«ព្រៃឈើ» ទំនងជាត្រូវផុតពូជ ក្នុងរយៈពេល ១០០ឆ្នាំខាងមុខទៀត ពីផែនដី?

# ការកាប់បំផ្លាញព្រៃឈើជាអ្វី?

ការកាប់បំផ្លាញព្រៃឈើ គឺការបំផ្លាញព្រៃឈើជាអចិន្ត្រៃយ៍ នៅក្នុងគោលបំណង ដើម្បីធ្វើឲ្យដី អាចប្រើបាន សម្រាប់ការងារផ្សេងទៀត ដូចជាបម្លែងដីព្រៃឲ្យទៅជាកសិដ្ឋាន​  វាលស្រែ  និងសម្រាប់ការសាងសង់ ជាដើម -ល-។

គេបានធ្វើការប៉ាន់ស្មានថា ព្រៃឈើ ១៨ acres (ប្រមាណ ៧.៣ លានហិចតា) ដែលជាទំហំប្រហែលនឹងប្រទេស ប៉ាណាម៉ា មួយ ត្រូវបានបាត់បង់ជារៀងរាល់ឆ្នាំ ជុំវិញពិភពលោក។ នេះបើយោងតាមអង្គការស្បៀង និងកសិកម្ម របស់អង្គការសហប្រជាជាតិ (FAO)។

ខាងក្រោមជាចំនុចគួរឲ្យកត់សម្គាល់មួយចំនួន៖

• ព្រៃឈើតំបន់ត្រូពិច ពាក់កណ្តាលរបស់ពិភពលោក ត្រូវបានបំផ្លាញ (FAO)

• បច្ចុប្បន្ននេះ ព្រៃឈើគ្របដណ្តប់តែ ៣០ ភាគរយ នៃទំហំដីរបស់ពិភពលោកទាំងមូល (National Geographic)

• ការបាត់បង់ព្រៃឈើ ប្រចាំឆ្នាំមានចន្លោះពី ៦ ភាគរយ ទៅ១២ ភាគរយនៃពិភពលោក

• ការបំភាយឧស្ម័ន កាបូន ឌីអុកស៊ីត

• ប្រមាណ ៣៦ ទីលានកីឡាបាល់ទាត់ មានតម្លៃស្មើនឹងដើមឈើដែលបាត់បង់ជារៀងរាល់នាទី (អង្គការមូលនិធិសត្វព្រៃពិភពលោក WWF)

# ទីតាំង

ការកាប់បំផ្លាញព្រៃឈើ បានកើតមានឡើង នៅជុំវិញពិភពលោក បើទោះបីជាត្រូវបានគេហាមឃាត់ ព្រៃតំបន់ត្រូពិចជាពិសេសក៏ដោយ។ អង្គការណាសា (NASA) បានព្យាករថា ប្រសិនបើកម្រិតនៃការកាប់បំផ្លាញព្រៃឈើ នាពេលបច្ចុប្បន្ននៅតែបន្ត ព្រៃរបស់ពិភពលោក អាចនឹងមានសេសសល់តិចតួចត្រឹម ១០០ឆ្នាំទៀតប៉ុណ្ណោះ។ 

បើគិតមកទល់នឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ រូបភាពខាងលើបង្ហាញពីបណ្តាប្រទេសទាំង១០ ដែលមានភាគរយ បាត់បង់ព្រៃឈើខ្ពស់បំផុត នៅចន្លោះឆ្នាំ ២០០០ ដល់ ២០១២។

# មូលហេតុ

មូលហេតុទូទៅមួយចំនួនគឺ៖

• ដើម្បីពង្រីកដីអោយបានកាន់តែច្រើន សម្រាប់លំនៅដ្ឋាន និងនគរូបនីយកម្ម

• ដើម្បីប្រមូលផលឈើ ទៅបង្កើតផលិតផលពាណិជ្ជកម្មដូចជា ក្រដាស គ្រឿងសង្ហារឹម និងផ្ទះ

• ដើម្បីបង្កើតជាគ្រឿងផ្សំ ដែលត្រូវបានគេផ្តល់នូវតម្លៃថ្លៃ ឧទាហរណ៍ ប្រេងចម្រាញ់ចេញពីដើមដូងជាដើម

• ដើម្បីបង្កើតកន្លែងសម្រាប់ចិញ្ចឹមសត្វ

តែបើយោងតាម លេខាធិការដ្ឋាននៃ អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (UNFCCC) មូលហេតុផ្ទាល់ពីការកាប់បំផ្លាញព្រៃឈើដ៏លើសលប់ គឺកសិកម្ម។ ការកាប់បំផ្លាញព្រៃឈើ ដើម្បីធ្វើកសិកម្មចិញ្ចឹមជីវិត ៤៨%, ធ្វើកសិកម្មបែបពាណិជ្ជកម្ម ៣២%, កាប់ឈើអុស ១៤% និងយកឈើធ្វើប្រេងឥន្ធនៈ ៥%។ មួយចំនួនអះអាងថា ប្រជាជនក្រីក្រច្រើនតែ ធ្វើការឈូសឆាយព្រៃ ដោយសារពួកគេ មិនមានជម្រើសណាផ្សេងឡើយ។ អ្នកផ្សេងទៀតដែលក្រីក្រ ខ្វះសមត្ថភាពក្នុងការ បង់ប្រាក់សម្រាប់ការចំនាយ លើតម្រូវការប្រចាំថ្ងៃ ទើបពូកគេត្រូវតែកាប់ព្រៃ។

មូលហេតុផ្សេងទៀត នៃការកាប់បំផ្លាញព្រៃឈើអាចរួមបញ្ចូលនឹង អំពើពុករលួយ ភាពមិនស្នើភាពគ្នា នៃទ្រព្យសម្បត្តិនិងអំណាច កំណើនចំនួនប្រជាជន និងនគរូបនីយកម្ម។

# ផលប៉ះពាល់

• បំរែបំរួលអាកាសធាតុ

ការកាប់បំផ្លាញព្រៃឈើ ត្រូវបានចាត់ទុកថាជា កត្តាចម្បងដែលធ្វើឲ្យមានការផ្លាស់ប្តូរ អាកាសធាតុជុំវិញពិភពលោក។ នេះបើយោងតាម លោក Michael Daley ជាសាស្ត្រាចារ្យរងផ្នែកបរិស្ថានវិទ្យាសាស្រ្ត នៅមហាវិទ្យាល័យ Lasell នៅញូតុន រដ្ឋMassachusetts សហរដ្ឋអាមេរិក បាននិយាយបញ្ហាលេខ1 ដែលជាឥទ្ធិពលពីការកាប់បំផ្លាញព្រៃឈើ គឺជាផលប៉ះពាល់លើវដ្តកាបូន របស់ពិភពលោក។ ម៉ូលេគុលឧស្ម័ន ដែលបានស្រូបយកចំហាយវិទ្យុសកម្ម ត្រូវបានហៅថា ឧស្ម័នផ្ទះកញ្ចក់។ ប្រសិនបើមាន ឧស្ម័នផ្ទះកញ្ចក់បរិមាណច្រើន អាកាសធាតុត្រូវតែបង្ខំ ឲ្យមានការផ្លាស់ប្តូរ។ ការដុតដីព្រៃបានបន្សាយបរិមាណ ឧស្ម័ន CO2 ដែលជាមូលហេតុការកើនឡើងនូវកំដៅផែនដី។ អ្នកវិទ្យាសាស្ដ្រ បានបញ្ជាក់ផងដែរថា កាប់បំផ្លាញព្រៃឈើតំបន់ត្រូពិច បានបន្សាយកាបូនចំនួន ១.៥ ពាន់លានតោន ជារៀងរាល់ឆ្នាំចូលក្នុងបរិយាកាស។

• ការបាត់បង់នូវជីវចម្រុះ

នេះបើយោងតាម National Geographic ៧០ភាគរយនៃរុក្ខជាតិ និងសត្វនៅលើពិភពលោក ដែលរស់នៅក្នុងព្រៃ ត្រូវបានបាត់បង់ទីជម្រករបស់ពួកវា ដោយសារតែការកាប់បំផ្លាញព្រៃឈើ។ ការបាត់បង់ទីជំរក នឹងអាចនាំឲ្យវិនាសផុតពូជ។ វាក៏មានផលអវិជ្ជមាន សម្រាប់ការស្រាវជ្រាវផ្នែកវិជ្ជសាស្ត្រ និងប្រជាជនក្នុងស្រុក ដែលពឹងផ្អែកលើសត្វ សម្រាប់ការប្រម៉ាញ់ និងរុក្ខជាតិក្នុងព្រៃសម្រាប់ថ្នាំពេទ្យផងដែរ។

• វដ្តទឹក

ដើមឈើ មានសារៈសំខាន់ណាស់ ដើម្បីបង្កើតវដ្តទឹក។ ពួកវាស្រូបយកទឹកក្រោមដី ក៏ដូចជាទឹកភ្លៀង និងបង្កើតបានជាចំហាយទឹក ដែលបន្សាយទៅក្នុងបរិយាកាស។ នៅពេលដែលព្រៃឈើត្រូវបានបំផ្លាញ ដើមឈើនឹងលែងបញ្ចេញចំហាយទឹក ជាលទ្ធផលនាំឲ្យអាកាសធាតុ កាន់តែស្ងួតជាងមុន។

• សំណឹកដី

ឫសឈើ ចាក់ចូលទៅតាមដី។ បើគ្មានដើមឈើ ដីនឹងត្រូវហើរចេញពីទីតាំងរបស់វាទៅឆ្ងាយ ដែលអាចនាំឱ្យមានបញ្ហា ដល់ការរីកលូតលាស់របស់រុក្ខជាតិ។ ជាលទ្ធផល វានឹងបង្កជាបញ្ហាដូចជា សំណឹកដី  ទឹកជំនន់  និងការរអិលបាក់ដី ជាដើម។

• ការរស់នៅ

សំណឹកដី នាំឱ្យមានការលប់ បឹង អូរ និងប្រភពទឹកដទៃផ្សេងទៀត។ នេះអាចធ្វើឲ្យថយចុះ គុណភាពទឹកក្នុងតំបន់ និងធ្វើឲ្យប្រជាជនមានបញ្ហាសុខភាពមិនល្អក្នុងតំបន់នោះផងដែរ។

ផ្ទុយទៅវិញ ព្រៃឈើផ្តល់ផលប្រយោជន៍ជាច្រើនដូចជា៖

• ផ្តល់នូវខ្យល់បរិសុទ្ធ

• ផលិតអុកស៊ីសែន, កាត់បន្ថយផ្សែងពុល, លើកកម្ពស់សុខភាពផ្លូវដង្ហើម

• កាត់បន្ថយកាបូន (ឧស្ម័ន CO2)

• ជាម៉ាស៊ីនត្រជាក់បែបធម្មជាតិ (បង្កើតភាពត្រជាក់ និងបន្ថយសីតុណ្ហភាពពី ៦ ទៅ ៨ អង្សា ទាបជាងកន្លែងដែលគ្មានដើមឈើ)

• កាត់បន្ថយគ្រោះធម្មជាតិ (ទឹកជំនន់)

• ជាជំរកសត្វព្រៃ

• ពណ៌បៃតង ពីដើមឈើធ្វើអោយក្រសែភ្នែកបន្ថយសម្ពាធនិងមានភាពស្រស់ថ្លា 

# ការទប់ទល់ការកាប់បំផ្លាញព្រៃឈើ

មនុស្សជាច្រើនជឿថា ការប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើគឺគ្រាន់តែត្រូវការ ដាំដើមឈើ វិញបន្ថែមទៀតប៉ុណ្ណោះ។ បើទោះបីជាកិច្ចខិតខំប្រឹងប្រែងជួយដាំ អាចដោះស្រាយបញ្ហាការកាប់បំផ្លាញព្រៃឈើបានមែន តែក៏មិនដោះស្រាយបានទាំងអស់ដែរ។

ការដាំដើមឈើ នឹងជួយសម្រួលដល់៖

• ស្ដារឡើងវិញនូវ ប្រព័ន្ធអេកូ ដែលផ្តល់ដោយព្រៃឈើ រួមមាន ការរក្សាជាតិកាបូន និងវដ្តទឹក

• កាត់បន្ថយការកើនឡើង ឧស្ម័នកាបូនឌីអុកស៊ីតនៅក្នុងបរិយាកាស

• ការកសាង ជម្រកសត្វព្រៃ

លើសពី ការដាំដើមឈើឡើងវិញ, យើងគួរមានយុទ្ធសាស្រ្តមួយចំនួនផ្សេងទៀត បង្អាក់ឬបន្ថយការកាប់បំផ្លាញព្រៃឈើអោយមានល្បឿនយឺត។ ក្នុងនោះរួមមាន ការផ្លាស់ប្តូររបបអាហាររបស់ប្រជាជនទៅនឹងអោយបរិភោគដំណាំរុក្ខជាតិអោយបានច្រើន។ ដែលនេះនឹង កាត់បន្ថយ តម្រូវការសម្រាប់ដីសម្រាប់ការចិញ្ចឹមសត្វផងដែរ។ ជាពិសេស រាជរដ្ឋាភិបាលគួររឹតបន្តឹងច្បាប់ព្រៃឈើ និងដាក់ទោសជនណាដែលកាប់បំផ្លាញព្រៃឈើខុសច្បាប់ជាកំហិត៕

ប្រភព៖  |  |  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

«ព្រៃឈើ» ទំនងជាត្រូវផុតពូជ ក្នុងរយៈពេល ១០០ឆ្នាំខាងមុខទៀត ពីផែនដី?
ប្រភពពី សាកលវិទ្យាល័យ MARYLAND សហរដ្ឋអាមេរិក

«ព្រៃឈើ» ទំនងជាត្រូវផុតពូជ ក្នុងរយៈពេល ១០០ឆ្នាំខាងមុខទៀត ពីផែនដី?

«ព្រៃឈើ» ទំនងជាត្រូវផុតពូជ ក្នុងរយៈពេល ១០០ឆ្នាំខាងមុខទៀត ពីផែនដី?