ដី​ព្រៃ​ឈើ​លិច​ទឹកជា​ច្រើន​ហិកតា​ ចំណុច​ព្រៃ​ឆេះ​ ឃុំ​កំពង់​ព្រះ​គគីរ​ ត្រូវ​គេ​ឈូ​ស​ឆាយ​ទន្ទ្រាន​យក​ជា​កម្មសិទ្ធិ​

ដី​ព្រៃ​ឈើ​លិច​ទឹកជា​ច្រើន​ហិកតា​ ចំណុច​ព្រៃ​ឆេះ​ ឃុំ​កំពង់​ព្រះ​គគីរ​ ត្រូវ​គេ​ឈូ​ស​ឆាយ​ទន្ទ្រាន​យក​ជា​កម្មសិទ្ធិ​



កំពង់ឆ្នាំង​ ៖ ដី​ព្រៃ​លិច​ទឹក​ជាប់​ក្បាល​ស្រែ​ក្នុង​តំបន់​៣ ចំណុច​ព្រៃ​ឆេះ​កោះ​ល្ង ស្ថិត​ក្នុង​ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌ ជាច្រើន​ហិកតា ត្រូវ​បាន​គេ​បន្លំ​លួច​ឈូស​ឆាយ​បំពាន​យក​ធ្វើជា​កម្ម​សិទ្ធិ​។ ករណី​ខាង​លើ​នេះ​ បាន​កើត​មាន​ជា​បន្តបន្ទាប់​រហូត​មក​ដល់​ថ្ងៃទី​០៩ ខែឧសភា​នេះ នៅតែ​ឃើញ​គេ​កំពុង​ដុត​ព្រៃ​ឲ្យ​ឆេះ​អស់ ដើម្បី​ធ្វើការ​ឈូស​ឆាយ​បំពាន​យក​ដី ដោយ​មិន​ញញើត​សមត្ថកិច្ច​នោះ​ឡើយ​។​

ប្រជាពលរដ្ឋ​ភូមិ​កោះ​តា​ម៉ូ​វ​បាន​នាំ​ចង្អុលបង្ហាញ និង​ប្រាប់​ឲ្យ​ដឹង​ថា​ ចំណុច​ដែល​គេ​កំពុង​ដុត​ព្រៃ និង​ឈូស​ឆាយ​រួច​ជាច្រើន​ហិកតា​នេះ កាលពី​ប៉ុន្មាន​ថ្ងៃមុន ពេល​ពួកគាត់​ចុះ​ពិនិត្យ​ជាមួយ​លោក​មេភូមិ គឺ​នៅ​មាន​ព្រៃឈើ​លិច​ទឹក​ ដែល​នៅសល់​ពី​ភ្លើង​ឆេះ​នៅឡើយ ប៉ុន្តែ​មកដល់​ថ្ងៃទី​០៩ ខែឧសភា​នេះ ព្រៃឈើ​ទាំងនោះ​ត្រូវ​បាន​គេ​ដុត​ចោល និង​បាន​ឈូស​ឆាយ​ពង្រាប​ក្លាយជា​ដីស្រែ​អស់​ទៅ​ហើយ និង​ជាក់ស្តែង​ព្រៃឈើ​ដែល​កំពុង​ឆេះ​នេះ គឺ​ពិត​ជា​មាន​អ្នក​លួច​ដុត​ឲ្យ​ឆេះ​អស់ ដើម្បី​ឈូស​ឆាយ​
ពង្រាប​ធ្វើជា​ដីស្រែ​ជា​កម្ម​សិទ្ធ​បន្ត​ទៀត​។

ពួកគាត់​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ឈូស​ឆាយ​ខាង​លើ​នេះ ​ពួកគេ​មានច្បាប់​ពី​ភូមិ​-ឃុំ និង​ពី​ជំនាញ​រដ្ឋ​បាល​ជលផល​ផង​ដែរ តែ​តាម​ដឹង​នោះ​គឺ​គេ​ឲ្យ​ឈូស​ពង្រាប​ដីស្រែ​ចាស់ៗ ​ដែល​ធ្លាប់​បាន​ធ្វើ​តែ​ប៉ុ​ណ្ណោះ ប៉ុន្តែ​ម្ចាស់​ដីស្រែ​បាន​ជួល​ឲ្យ​គេ​លួច​ឈូស​ព្រៃ​លិច​ទឹក ​ដែល​នៅ​ជាប់​តាម​ក្បាល​ស្រែ​នោះ​យក​ជា​បន្តបន្ទាប់​ទៀត ដោយ​គ្មាន​អ្នកណា​ទប់ស្កាត់​ឡើយ​។ ពួកគាត់​សំណូមពរ​ដល់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​មេត្តា​ជួយ​ចុះ​មក​ពិនិត្យ និង​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ផង ព្រោះ​អ្នក​ប្រព្រឹត្ត​ទាំងនោះ គឺជា​អ្នក​រស់​នៅ​ឃុំ​ផ្សេង មិន​មែន​ជា​អ្នកភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ​នោះ​ទេ​។​
​ ​
ទាក់ទង​នឹង​រឿង​នេះ​ លោក គង់ គឹម​ហាក់ មេឃុំ​កំពង់ព្រះ​គគីរ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ការ​ឈូស​ព​ង្រា​ប​ដីស្រែ​ខាង​លើ​នេះ​មិន​ប៉ះពាល់​ដល់​ព្រៃ​លិច​ទឹក​នោះ​ទេ ប៉ុន្តែ​អាច​ប៉ះពាល់​ព្រៃ​បន្លា​យួន​តាម​ក្បាល​ស្រែ​ខ្លះៗ ហើយ​ម្ចាស់​ដីស្រែ​បាន​សុំច្បាប់​ឈូស​ឆាយ​ពី​ថ្នាក់ក្រោម​រហូតដល់​លោក​អភិបាលខេត្ត​ត្រឹ​ម​ត្រូវ មិនមែន​ឈូស​អត់​ច្បាប់​នោះ​ទេ​។​

​ដោយឡែក​ លោក ម៉ូត សៀង​ហេង នាយ​សង្កាត់​រដ្ឋបាល​ជល​ផល​បរិបូណ៌​បាន​ឲ្យ​ដឹង​ថា​ ករណី​ខា​ង​លើ​នេះ ពួកគេ​ពិតជា​បាន​ឈូស​ឆាយ​បំពាន​យក​ដី​ព្រៃ​លិច​ទឹក​ខ្លះៗ​ពិតមែន​នៅ​ជាប់​តាម​ស្រែ ហើ​យ​កាលពី​ថ្ងៃទី​០៨ ខែឧសភា នេះ មន្ត្រី​បរិស្ថាន​ក៏​បាន​នាំ​គ្នា​ដេញ​ចាប់​ត្រាក់ទ័រ​នោះ​ដែរ តែ​ចាប់​មិន​បាន ករណីនេះ​មន្ត្រី​ជំនាញ​ នឹង​តាមដាន​បន្ត ហើយ​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ជួយ​សហការ​ចង្អុល​បង្ហាញ​ជនល្មើស​នៅពេល​គេ​កំពុង​ធ្វើ​សកម្មភាព​ផង ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕