បុរស​ម្នាក់​ ជិះ​ម៉ូតូ​តាម​ផ្លូវ​សុខៗ ​វិលមុខ​ ក៏​សុំ​ផ្ទះ​គេ​សម្រាក ស្រាប់តែ​បែកពពុះមាត់​ស្លាប់​មួយរំពេច​

បុរស​ម្នាក់​ ជិះ​ម៉ូតូ​តាម​ផ្លូវ​សុខៗ ​វិលមុខ​ ក៏​សុំ​ផ្ទះ​គេ​សម្រាក ស្រាប់តែ​បែកពពុះមាត់​ស្លាប់​មួយរំពេច​



បន្ទាយមានជ័យ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ ជិះ​ម៉ូតូ​នៅ​តាម​ផ្លូវ​ ក៏​វិលមុខ​ឈប់​ និង​សុំ​ផ្ទះ​គេ​សម្រាក​មួយ​ភ្លែត ស្រាប់តែ​បែកពពុះមាត់​ស្លាប់​ភ្លាម​ៗ១​រំពេច​ កាលពី​វេលា​ម៉ោង​១១​ព្រឹក​ ថ្ងៃ​ទី​៩ ខែ​ឧសភា ​ឆ្នាំ​២០១៦​ នៅ​ចំណុច​ភូមិ​ភ្នំ​ធំ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​។​

លោក​វរសេនីយ៍​ត្រី រស់​ សំបូរ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូរី​បាន​ឲ្យ​ដឹង​ថា​ មុន​​កើតហេតុ​នោះ​ មាន​បុរស​វ័យ​ចំណាស់​ម្នាក់​មានឈ្មោះ​ កែ ​សាន្ត ​ភេទ​ប្រុស​ អាយុ​៥៨​ឆ្នាំ ​រស់នៅ​ក្នុង​ភូមិ​ភ្នំ​ធំ​ត្បូង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ ​បាន​ជិះ​ម៉ូតូ​ចេញ​ពី​ផ្ទះ​តាម​ផ្លូវជាតិ​លេខ​៥​ ធ្វើដំណើរ​ចូល​ទី​រួម​ខេត្ត​ លុះ​ជិះ​មកដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​បុរស​នោះ​វិលមុខ​ខ្លាំង​មិន​អាច​ជិះ​ទៅមុខ​បាន​ ក៏​ឈប់​ម៉ូតូ​បាន​ចូល​សុំ​ជ្រក​ផ្ទះ​របស់​ឈ្មោះ​ ឈុត ថៃ​ ភេទ​ស្រី ​អាយុ​៥២​ឆ្នាំ​រស់នៅ​ឃុំ​ភ្នំ​ធំ​សម្រាក​បាន​មួយសន្ទុះ​ធំ ​ក៏​ប្រកាច់​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ តែម្ដង​។ ក្រោយពី​កើតហេតុ​រួច ​ម្ចាស់ផ្ទះ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះ​មក​ពិនិត្យ​សព​។​

សមត្ថកិច្ច​ បាន​ធ្វើការ​សន្និដ្ឋាន​ថា​ សព​នេះ​ស្លាប់​ដោយ​ខ្យល់គរ ​គ្មាន​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​ទេ ក្រោយពី​ពិនិត្យ​សព​ហើយ ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​បងប្អូន​ និង​កូន​យក​ទៅ​ធ្វើបុណ្យ​នៅផ្ទះ​ភូមិ​ភ្នំ​ធំ​ត្បូង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី​តែម្ដង​៕