សម្តេច​តេ​ជោ ហ៊ុន សែន ៖ ព​ណ៌​អី​ក៏ដោយ ឲ្យ​តែ​ធ្វើ​ខុស​ចាប់​ទាំងអស់

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា «​ពណ៌​អី​ក៏​ដោយ ក៏​ត្រូវ​តែ​ចាត់ការ​កុំមក​រញ៉េរញ៉ៃ ឲ្យ​តែ​ធ្វើ​ខុស​គឺ​ចាប់​ទាំងអស់ គុក​ធ្វើ​ឡើង ដើម្បី​អ្នក​ខុស​»​។ ជាមួយ​គ្នា​នេះ​ដែរ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​បង្ហើប​ថា​អ្នក​ឧបត្ថម្ភ​ថវិកា​បោះ​អាវ​សម្រាប់​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ធ្វើ​យុទ្ធនាការ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​»  គឺ​ត្រូវ​បាន​ស្គាល់​មុខ​អស់ហើយ​។

សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ខាងលើ​បែប​នេះ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា ២០១៦ ក្នុង​ឱកាស​ដែល​សម្តេច​បាន​អញ្ជើញ​ជា​អធិបតី​ចែក​សញ្ញាបត្រ​ជូន​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ា​ន់​ដា នៅ​មជ្ឈមណ្ឌល​កម្សាន្ត និង​ពិព័រណ៍​កោះ​ពេជ្រ ។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សង្កត់ធ្ងន់​ទៀត​ថា «​រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​សន្តិសុខ​មនុស្ស​រាប់​លាន​នាក់ ត្រូវ​បាន​បំផ្លាញ​ដោយ​បុគ្គល ៤-៥​នាក់​នោះ​ទេ ។ សម្តេច​តេ​ជោ​បាន​ជំរុញ​ឲ្យ​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ស្វែងរក​មេធាវី​ពូកែ ដើម្បី​ការពារ​ក្តី​ដល់​មន្ត្រី​អង្គការសិទ្ធិមនុស្ស​ដែល​ជាប់​ឃុំ​មិន​អាច​ដាក់​សម្ពាធ​លើ​តុលាការ​បាន​នោះ​ទេ​»​។

សម្តេច​បន្ត​ថា «​សិទ្ធិ​មាន​ព្រំប្រទល់​ជាមួយ​សិទ្ធិ​អ្នក​ដទៃ​អ្នក​ប្រើ​សិទ្ធិ សូមកុំ​ប្រើ​សិទ្ធិ ដើម្បី​បំពាន​អ្នក​ដទៃ​។ រាជរដ្ឋាភិបាល​ត្រូវ​ការពារ​និង​រក្សា​សន្តិភាព ស្ថេ​រ​ភាព ដើម្បី​ការ​អភិវឌ្ឍ បុគ្គល​ធ្វើ​ខុស​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ បើ​មិន​ធ្វើ​ខុស​គ្មាន​ការ​ចាប់ខ្លួន​ទេ​។  បើ​ទាមទារ​ដោះ​លែង​គ្មាន​លក្ខខណ្ឌ​មិន​ចាំបាច់​មានច្បាប់​នោះ​ទេ​»​។