U16 ​កម្ពុជា​រំពឹង​ឆ្លង​ផុត​វគ្គ​ចែក​ពូល AFF U-16 Championship ឆ្នាំ​នេះ

ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​​កម្ពុជា​ក្រោម​អាយុ​១៦​ឆ្នាំ (U16)​ ​មាន​ទំនុក​ចិត្ត​ខ្ពស់​ថា​នឹង​អាច​ឆ្លងផុត​វគ្គ​ចែក​ពូល​ពាន​រង្វាន់ AFF U-16 Championship ដែល​កម្ពុជា​ផ្ទាល់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ​។

 

U16 ​កម្ពុជា​រំពឹង​ឆ្លង​ផុត​វគ្គ​ចែក​ពូល AFF U-16 Championship ឆ្នាំ​នេះលោក INOUE KAZUNORI

 

លោក INOUE KAZUNORI ​គ្រូ​បង្គោល​ជន​ជាតិ​ជប៉ុន​ដែល​ទើប​តែ​មក​ដឹក​នាំ​ឈុត U16 ​កម្ពុជា​ឆ្នាំ​នេះ ​ជឿជាក់​លើ​សមត្ថភាព​កូន​ក្រុម​ព្រោះ​សមាជិក​ក្នុង​ឆ្នាំ​នេះ​ខុស​គ្នា​ពី​ឆ្នាំ​មុន ដោយ​លោក​បាន​ជ្រើសរើស​កីឡាករ​ថ្មី​ៗ ​ច្រើន។ ទន្ទឹម​គ្នា​នឹង​ការ​ប្រឹងប្រែង​ហ្វឹកហាត់​ជា​រៀងរាល់​ថ្ងៃ​ផង​នោះ លោក KAZUNORI ​រំពឹង​យ៉ាង​មុតមាំ​ថា​នឹង​អាច​ឆ្លង​ផុត​វគ្គ​ចែក​ពូល ​ដើម្បី​បង្កើត​ជា​រឿង​អស្ចារ្យ​មួយ​សម្រាប់​កម្ពុជា។

 

មុន​ការ​ប្រកួត​ពាន​រង្វាន់ AFF U-16 Championship ​ឈាន​ចូល​មក​ដល់ ​ក្រុម U16 ​កម្ពុជា​នៅ​ល្ងាច​នេះ​​នឹង​ចេញ​ដំណើរ​ទៅ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​វៀតណាម​ ហើយ​បន្ទាប់​មក​​នឹង​​ទៅ​ប្រកួត​នៅ​ថៃ​ទៀត ដើម្បី​ពង្រឹង​សមត្ថភាព។

 

U16 ​កម្ពុជា​រំពឹង​ឆ្លង​ផុត​វគ្គ​ចែក​ពូល AFF U-16 Championship ឆ្នាំ​នេះ

សកម្មភាពហ្វឹកហាត់​នៅ​ពហុកីឡដ្ឋានជាតិ

 

​AFF U-16 Championship 2016 ​នឹង​ត្រូវ​ធ្វើ​ឡើង​នា​​ថ្ងៃ​ទី​១០ ​ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី​២៣​ខែ​កក្កដា ​ឆ្នាំ​២០១៦ ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ពាន​រង្វាន់​មួយ​នេះ​មាន​១១​ប្រទេស​ចូល​រួម​ប្រកួត ​ត្រូវ​បែងចែក​ជា​២​ពូល ដោយ​ពូល A ​មាន​មីយ៉ាន់ម៉ា អូស្ត្រាលី ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និង​សិង្ហបុរី ខណៈ​​ពូល B ​មាន​ម្ចាស់​ផ្ទះ​កម្ពុជា ឡាវ ថៃ ទីម័រ ​និង​ប្រ៊ុយណេ។ ដោយ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត នឹង​ប្រើ​ទីលាន​២​ដើម្បី​ធ្វើ​ការ​ប្រកួត ដោយ​ទី​មួយ​គឺ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ និង​កីឡដ្ឋាន​ស្ដាត​ចាស់។

 

កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ កម្ពុជា​ក៏​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​មួយ​នេះ​ដែរ ប៉ុន្តែ​បាន​ត្រឹម​ខក​ចិត្ត​ដោយ​ធ្លាក់​នៅ​វគ្គ​ចែក​ពូល (៤​ប្រកួត​របស់​កម្ពុជា​ឈ្នះ​ហ្វីលីពីន ១-០, ចាញ់​អូស្ត្រាលី ៤-០, ស្មើ​សិង្ហបុរី​០-០​ និង​ចាញ់ មីយ៉ាន់ម៉ា​ ៣-០) ហើយ​ក្រុម​ដែល​ទទួល​បាន​ជើង​ឯក​គឺ​ U16 ​របស់​ប្រទេស​ថៃ ​បន្ទាប់​ពី​ឈ្នះ​មីយ៉ាន់ម៉ា​៣-០ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ៕

 

អត្ថបទ៖ មុន្នី រម្យ