ប្តី​ខ្លះ​វាយ​ធ្វើបាប​ប្រពន្ធ ប្តី​ខ្ញុំ​ប្រពន្ធ​វាយ​ធ្វើបាប​រាល់ថ្ងៃ

ប្តី​ខ្លះ​វាយ​ធ្វើបាប​ប្រពន្ធ ប្តី​ខ្ញុំ​ប្រពន្ធ​វាយ​ធ្វើបាប​រាល់ថ្ងៃ



រាជធានី​ភ្នំពេញ ៖ អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ ស្ទើរតែ​៩៩,៩​ភាគរយ​ទៅ​ហើយ ដែល​ផ្ដើម​ចេញពី​ប្ដី ខ្លះ​លួច​ទៅ​មាន​ស្រី​ក្រៅ​ផ្ទះ ក្បត់ចិត្ត​ប្រពន្ធ ប្តី​ខ្លះ​ដើរ​លេង​ល្បែងស៊ីសង​លក់​អស់ទ្រព្យ​សម្បត្តិ និង​ខ្លះ​ដើរ​ផឹកស៊ី​មិន​គិតការ​ងារ​រកស៊ី​ជាដើម រហូត​ធ្វើ​ឲ្យ​ប្រពន្ធ​អត់ទ្រាំ​មិន​បាន កើត​មាន​ជម្លោះ​ឡើង ហើយ​ត្រូវ​ប្ដី​វាយ​ធ្វើបាប​ទាត់​ធាក់​រាល់ថ្ងៃ រហូត​មាន​ទាំង​ដុត​ផ្ទះ​ចោល និង​ខ្លះ​រហូត​ដល់​ស្លាប់​យ៉ាង​អយុត្តិធម៌​ផង​ដែរ ។

ប៉ុន្តែ​ពេល​នេះ មានគ្រួសារ​មួយ ដែល​បាន​រៀប​ការ​ជាមួយ​គ្នា​អស់​រយៈពេល​ជាង​១៦​ឆ្នាំ​មក​ហើយ ខុស​ប្លែក​ពី​អ្វី​ដែល​បាន​រៀបរាប់​ខាងលើ ដោយ​បុរស​ជា​ប្ដី បាន​រកស៊ី​ចិញ្ចឹម​ប្រពន្ធ​កូន​យ៉ាង​ពេញបន្ទុក ព្រមទាំង​ជា​មនុស្ស​ស្លូតបូត ។ ប៉ុន្តែ​លទ្ធផល​ដែល​ទទួល​បាន​មក​វិញ គឺ​ត្រូវ​បាន​ស្ត្រី​ជា​ប្រពន្ធ​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ គឺ​ថ្ងៃ​ណា​ក៏​ស្រវឹង ហើយ​រករឿង​ជេរ​ប្រមាថ និង​ដេញ​កាប់​ដេញ​វាយ​បុរស​ជា​ប្ដី​គ្មាន​លស់​ថ្ងៃ និង​ប៉ុនប៉ង​ដុត​ផ្ទះ​ចោល​ថែម​ទៀត ។

ដោយ​អត់ទ្រាំ​លែង​បាន និង​ភ័យ​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ទើប​នៅ​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ ឧសភា បុស​នោះ​បាន​ដឹក​ដៃ​កូនប្រុស អាយុ​១៣​ឆ្នាំ​ម្នាក់ ធ្វើ​ដំណើរ​មក​កាន់​សាលាសង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ស្វែងរក​អន្តរាគមន៍​ពី​សំណាក់​អាជ្ញាធរ ។ ប៉ុន្តែ​ដោយសារ​ជា​ថ្ងៃអាទិត្យ ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​របស់​មន្ត្រីរាជការ ទើប​គាត់​មិន​បាន​ជួប​អាជ្ញាធរ បាន​ជួប​ជាមួយ​មន្ត្រី​ប៉ូលិស​ប៉ុស្ដិ៍​ចោម​ចៅ ដែល​កំពុង​ប្រចាំការ​នៅ​ទីនោះ ហើយ​ប៉ូលិស​បាន​ផ្ដល់​លេខ​ទូរស័ព្ទ​សម្រាប់​ទំនាក់ទំនង ហៅ​ប៉ូលិស​ជួយ​អន្តរាគមន៍​នៅ​ពេល​ណា​ដែល​ប្រពន្ធ​ប្រើ​ហិង្សា ។

បុរស​ដែល​ត្រូវ​ប្រពន្ធ​ធ្វើបាប​នោះ​ឈ្មោះ ទី អៀង​ប៉ាត់ អាយុ​៥២​ឆ្នាំ ជា​ចុងភៅ​ប្រចាំ​នៅ ភោជនីយដ្ឋាន «​ប៉ី​ជី​ង​» ចំណែក​ប្រពន្ធ​ឈ្មោះ សាយ សុភាព អាយុ​៥៣​ឆ្នាំ ។ ក្រោយ​ពេល​អ្នក​ទាំង​ពីរ ចាប់ដៃ​គ្នា​បានជា​ប្ដី​ប្រពន្ធ ជាង​១៦​ឆ្នាំ​កន្លង​មកនេះ បានកូន​ប្រុស​ម្នាក់ ដែល​ពេល​នេះ​កូនប្រុស មាន​អាយុ​១៣​ឆ្នាំ​ហើយ សព្វថ្ងៃ​គ្រួសារ​មួយ​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​ជា​ប្ដី​បាន​និយាយ​ប្រាប់​ប៉ូលិស​ថា គាត់​និង​ប្រពន្ធ​បាន​រៀប​ការ​នឹង​គ្នា​មាន​រយៈពេល ជាង​១៦​ឆ្នាំ​កន្លង​មក​ហើយ ដែល​ពន្លក​ស្នេហ៍​នោះ​ដុះ​ឡើង​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៩៨​។ ប៉ុន្តែ​ក្រោយ​ពេល​ស្ទាបស្ទង់​ចិត្តថ្លើម​គ្នា​រយៈពេល​២​ឆ្នាំ​រហូត​ដល់​ឆ្នាំ​២០០០ ទើប​រៀប​មង្គលការ បាន​លេច​ចេញ​ជា​រូបរាង ។ គាត់​និយាយ​ថា កាល​ណោះ​គាត់​នៅ​កំលោះ ចំណែក​ប្រពន្ធ​គាត់ គឺជា​ស្រី​មេម៉ាយ​កូន​បី​នាក់ ហើយ​អ្វី​ដែល​បាន​ជួប​គ្នា រហូត​បង្កាត់ភ្លើង​ស្នេហ៍​ឲ្យ​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​នោះ គឺ​ខណៈនោះ​គាត់​ជា​ចុងភៅ ប្រចាំ​នៅ​ភោជនីយដ្ឋាន យីហោ «​ប៉ី​ជី​ង​» ។ ដោយឡែក ប្រពន្ធ​របស់​គាត់ តែងតែ​ទៅ​ហូប​ស៊ុប​នៅ​ទីនោះ​ញឹកញាប់​ទើប​ស្គាល់គ្នា ។ ដោយ​មើលឃើញ នាង​មាន​ច​រិ​កឫក​ពារ​ស្រគត់ស្រគុំ គួរ​ឲ្យ​ស្រលាញ់ ទើប​គាត់​បាន​ចាប់ចិត្ត​ស្រលាញ់ ​ហើយ​នាង​ក៏​ស្រលាញ់​គាត់​វិញ​ដែរ ។

បុរស​នោះ​បាន​បន្ត​ថា ផ្ទុយ​ស្រឡះ​ពី​អ្វី​ដែល​បាន​មើលឃើញ​តែ​សម្បក​ក្រៅ ដែល​ក្រោយ​ពេល​រៀប​ការ​បាន​មួយ​រយៈពេល​ខ្លី ប្រពន្ធ​គិតតែ​ផឹកស៊ី​ស្រវឹង​អួទីនួ​រាល់ថ្ងៃ និង​បាន​រករឿង​គាត់​ជា​បន្តបន្ទាប់ ដែល​បាន​ធ្វើ​ឲ្យ​គាត់ ពិបាកចិត្ត​ស្ទើរ​បែក​ទ្រូង ។ ជា​និច្ចកាល​ឲ្យ​តែ​ស្រវឹង​ម្តង​ៗ ប្រពន្ធ​គាត់​តែង​ប៉ុនប៉ង​ដុត​ផ្ទះ​ចោល និង​ដេញ​វាយ​ដេញ​កាប់​គាត់​ជា​បន្តបន្ទាប់ ។ មិនតែប៉ុណ្ណោះ​ប្រច័ណ្ឌ​គាត់​ជាមួយ​កម្មការិនី​រោងចក្រ ដែល​ជួល​ផ្ទះ​ស្នាក់​នៅ ។ ហើយ​រឿង​គួរ​ឲ្យ​អស់សំណើច​ទៀត​នោះ មានកម្ម​ការិនី​ម្នាក់​ដែល​ជួល​ផ្ទះ​គាត់​ស្នាក់​នៅ​មាន​ផ្ទៃពោះ​ជាមួយ​សង្សារ​របស់​គេ​សោះ ហើយ​សង្សារ​នោះ​បោះបង់​ចោល ស្រាប់តែ​ប្រពន្ធ​បាន​ចោទប្រកាន់​ថា គាត់​ជា​អ្នក​ធ្វើ​ឲ្យ​នាង​ម្នាក់​នោះ មាន​ផ្ទៃពោះ​ទៅ​វិញ និង​បាន​ចោទ​ថា គាត់​យក​លុយ​ឲ្យ​ស្រី​ថែម​ទៀត ។

លោក​ប្តី​បាន​រៀបរាប់​បន្ត​ថា គាត់​គ្មាន​ស្រី​ញី​ឯណា​ក្រៅ​ផ្ទះ​នោះ​ទេ គឺ​ស្រលាញ់​ប្រពន្ធ​ណាស់ ព្រោះ​ពេល​នេះ​ខ្លួន​កាន់តែ​ចាស់​ៗ​អស់​ទៅ​ហើយ មិនមែន​ក្មេង​ដូច​ពេល​មុន​ទៀត​ទេ ។ ការ​មាន​ស្រី​ក្រៅ​នាំ​ឲ្យ​មាន​បញ្ហា​ក្នុង​គ្រួសារ​បាត់បង់​សុភមង្គល និង​នាំ​ឲ្យ​ខ្មាស​អៀន​អ្នក​ស្រុកភូមិ​ថែម​ទៀត ។ ម្យ៉ាងទៀត​ពេល​នេះ គាត់​ស្វែងរក​អន្តរាគមន៍​ពី​អាជ្ញាធរ គឺ​មិនមែន​ចង់​លែងលះ​គ្នា​ជាមួយ​ប្រពន្ធ​នោះ​ទេ ថ្វី​ដ្បិត​ពេល​នេះ​ប្រពន្ធ​គាត់​ក្លាយជា​មនុស្ស សរសៃប្រសាទ​ទៅ​ហើយ​ក្ដី គឺ​គាត់​គ្រាន់តែ​ចង់​ការពារ​ជីវិត​ខ្លួនឯង​ប៉ុណ្ណោះ ។ គាត់​ថា​កន្លង​មក​ថ្មី​ៗ គាត់​ស្ទើរ​ត្រូវ​ប្រពន្ធ​កាប់​ស្លាប់​ម្ដង​មក​ហើយ ដោយ​ប្រពន្ធ​ផឹក​ស្រវឹង ដេញ​កាប់​រត់​មិន​ចង់​រួច រហូត​មាន​អន្តរាគមន៍​ពី​ប៉ូលិស ទើប​រួច​ពីមុខ​កាំបិត​ប្រពន្ធ ។

ទាក់ទិន​ទៅ​នឹង​ហេតុការណ៍​នោះ​គេហទំព័រ  Everyday.com.kh មិន​អាច​ស្វែងរក​ការ​បំភ្លឺ ពី​ស្ត្រី​ជា​ប្រពន្ធ​បាន​ទេ ។ ចំណែក​បុរស​ជា​ប្ដី បាន​ដឹក​ដៃ​កូនប្រុស​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ ក្នុង​ទឹកមុខ​ភ័យ​ខ្លាច ។ ខណៈនោះ​បាន​មន្ត្រី​ប៉ូលិស មានការ​អាណិតអាសូរ បាន​ឲ្យ​លេខ​ទូរស័ព្ទ​ទុក​សម្រាប់​ទាក់ទង​ហៅ​ជំនួយ​អន្តរាគមន៍ ប្រសិនបើ​ប្រពន្ធ​ដេញ​កាប់​ទៀត​នោះ ទើប​គាត់​ស្ងប់ចិត្ត និង​បាន​នាំ​កូនប្រុស​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕