តារា​ប្រុស​ម្នាក់​សម្រេច​ចិត្ត​ឈប់​ពី​សិល្បៈ​ទៅ​ធ្វើ​ចម្ការ​វិញ

ការ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​រយៈ​ពេល ៥ ឆ្នាំ​ហាក់​មិន​រីក​ចម្រើន​ទៅ​មុខ ធ្វើ​ឱ្យ​តារា​សម្ដែង ឆានុន បាន​សម្រេច​ចិត្ត​បញ្ចប់​អាជីព​នេះ​ទាំង​ស្រុង​ហើយ ដោយ​ងាក​ទៅ​ប្រកប​របរ​ធ្វើ​ស្រែ​ចម្ការ​វិញ​ម្ដង។

 

តារា​ប្រុស​ម្នាក់​សម្រេច​ចិត្ត​ឈប់​ពី​សិល្បៈ​ទៅ​ធ្វើ​ចម្ការ​វិញ

 

“យូរៗ​ទៅ​មិន​ដឹង​រីក​ចម្រើន​ទៅ​ណា ក៏​ឈប់​តែ​ម្ដង​ទៅ ម្យ៉ាង​ខ្ញុំ​ដូច​លែង​ចង់​ធ្វើ​តារា​អី​ទៀត​ហើយ ធ្វើ​ចម្ការ​នៅ​ស្រុក​វិញ​ម្ដង”។ ឆានុន ថ្លែង​មក​កាន់ Sabay។ តារា​សម្ដែង​រូប​នេះ​បន្ថែម​ថា ការ​ប្រឡូក​សិល្បៈ​កន្លង​មក​នេះ​ហាក់​មាន​លក្ខណៈ​មិន​ពេញ​លេញ​នោះ​ទេ ធ្វើ​ឱ្យ​មិន​អាច​រក​ចំណូល​បាន​ច្រើន​ដូច​តារា​ផ្សេង​ទៀត។ ម្យ៉ាង​ទៀត​រូប​គេ​មិន​ចេះ​ច្រៀង មាន​តែ​ការងារ​សម្ដែង​តាម MV ចម្រៀង​ឱ្យ​ផលិតកម្ម​នានា​ប៉ុណ្ណោះ។

 

បន្ទាប់​ពី​ការ​សម្រេច​ចិត្ត​នេះ ឆានុន បាន​អះអាង​ថា លោក​ត្រូវ​សន្សំ​លុយ​កាក់​ដើម្បី​រក​ទិញ​ដី​ចម្ការ​ខ្លះ​ទៀត បន្ថែម​លើ​ដី​ចម្ការ​ស្វាយ និង​ចម្ការ​ល្មុត​មាន​ស្រាប់​នៅ​ខេត្ត​កណ្ដាល។ រូប​គេ​ក៏​កំពុង​តែ​ពង្រឹង​មុខ​របរ​ជា​ជាង​កាត់​សក់​ផង​ដែរ ព្រោះ​ចាប់​ផ្ដើម​ដំណើរ​ការ​ល្អ​បណ្ដើរៗ​ហើយ​ដែរ។ យ៉ាង​ណា​ក៏​ដោយ ឆានុន អះអាង​ថា គ្មាន​គម្រោង​វិល​ចូល​សិល្បៈ​វិញ​ទេ៕

 

អត្ថបទ៖ សំ ជំនាញ