សុខចិត្ត​ឱ្យតម្រួត​ថៃ​ចាប់ ព្រោះ​ទ្រាំ​លែង​កើត

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ ពលករ​រង​គ្រោះ​ចាញ់បោក​មេខ្យល់​លើ​ទឹកដី​ថៃ​ បាន​​អំពាវនាវ​រក​ការ​​អន្តរា​គម​ន៍​​ជួយ​​ពី​មន្ត្រី​ និង​សមត្ថកិច្ច​កម្ពុជា​នោះ ​ត្រូវ​បាន​មន្ត្រី​និង​សមត្ថកិច្ច​កម្ពុជា-​ថៃ ​ជួយ​យក​មក​ដល់​កម្ពុជា​វិញ​ហើយ​ កាលពី​ម៉ោង​០៨​យប់​ថ្ងៃ​ទី០៩ ឧសភា ២០១៦ ស្ថិត​នៅ​តាម​ច្រក​តំបន់​​ម៉ា​ឡៃ​​ក្នុងស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ ។

ពលករ​ទាំងនេះ​ ​១-​ឈ្មោះ​អូន​​ ណា​ង ​ភេទ​ប្រុស​អាយុ​៤៤ឆ្នាំ​, ២-ឈ្មោះ​យង់​ នី​ ភេទ​ប្រុស​ អាយុ​១៤​ឆ្នាំ​, ០៣-ឈ្មោះ​ឡុ​ង​ សៀម​ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ​, ០៤-ឈ្មោះ​ប៉ូ ​សំណាង ​ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ ​ទាំង៤​នាក់​មក​ពី​ខេត្តបាត់ដំបង, ០៥-​ឈ្មោះ​សូរ​ សុខ​ភេទ​ប្រុស ​អាយុ​៤៥ឆ្នាំ​​ មក​ពី​ស្រុក​ទ្រាំង​ ខេត្តតាកែវ​ និង​០៦-​ឈ្មោះ​ឯ​ល​ សារ ​ភេទ​ប្រុស​ អាយុ​២៧ឆ្នាំ​ មក​ពី​ខេត្តកំពត ​។

ពលករ​ទាំងនេះ​ ត្រូវ​​ជួយ​សង្គ្រោះ​ពី​ស្រុក​មឿង ​ខេត្ត​ស្រះ​កែវ​ ដោយ​មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​ថៃ-​កម្ពុជា ​និង​មន្ត្រី​ការិ​យាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-ថៃ​ បន្ទាប់​ពី​ពួក​គេ​ទំនាក់ទំនង​សុំ​ការ​អន្តរា​គម​ន៍​​ឱ្យ​​ជួយ​ពី​មន្ត្រី​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ ​។

ពលករ​ទាំង​៦​នាក់​បាន​ប្រាប់​ថា​ ពួក​គេ​​ចាញ់បោក​មេខ្យល់​យក​ទៅ​កាប់​ដើម​ប្រេងខ្យល់​ ហើយ​ទុក​ចោល​ថា​ មក​យក​កម្លាំង​ពលករ​បន្ថែម​ តែ​មិនឃើញ​វិល​ត្រឡប់​ ធ្វើ​ឱ្យ​​ពួក​គេ​អត់បាយ​ក្រហាយ​ទឹក​៣យប់៤ថ្ងៃ ​ខោអាវ​ស្អុយ​ដូច​​គម្រង់ ​។ ពួក​គេ​ប្រាប់​មន្ត្រី​កម្ពុជា​​ថា​ដោយសារ​មិន​អាច​ស៊ូទ្រាំ​បាន ក៏​​នាំ​គ្នា​ដើរ​តាម​ដងផ្លូវ​​ឲ្យ​តម្រួត​ថៃ​ចាប់​ បន្ទាប់​មក​ក៏​​មាន​​ព័ត៌មាន​ដល់​មន្ត្រី​ទំនាក់ទំនង​កម្ពុជា-​ថៃ ក៏​​សហការ​គ្នា​ជាមួយ​មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​ថៃ​-កម្ពុជា​ ទៅ​ទទួល​ពលករ​ទាំង​នះ​ មក​កម្ពុជា​វិញ​តែ​ម្តង ​។