Facebook ឈ្នះក្តី​ទល់​នឹង​ក្រុមហ៊ុន​ចិន​ផលិត​ភេសជ្ជៈ​ដែល​ប្រើ​ឈ្មោះ​ខ្លួន

ជាថ្មីម្តងទៀត បន្ទាប់ពីឈ្មោះម៉ាក iPhone ត្រូវបានក្រុមហ៊ុនចិនមួយយកទៅប្រើប្រាស់ ពេលនេះគឺម៉ាកFacebook ត្រូវបានក្រុមហ៊ុនចិនផលិតភេជ្ជៈ យកទៅប្រើប្រាស់ ដាក់លើឈ្មោះភេសជ្ជៈរបស់ខ្លួន។ ក្រុមហ៊ុនFacebook បានដាក់ពាក្យប្តឹងទៅតុលាការចិន ហើយទីបំផុត តុលាការចិនបានសម្រេចឲ្យក្រុមហ៊ុន Facebook ឈ្នះ។

ដោយយោងតាមការផ្សាយរបស់ទូរទស្សន៍ CCTV របស់ចិន បានឲ្យដឹងថា កាលពីឆ្នាំ២០១៤ ក្រុមហ៊ុនផលិតភេសជ្ជៈមួយ ឈ្មោះ Zhongshan Pearl River មានទីតាំងនៅក្នុងខេត្តគ័ងទុង បានដាក់ពាក្យសុំប្រើប្រាស់ឈ្មោះសញ្ញាពាណិជ្ជកម្ម Face Book ទៅកាន់អាជ្ញាធរចិនទទួលបន្ទុកកម្មសិទ្ធិបញ្ញា ប៉ុន្តែពាក្យ Facebook គឺសរសេរដោយមានដកឃ្លានៅកណ្តាល។ អាជ្ញាធរកម្មសិទ្ធិបញ្ញាបានអនុញ្ញាតិ ពាក្យសុំនេះ។

ក្រុមហ៊ុនFacebookដែលមានទីតាំងនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានដាក់ពាក្យប្តឹងទៅតុលាការចិន ដើម្បីបញ្ឈប់ការប្រើប្រាស់ឈ្មោះស្លាកសញ្ញាពាណិជ្ជកម្មរបស់ខ្លួន។ តុលាការដំបូងចិន បានសម្រេចក្តី ដោយបានចាត់ទុកជាមោឃៈនូវសេចក្តីអនុញ្ញាតិរបស់អាជ្ញាធរកម្មសិទ្ធិបញ្ញាចិន។ បន្ទាប់មកទៀត ក្រុមហ៊ុនផលិតភេសជ្ជៈចិន បានធ្វើពាក្យបណ្តឹងឧទ្ធរណ៍តែទីបំផុត តុលាការឧទ្ធរណ៍នៅក្រុងប៉េកាំងបានសម្រេច ដោយរក្សាសេចក្តីសម្រេចរបស់តុលាការដំបូង ឲ្យនៅដដែល។

Facebook ឈ្នះក្តី​ទល់​នឹង​ក្រុមហ៊ុន​ចិន​ផលិត​ភេសជ្ជៈ​ដែល​ប្រើ​ឈ្មោះ​ខ្លួនរូបតំណាងបណ្ដាញ Facebook

នៅក្នុងសាលដីការបស់តុលាការឧទ្ធរណ៍ចិន បានបញ្ជាក់ថា ការយកឈ្មោះ Facebook ទៅប្រើប្រាស់ គឺជាការប៉ះពាល់ ទៅដល់កម្មសិទ្ធិបញ្ញានៃស្លាកសញ្ញាពាណិជ្ជកម្មដើម ដែលបានទទួលការការពារដោយច្បាប់។ តុលាការបន្តថា បើសិនជាអាជ្ញាធរអនុញ្ញាតិ ឲ្យមានសកម្មភាពរបៀបនេះ នោះមានន័យថា ក្រុមហ៊ុនដ៏ទៃទៀត ប្រាកដជានាំគ្នាយកម៉ាកឈ្មោះល្បីៗរាប់មិនអស់ មកសុំការអនុញ្ញាតិប្រើប្រាស់ យ៉ាងអាណាធិបតេយ្យ ជាក់ជាមិនខាន។ សកម្មភាពបែបនេះ ត្រូវតែបិទបញ្ចប់។

សូមបញ្ជាក់ថា បណ្តាញសង្គម Facebook មិនត្រូវបានអនុញ្ញាតិឲ្យប្រើប្រាស់ នៅក្នុងប្រទេសចិនទេ។ ក៏ប៉ុន្តែក្រុមហ៊ុនFacebook បានចុះកិច្ចសន្យារកស៊ីជាមួយក្រុមហ៊ុនក្នុងស្រុកចិនជាច្រើន។ លោក Mark Zuckerberg នាយកFacebook បានថែមទាំងឆ្លៀតឱកាស ស្វែងរកការគាំទ្រ ពីសំណាក់អ្នកប្រើប្រាស់បណ្តាញអ៊ីនធើណែត និងបណ្តាញសង្គមនៅចិនទៀតផង។ ដូច្នេះក្រុមហ៊ុនចិន មួយចំនួនក៏មានចំណែកចំណេញជាមួយនឹងការឈ្នះក្តី របស់ក្រុមហ៊ុនFacebook នេះដែរ។

ដោយឡែក គេនៅមិនទាន់ភ្លេចទេថា កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្រុមហ៊ុនApple បានចាញ់ក្តីនៅប្រទេសចិន បន្ទាប់ពីក្រុមហ៊ុនចិនផលិតកាបូបមួយ បានប្រើប្រាស់ពាក្យ IPhone ដាក់នៅលើផលិតផលខ្លួន។ តុលាការចិន បានសម្រេចសេចក្តី ឲ្យក្រុមហ៊ុនចិនឈ្នះ ដោយសំអាងថា ពាក្យIPhone ដែលប្រើនៅលើកាបូប សរសេរជាមួយអក្សរ I ធំ មិនមែនអក្សរ i តូចដូច នៅលើផលិតផលរបស់ ក្រុមហ៊ុន Appleទេ។ យ៉ាងណាក៏ដោយ សេចក្តីសម្រេចដោយសំអាងលើហេតុផល មិនទំនងបែបនេះ បានធ្វើឲ្យមានការរិះគន់ជាច្រើន។ ករណីរំលោភលើកម្មសិទ្ធបញ្ញាពីសំណាក់ក្រុមហ៊ុន រោងចក្រសហគ្រាសចិន មានរាប់ពាន់ករណី ដែលនេះ វាក្លាយទៅជាទំលាប់ប្រពៃណីរបស់ក្រុមហ៊ុនចិនទៅហើយ។ ក្រុមហ៊ុនចិនជាប់ងារល្បីជាងគេ គឺជំនាញខាងចំលង៕

ប្រភពៈ RFI