រឿង​វាលស្រែ​ស្នេហ៍​ខ្ញុំ (​ជា​ភាគ​បន្ត​)

ម្លិះ​៖ ច៎ា​! មិន​អី​ទេ ! ខ្ញុំ​គ្រាន់តែ​ចង់ទៅ​មើល​លេង​បន្តិច​ណា​មីង ! មិន​រំខាន​មីង​ទេ​! មីង​ធ្វើ​ការងារ​មីង​បន្ត​ចុះ !
ខន​៖ មិន​អី​ទេ ! អ​ញ្ចឹ​ង​ក្មួយ​ទៅ​មើលចុះ​! ប្រយ័ត្ន​ទឹកជ្រលក់​សូត្រ​ផង​ណា ! ព្រោះ​វា​នៅ ក្តៅ ! មិន​ទាន់​ត្រជាក់​ទេ !
ម្លិះ​៖ ច៎ា​មិន​អី​ទេ​មីង !

ដូរ​ទីតាំង​៖
នៅ​កន្លែង​ជ្រលក់​សូត្រ ។ ឃើញ​មុខ​ម្លិះ​តាម​ចន្លោះ​សរសៃរ​សូត្រ​ដែល​គេ​ដាក់​ជ្រលក់​ហាល​។ សក់​ម្លិះ​ផាត់​រំភើយ​តាម​កម្លាំង​ខ្យល់​បក់ ។ ម្លិះ​ដើរ​មើល​តាម​កន្លែង​ជ្រលក់​សូត្រ (​ស្កុប​យឺត​ៗ)​។ សរសៃសូត្រ​ដែល​គេ​ហាល​ផាត់រ​វ៉ិ​ច​តាម​ខ្យល់ ។ ឃើញ​មុខ​អរុណ​កំពុង​លបមើល​ម្លិះ​ពី​ចម្ងាយ​តាម​ចន្លោះ​សរសៃសូត្រ​។ អរុណ​និង​ម្លិះ​ដើរ​បញ្ច្រាសទិស​គ្នា​យឺតៗ។ អរុណ​កំពុង​លបមើល​ម្លិះ​ពី​ចម្ងាយ ម្លិះ​មិន​បានដឹង​ខ្លួន ។ ម្លិះ​ស្ទាបអង្អែល​សរសៃរ​សូត្រ​ថ្នម​ៗ​មុខ​ញញឹម ។ មាន​បង្គោល​ឈើ​វែង​ៗ​ដែល​គេ​ចង​ជា​បាច់​ផ្អែក​នឹង​សរសរ​រោង​កន្លែង​ជ្រលក់​សូត្រ ។ ម្លិះ​ដើរមក​ដល់​កន្លែង​ដែល​គេ​ទុក​បង្គោល​ឈើ ។ បង្គោល​ឈើ​មួយ​បាច់​ធំ​រលំ​មក​ចំ​កន្លែង​ម្លិះ​ឈរ ។ អរុណ​ឃើញ​ស្ទុះ​មក​រុញ​ម្លិះ​ចេញ ។ បង្គោល​ឈើ​រលំ​ចំ​អរុណ​ដួល​ទៅ​ម្ខាង បង្គោល​ឈើ​ត្រូវ​ចំ​ក្បាល​អរុណ​ពីក្រោយ​បែក​មាន​ឈាម​ហូរ​ប្រលាក់​អាវ​។ ម្លិះ​ភ័យ​ញ័រ​ស្ទុះ​ងើប​មក​ទាញ​អរុណ​ឲ្យ​ចេញ​ឆ្ងាយ​ពី​គំនរ​ឈើ
ម្លិះ ៖ បង​រុណ​ៗ! បង​យ៉ាងម៉េច​ទៅ​ហើយ ?

អរុណ​លើកដៃ​ស្ទាប​កន្លែង​របួស​ក្បាល​រួច​លើកដៃ​មើលឃើញ​ប្រលាក់​ឈាម
អរុណ​៖ មិន​អី​ទេ ! ត្រូវ​នឹង​ជ្រុង​ឈើ​បន្តិចបន្តួច​ប៉ុណ្ណោះ !
ម្លិះ​៖ ហូរ​ឈាម​ហើយ ! បង​នៅ​ថា​តិចតួច​យ៉ាងម៉េច​ទៀត​! មីង​ជួយ​ផង ! ជួយ​ផង !

មីង​ខន​រត់​មក​ពី​កន្លែង​ត្បាញ​ហូល​ឃើញ​ម្លិះ​កំពុង​តែ​ជួយ​ទប់ខ្លួន​អរុណ​។ មីង​ខន​បើកភ្នែក​ធំ​ៗ
ខន​៖ ម៉េច​អ​ញ្ចឹ​ង​អា​រុណ ?
អា​រុណ​៖ អូ​ហ៍​! ខ្ញុំ​ចង់​មក​រក​មើល​ទិញ​ហូល​ឲ្យ​ម៉ែ ! មក​ដល់​ឃើញ​ឈើ​រលំ​មក​ចំ​ភួង​ម្លិះ​! ខ្ញុំ​បម្រុង​ជួយ​ម្លិះ​តែ​ទប់​ឈើ​មិន​ទាន់​ក៏​ត្រូវ​ខ្លួនឯង​ទៅ !
ខន​៖ អ​ញ្ចឹ​ង​ឆាប់​ចូល​ក្នុងផ្ទះ​មីង​សិន​ទៅ​! ចាំ​មីង​មើល​មុខរបួស​ឲ្យ​! បើ​មិន​ស្រួល​ទេ​ប្រញាប់​ទៅ​ពេទ្យ​ទើបបាន !
អា​រុណ​៖ អរគុណ​មីង !

អរុណ​ងាក​មក​ញញឹម​ស្ងួត​ដាក់​ម្លិះ
អរុណ​៖ ម្លិះ​កុំ​ភ័យ​ពេក ! ខ្ញុំ​មិន​អី​ទេ ! ខ្ញុំ​មិនសូវ​ឈឺ​ផង​! គ្រាន់តែ​ដាច់​ស្បែក​តិចតួច​​​ប៉ុណ្ណឹង​ឯង !
ម្លិះ​មើលទៅ​អរុណ​ទាំង​មុខ​បារម្ភ ។

ដូរ​ទីតាំង​៖
នៅ​ក្នុងផ្ទះ​មីង​ខន ។ អរុណ​អង្គុយ​នៅ​លើ​គ្រែ​ឫស្សី​។ មីង​ខន​កំពុង​តែ​រុំ​របួស​ក្បាល​ឲ្យ ម្លិះ​អង្គុយ​នៅ​ក្បែរ​ជួយ​ហុច​ថ្នាំ​និង​ស្បៃ​បង់​រុំ
ខន​៖ មិន​អី​ទេ ! គ្រាន់តែ​ត្រូវ​ជ្រុង​ឈើ​បន្តិច​ប៉ុណ្ណោះ ! សំណាង​ហើយ​ដែល​ផ្ទះ​មីង​មាន​ថ្នាំ​ការពារ​ទុក​រហូត​ព្រោះ​កូន​មីង​វារ​ពិស​ណាស់ ! ងាក​ដួល​ៗ! កុំ​អី​ពិបាក​បន្តិច​ហើយ ! ព្រោះ​ផ្ទះ​មីង​នៅ​ឆ្ងាយ​ពី​ផ្សារ ! អ​ញ្ចឹ​ង​បានជា​មីង​ឧស្សាហ៍​ទិញ​ថ្នាំសង្កូវ​យក​មក​ទុក​ការពារ !
ម្លិះ​៖ បង​អរុណ​ត្រូវ​តែ​ទិញ​ថ្នាំ​ផ្សះ​លេប​បន្ថែម​ហើយ ! មីង​គាត់​មាន​តែ​ថ្នាំលាប​តែ​អត់​    ​មាន​ថ្នាំលេប​ទេ !
អា​រុណ​៖ មិន​អី​ទេ​ម្លិះ​! ចាំ​ខ្ញុំ​ទៅ​ទិញ​នៅ​មុខ​ផ្សារ​ក៏​បាន​ដែរ​! ព្រោះ​ផ្លូវ​ទៅ​ផ្ទះ​ខ្ញុំ​ស្រាប់ !
ខន​៖ ក្មួយ​រុណ​សម្រាក​បន្តិច​សិន​ទៅ​! មើលទៅ​មុខ​ដូច​ជា​នៅ​ស្លេក​ណាស់ ! ចាំ​មាន​កម្លាំង​ចាំ​ជិះ​កង់​ទៅ​វិញ ! ម្លិះ​នៅ​បានជា​គ្នា​ជាមួយ​រុណ​សិន​ទៅ​បាន​ទេ ! មីង​សុំ​ចុះ​ទៅ​កន្លែង​ត្បាញ​សិន​ហើយ ខ្លាច​មាន​ឆ្កែ​មក​ខាំ​ដាច់​កី​សូត្រ​អស់​ទៅ មីង​ច្បាស់​ជា​យំ​មិន​ចេញ​ទេ​!
ម្លិះ​៖ ច៎ា ! មីង​ប្រញាប់​ទៅ​មើល​កន្លែង​ត្បាញ​សិន​ទៅ ! ទុក​ចោល​មិន​បាន​ទេ ! ខ្ញុំ​នៅ​មើល​បង​រុណ​ក៏​បាន​ដែរ ! ចាំ​ឲ្យ​គាត់​មាន​កម្លាំង​បន្តិច ខ្ញុំ​ជូន​គាត់​ទៅ​ទិញ​ថ្នាំ !

ខន​ដើរ​ចេញពី​ក្នុងផ្ទះ​ទៅ​កន្លែង​ត្បាញ​សូត្រ ម្លិះ​ងាក​មើល​មុខ​អរុណ អរុណ​មើល​មក​ម្លិះ​វិញ ភ្នែក​សម្លឹង​គ្នា​ទៅ​វិញ​ទៅ​មក ម្លិះ​អៀន គេច​មុខ​ចេញ
ម្លិះ​៖ បង​រុណ​ចូល​ចិត្ត​តែ​ឈឺឆ្អាល​រឿង​គេ​គ្រប់​គ្នា​យ៉ាងនេះ​! មិន​ខ្លាច​បង​កែវ​បារម្ភ​ទេ​ហ្អី​! មាន​ទឹកចិត្ត​ចំពោះ​គេ​គ្រប់​គ្នា​ជា​រឿង​ល្អ​ហើយ ប៉ុន្តែ​កុំ​ធ្វើ​ឲ្យ​មនុស្ស​ដែល​បារម្ភ​ពី​បង​ពិបាកចិត្ត​អី​! ខ្ញុំ​អរគុណ​ដែល​បង​បាន​ជួយ​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ចង់​ដាស់តឿន​បង​ថា​កុំ​ធ្វើ​ឲ្យ​ស្រី​ៗ ជំពាក់​គុណ​បង​ច្រើន​ពេក ! ថ្ងៃក្រោយ​ទៅ​អាច​ធ្វើ​ឲ្យ​បង​កែវ​គ្មាន​ក្តី​សុខ​ទេ​! ព្រោះ​ខ្ញុំ​ដឹង​ថា​បង​កែវ​ពូកែ​ប្រច័ណ្ឌ​ណាស់​ណ៎ា !

អរុណ​ធ្វើ​ភ្នែក​ស្លឺ មើល​មុខ​ម្លិះ
អា​រុណ​៖ ម្លិះ ! យល់​ច្រ​លំ​រឿង​អី​ទេ​ដឹង​! ហេតុ​អី​ក៏​កែវ​ត្រូវ​បារម្ភ​ពី​ខ្ញុំ ហើយ​ប្រច័ណ្ឌ​ខ្ញុំ​នោះ​! ខ្ញុំ​និង​កែវ គ្រាន់តែ​ជា​មនុស្ស​រាប់អាន​គ្នា​! ជា​អ្នក​ភូមិ​ផង​របង​ជាមួយ ក៏​ធ្លាប់​ស្គាល់គ្នា ឃើញ​គ្នា​តាំង​តែ​ពី​តូច​ៗ! អត់​មានរឿង​អី​លើស​ពី​នេះ​ទេ​!

ម្លិះ​គ្រវីក្បាល
ម្លិះ​៖ បង​រុណ​មិន​ចាំបាច់​ខ្មះ ឬ​លាក់បាំង​អ្វី​ទេ​! ថ្ងៃក្រោយ​ទៅ​យើង​អាច​នឹង​ត្រូវ​រាប់​គ្នា​ជា​សាច់​ជា​ញាតិ​ផង​! ទោះ​បង​កែវ​ជា​ញាតិ​សាច់​ឆ្ងាយ តែ​ពុក​ខ្ញុំ​យក​មក​ចិញ្ចឹម​តាំង​តែ​ពី​តូច ដូច​ជា​បងស្រី​ខ្ញុំ​ម្នាក់​ទៅ​ហើយ​! បង​កែវ​ប្រាប់​ខ្ញុំ​តាម​ត្រង់​អស់​ទៅ​ហើយ !

អរុណ​ធ្វើ​ភ្នែក​ស្លឺ
អរុណ​៖ កែវ​ប្រាប់​ម្លិះ​រឿង​អី​ទៅ​! ប្រាប់​អស់​ទៅ​ហើយ​នោះ !

(​នៅ​មាន​ត​)