មានការ​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​មន្ត្រី​សិទ្ធិមនុស្ស និង​អ្នកនយោបាយ​គណបក្សជំទាស់​នៅ​កម្ពុជា​

កាលពី​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦ គណៈកម្មការ​ច្បាប់​អន្តរជាតិ​(The International Commission of Jurists=ICJ) បានចេញ​សេចក្ដីថ្លែងការណ៍​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដែលមាន​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស និង​អ្នកនយោបាយ​គណបក្សប្រឆាំង​។ ក្នុង​សេចក្ដីថ្លែងការណ៍ ចុះ​ថ្ងៃទី​០៩ ខែឧសភា របស់​គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ​ដែលមាន​ស្នាក់ការ​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស បាន​សម្ដែង​នូវ​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការយាយី​របស់​រដ្ឋាភិបាល​ទៅលើ​សកម្មជន​ការពារ​សិទ្ធិមនុស្ស​។ ទន្ទឹមនឹងនេះ​គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ បានស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ការត្រួត​ពិនិត្យឡើងវិញ​និង​បញ្ឈប់​ការចោទប្រកាន់​លើ​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​មន្ត្រី​គណបក្សប្រឆាំង បើសិន​រកឃើញថា ការចោទប្រកាន់​ទាំងនោះ​ធ្វើឡើង​ដោយ​គ្មាន​មូលដ្ឋាន​និង​បំពាន​ច្បាប់​។​

​ចំណុច​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន បញ្ឈប់​នូវ​ការប្រើប្រាស់​ប្រព័ន្ធតុលាការ​ធ្វើបាប​និង​គំរាមកំហែង​មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី​បក្សប្រឆាំង​បន្តទៀត ហើយ​ត្រូវគោរព​សន្ធិសញ្ញា​សិទ្ធិមនុស្ស​អន្តរជាតិ​នានា​ដែល​កម្ពុជា​ជា​រដ្ឋ​ភាគី ពិសេស​គឺ​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​បុព្វសិទ្ធិ​និង​អភ័យឯកសិទ្ធិ​របស់​អង្គការសហប្រជាជាតិ​។ ទីប្រឹក្សា​ច្បាប់​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​នៃ​គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ លោក ឃី​ង​ស្លី អា​ប៊​ត​(Kingsley Abbott) បានបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍ ចុះ​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦​ថា ស្រប​ពេលដែល​កម្ពុជា​ត្រូវមាន​កាតព្វកិច្ច​តាមច្បាប់​អន្តរជាតិ​ក្នុងការ​ការពារ​អ្នកការពារ​សិទ្ធិមនុស្ស​ពី​ការយាយី​ដោយសារ​ការបំពេញ​ការងា​រ​របស់ខ្លួន ចំណាត់ការ​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​ទៅលើ​មន្ត្រី​សិទ្ធិមនុស្ស​ពេលនេះ បង្ហាញ​ឲ្យ​ឃើញ​រឹតតែ​ច្បាស់​ពី​ចេតនា​របស់​រដ្ឋាភិបាល​ក្នុងការ​បំភិតបំភ័យ និង​បំបិទ​សំឡេង​របស់​សង្គម​ស៊ីវិល ដែល​លោ​កថា​រដ្ឋាភិបាល​កម្ពុជា​គួរ​ពិនិត្យ​ជាថ្មី​ឡើងវិញ​។

ទាក់ទង​បញ្ហា​ខាងលើ​នេះដែរ ក្រុម​សិទ្ធិមនុស្ស​នៃ​សហភាព​អឺរ៉ុប បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ​លើ​ការបង្ក្រាប​មន្ត្រី​សិទ្ធិមនុស្ស​ជាថ្មីទៀត​នៅក្នុង​ប្រទេស​កម្ពុជា​។ អង្គការ The Observatory បាន​ទទូច​ឲ្យ​មានការ​ដោះលែង​មន្ត្រី​អង្គការសិទ្ធិមនុស្ស​ដែល​ត្រូវ​ជាប់​ឃុំឃាំង​ដោយ​ឥត​លក្ខខណ្ឌ​និង​ជាបន្ទាន់ ហើយ​បញ្ឈប់​កំណើន​នៃ​ការ​បំបិទ​សំឡេង​ជំទាស់​ក្នុងប្រទេស​កម្ពុជា​។ លោក Gerald Staberock ជា​អគ្គលេខាធិការ​របស់​អង្គការ OMCT ដែលមាន​អង្គការ​២​រួមគ្នា បាន​សម្ដែង​ប្រតិកម្ម​ថា រលក​នៃ​ការចាប់ខ្លួន​ថ្មីៗ​នេះ​បាន​បន្ថែម​នូវ​ការ​រឹតបន្តឹង​កាន់តែខ្លាំង​ប្រឆាំងនឹង​អង្គការ​សង្គម​ស៊ីវិល​តាមរយៈ​ច្បាប់​គាបសង្កត់​លើ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែលមាន​មាត្រា​មួយចំនួន​រំលោភ​លើ​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​កម្ពុជា​ត្រូវគោរព​តាម ក៏ដូចជា​រំលោភ​លើ​ច្បាប់រដ្ឋធម្មនុញ្ញ​កម្ពុជា​ផងដែរ​។ អង្គការ The Observatory បាន​ទទូច​ឲ្យ​មានការ​ដោះលែង​មន្ត្រី​អង្គការសិទ្ធិមនុស្ស​ដែល​ត្រូវគេ​ចាប់​ឃុំឃាំង ដោយ​ឥត​លក្ខខណ្ឌ​និង​ជាបន្ទាន់​។

តាម​សេចក្ដីថ្លែងការណ៍​របស់​ក្រុម​អង្គការសិទ្ធិមនុស្ស​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺ​ណែវ និង​ទីក្រុង​ប៉ារីស ហៅ​កាត់​ថា​អង្គការ The Observatory ដែលមាន​អង្គការ​២ គឺ​អង្គការ FIDH និង OMCT រួមគ្នា​តែមួយ​បាន​លើកឡើងថា ក្រុម​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ បាន​ទទូច​ដល់​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុ​ជា ឲ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ការបង្ក្រាប​លើ​ក្រុម​អង្គការសិទ្ធិមនុស្ស​ដោយ​សង្កត់ធ្ងន់ថា ការចាប់ខ្លួន​ចោទប្រកាន់​ទៅលើ​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស គឺជា​ការគំរាមកំហែង​បំផ្លាញ​សហគមន៍​សិទ្ធិមនុស្ស​ដ៏​សកម្ម​នៅ​កម្ពុជា​។ អ្នកការពារ​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ដែល​ត្រូវ​ចាប់ឃុំខ្លួន​រួមមាន លោក នី សុខា លោក ណៃ វ៉ង់​ដា លោក យី សុខ​សាន និង​លោកស្រី លឹម មុនី​។ មន្ត្រី​សិទ្ធិមនុស្ស​ទាំង​៤​រូបនេះ រួមទាំង​លោក នី ចរិយា អគ្គលេខាធិការរង​គ​ណៈ​កម្ម​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវ​ជាប់ចោទ​ពីបទ​សមគំណិត​សូកប៉ាន់​ស​ក្សី​ដែលជា​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។ ប្រការ​នេះហើយ​ទើប​គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ និង​ក្រុម​សិទ្ធិមនុស្ស​អឺរ៉ុប ប្រតិកម្ម​ភ្លាមៗ​ទៅនឹង​ចំណាត់ការ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦៕

73434591-00DA-48FD-AED5-05F12D263684_cx0_cy20_cw0_w987_r1_s_r1លោក  Gerald Staberock ជាអគ្គលេខាធិការរបស់អង្គការ OMCT ea844666-3a3f-4b61-beec-55cb0f6e3434 13180838_1552629248365985_1170082088_n 13162486_1552629285032648_2063500598_n