​ស្ដាប់​ខ្មែរ​ពេល​យើង​និយាយ​ទៅ​រក” ។ មាស សាលី ថ្លែង តាម​ឆាត​ពី​អាមេរិកមក។

 

មាស សាលី ជោគ​ជ័យ​ទាំង​ការងារ​ និង​ស្នេហា ​​នៅ​អាមេរិក​

 

(រាប់​ពី​ស្តាំ​ទី​២ ​កញ្ញា លីលី ទី៤ មាស សាលី ទី៧ ឆ័យលី ដាឡែន ជាមួយ​បងប្អូន​ខ្មែរ​នៅ​អាមេរិក)

 

ម្ចាស់​បទ​ “អង្គរក្ស​បេះ​ដូង​” បាន​ឲ្យ​ដឹង​ថា​ មាន​​នារី​ជា​ច្រើន​បាន​សុំ​ស្រលាញ់​ និង​ចង់​ឲ្យ​លោក​បន្ត​រស់​នៅ​​លើ​ទឹក​ដី​សម្បូរ​ទៅ​ដោយ​​ដុល្លារ​នេះ​ ប៉ុន្តែ​ដោយសារ​គោល​ការណ៍​អ្នក​ធានា​ មិន​អាច​ចេះ​តែ​បន្ត​នៅ​បាន​ទេ។ ​ដូច្នេះ​ រឿង​រ៉ាវ​យ៉ាង​ណា​​លោក​ថា​ ចាំ​មក​ដល់​ខ្មែរ​វិញចាំ​​គិត​ទៀត។

 

“មាននារី​ខ្មែរ​នៅ​ទី​នោះ​ស្រលាញ់​រាប់​អាន​បង​ទាំង​ក្នុង​ន័យ​បងប្អូន​ រួម​ទាំង​ស្នេហា ​ច្រើន​ដែរ​អូន ​​តែ​ក្នុង​នោះ​មាន​ម្នាក់​ដែល​​បង​ក៏​កំពុង​គិត​ថា​ ពេល​​​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​ បង​នឹង​ទាក់​ទង​ទៅ​គាត់ ​ឬ​អាច​ស្នើសុំ​ឲ្យ​គាត់​មក​លេង​ស្រុក​ខ្មែរ​ ដើម្បី​មើល​ចិត្ត​ក៏​ថា​បាន។ ប៉ុន្តែ​ពេល​នេះ​​បង​មិន​អាច​នៅ​បាន​ ព្រោះ​ត្រូវ​​ដល់​ពេល​ត្រឡប់​មក​វិញ​ដើម​ខែ​៦ នេះ​ហើយ​​”៕

អត្ថបទ៖ ថា ម៉ាលីដា