គន្លឹះ​សិក្សា​ពី​សិស្ស​និទ្ទេស A ៣នាក់ ក្នុង​ការ​ប្រលង​បាក់​ឌុប​ឆ្នាំ​​មុន

សិស្ស​ទទួល​បាន​និទ្ទេស A ដែល​មាន​លំដាប់​ពិន្ទុ​ខ្ពស់​បំផុត ៣​នាក់​ ក្នុង​ការ​ប្រលង​បាក់ឌុប​ឆ្នាំ២០១៥ បាន​រួម​គ្នា​ចែក​រំលែក​បទ​ពិសោធន៍ និង​គន្លឹះ​សិក្សា​នៅ​ក្នុង​កម្មវិធី “រៀន​ពូកែ និង ពូកែ​រៀន” នៅ​​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (តិចណូ) ដើម្បី​ឲ្យ​អ្នក​ប្រលង​ឆ្នាំ​នេះ​ចាប់​បាន ឈាន​ទៅ​រក​ភាព​ជោគ​ជ័យ​ដូច​ខ្លួន​ដែរ។

 

គន្លឹះ​សិក្សា​ពី​សិស្ស​និទ្ទេស A ៣នាក់ ក្នុង​ការ​ប្រលង​បាក់​ឌុប​ឆ្នាំ​​មុនពី​ឆ្វេង​ទៅ​ស្ដាំ ១. ម៉ាន់ កូតា ២. សេង ហ្គិចលី ៣. ម៉ឹង វាសនា

 

យុវសិស្ស ម៉ាន់ កូតា ដែល​មាន​លំដាប់​ពិន្ទុ​ខ្ពស់​ដាច់​គេ​ក្នុង​កម្រិត​ពិន្ទុ ១០០​ភាគរយ បាន​លើកឡើង​ថា ចង់​រៀន​ពូកែ គួរ​តែ​រំឭក​មេរៀន​ជា​ប្រចាំ ពោល​គឺ​ការកំណត់​ចំនួន​មេរៀន ឬ​លំហាត់ ធ្វើ​យ៉ាង​ណា កុំ​ឱ្យ​ច្រើន​ពេក ឬ​តិច​ពេក​។ ឧទាហរណ៍ ការ​ធ្វើ​លំហាត់​ឱ្យ​បាន​បី​ក្នុង​មួយ​ថ្ងៃ ដើម្បី​បង្កើន​សមត្ថភាព​ក្នុង​ការ​គិត​ឲ្យ​កាន់​តែ​ឆាប់​រហ័ស​​ជាង​មុន។

 

ចំណែក​ឯ សេង ហ្គិចលី ជា​សិស្ស​ពូកែ​និទ្ទេស A លំដាប់​លេខ២ ទូទាំង​ប្រទេស ក្នុង​កម្រិត​ពិន្ទុ ៩៩.៩៩៩ បាន​និយាយ​ថា ខ្លួន​មាន​ទម្លាប់​ម្យ៉ាង​គឺ ការ​មិន​ចូលចិត្ត​ទុក​យូរ ពោល​គឺ​ធ្វើ​ឱ្យ​ហើយ​ចាំ​សម្រាក។ ប្រសិន​បើ​ទុក​ចោល​យូរ អាច​នាំ​ឲ្យ​ភ្លេច ឬ​ទៅ​ជា​ខ្ជិល​ច្រអូស​បាន ដូច​នេះ​ធ្វើ​ត្រូវ​ភ្លាម​ៗ ទាំង​ការ​សិក្សា និង​អនុវត្ត​លំហាត់។ ​

 

រីឯ​យុវ​សិស្ស​ ម៉ឹង វាសនា ទទួល​បាន​និទ្ទេស A លំដាប់លេខ៣ ទូទាំង​ប្រទេស ក្នុង​កម្រិត​ពិន្ទុ ៩៩.៩៩៨ បាន​លើកឡើង​ពី​ការ​ដាក់​វិន័យ​លើ​ខ្លួន​ឯង​ ថា​តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ? ហើយ​បើ​មិន​គោរព​តាម គួរ​ពិន័យ​លើ​ខ្លួន​ឯង​បែប​ណា​ខ្លះ? ធ្វើ​ដូច​នេះ នឹង​នាំ​ឲ្យ​ខ្លួន​មាន​វិន័យ ហើយ​ទម្លាប់​ល្អ​ក្នុង​ការ​សិក្សា​ផង​ដែរ។

 

មាន​តែ​ការ​ព្យាយាម​កាត់បន្ថយ​ភាព​ខ្ជិល​ច្រអូស និង​ការ​តាំងចិត្ត​តែ​ប៉ុន​នោះ​ទេ ដែល​អាច​ធ្វើ​ឱ្យ​ពួកគាត់​ក្លាយ​ជា​សិស្ស​ពូកែ​បាន។ ម្យ៉ាងទៀត ការ​ធ្វើ​សង​ ជា​វិធី​ដ៏​ចាប់​អារម្មណ៍​មួយ នៅ​ពេល​ដែល​ពួកគាត់​មាន​ការ​មមាញឹក​ទៅ​នឹង​ការងារ​អ្វី​ផ្សេង។ នេះ​ជា​ការ​លើកឡើង​ពី​សំណាក់​សិស្ស​ពូកែ​ទាំង​បី៕

 

ចុចអាន៖  ជយលាភី​មេដាយ​មាស​ផ្នែក​អក្សរសិល្ប៍​ខ្មែរ៖ “ខ្ញុំ​ប្រឹង​រៀន​រហូត​ជោគជ័យ​ ដើម្បី​អ្នក​មានគុណ”

ចុចអាន៖ ជើងឯក​អ្នក​តស៊ូ​មតិ​ដ៏​ឆ្នើម​ ប្រាប់​​បទពិសោធន៍​ជោគជ័យ​ក្នុង​​ការ​​​តស៊ូ​​មតិ​​​

ចុចអាន៖ គន្លឹះ​ដាក់​ពាក្យ​​៧​យ៉ាង​​​ ពី​អ្នក​​​ជាប់​ជយលាភី​​អាហារូបករណ៍​

អត្ថបទ៖ នួន ចាន់លីហួត