កិច្ចសន្យា​បញ្ឈប់​ការ​កាប់​ព្រៃ​លិច​ទឹក​របស់​សាលាឃុំ​អន្លង់​សំណ ​​គ្មាន​តម្លាភាព​ចំពោះ​ជនល្មើស

កិច្ចសន្យា​បញ្ឈប់​ការ​កាប់​ព្រៃ​លិច​ទឹក​របស់​សាលាឃុំ​អន្លង់​សំណ ​​គ្មាន​តម្លាភាព​ចំពោះ​ជនល្មើស



សៀមរាប ​៖ ​ការ​រុករាន​ទន្ទ្រាន​ព្រៃ​លិច​ទឹក​នៅ​ក្នុង​ឃុំ​អន្លង់សំណរ​ ស្រុក​ជីក្រែង​ កាន់​តែ​មាន​លក្ខណៈ​អនាធិបតេយ្យ​ខ្លាំង​ឡើង​ៗ ​ហើយ​ករណី​នេះ​បណ្ដាល​មក​ពី​មន្ត្រី​មាន​សមត្ថកិច្ច​ និង​អាជ្ញាធរ​ឃុំ​អន្លង់​សំណ​ស៊ីសំណូក​សូកប៉ាន់​ពី​ជនល្មើស។

ការ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​កាប់​ព្រៃ​លិច​ទឹក​របស់​សាលាឃុំ​អន្លង់​សំណ​គ្រាន់តែ​ជា​ប៉ាហ៊ី​បំបាំង​ភ្នែក​រាជរដ្ឋាភិបាល​ ដែល​បាន​ទទួល​របាយការណ៍​ថា​ ពួកគេ​បាន​ធ្វើ​ការ​បង្ក្រាប ​និង​ទប់ស្កាត់​រាល់​បទល្មើស​រុក​រាន​ទន្ទ្រាន​ព្រៃ​លិច​ទឹក​ធ្វើ​ស្រែ​ប្រាំង​តែប៉ុណ្ណោះ។ ផ្ទុយ​ទៅ​វិញ​ ជនល្មើស​នៅតែ​ប្រព្រឹត្ត​បន្ត​ ដោយ​ចាត់​ទុក​កិច្ចសន្យា​របស់​សាលាឃុំ​គឺជា​ល្បែង​លេងសើច។

បច្ចុប្បន្ន​នេះ ​នៅ​ចំណុច​អូររាម​ ខាង​កើត​ព្រះ​គន្លង​ មាន​ការ​ឈូស​ឆាយ និង​កាប់​ទន្ទ្រានព្រៃ​លិច​ទឹកជា​ច្រើន​ហិកតា។

តាម​ប្រភព​​​ព័ត៌មាន​​​ពី​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា អ្នក​ ដែល​បំផ្លាញ​ព្រៃ​លិច​ទឹក​ខ្លាំង​ជាង​គេ​ឈ្មោះ​មាស ​បឹ​ប​ បច្ចុប្បន្ន​រស់នៅ​ភូមិ​ស្វាយ​តា​ដោក ឃុំ​អន្លង់​សំណ។ ករណី​នេះ​លោក មាស បឹ​ប បាន​និយាយ​ថា លោក​មិនដែល​កាប់​ព្រៃ​លិច​ទឹក​ទេ បើ​គេ​កាប់​បាន​វាល​ ទើប​លោក​ទិញ រីឯ​មនុស្ស​ជាង​៣០​នាក់​ ដែល​កំពុង​រុះរើ​ព្រៃ ​ដែល​បាន​កាប់​ដុត​ឆេះ ជាប់​នឹង​ស្រែ​របស់​គាត់ គាត់​មិន​ស្គាល់​ម្ចាស់​ទេ។

លោក​មាស បឹ​ប ​បន្ត​ទៀត​ថា លោក​គឺ​ជា​មន្ត្រីរាជការ​ម្នាក់​ធ្វើការ​នៅ​ទីក្រុង​ភ្នំពេញ​ ហើយ​បញ្ហា​កាប់​ព្រៃ​លិច​ទឹក​នេះ ​លោក​បាន​ទូរស័ព្ទ​ទៅ​ក្រសួងមហាផ្ទៃ និង​ទូរស័ព្ទ​ទៅ​រដ្ឋសភា, ចម្លើយ​ដែល​លោក​ទទួល​បាន​គឺ​ដូចៗ​គ្នា។ បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​កំពុងតែ​ជួប​ផលវិបាក​ផ្នែក​ជីវភាព​ ដូច្នេះ​ការ​កាប់​ព្រៃ​លិច​ទឹក​គេ​មិន​ប្រកាន់​ទេ។

ពាក់ព័ន្ធ​បញ្ហា​នេះ​ លោក​កង ជឿន ​ជំទប់​ទី​១​ឃុំ​អន្លង់​សំណ​និយាយ​ថា លោក​ទទួលស្គាល់​កិច្ចសន្យា​សាលាឃុំ ​ អន្លង់​សំណ​​ គ្មាន​តម្លាភាព​ចំពោះ​អ្នក​កាប់​ព្រៃ​លិច​ទឹក​មែន ហើយ​លោក​មិនបាន​ដឹង​ថា ​លោក​មាស ​បឹ​ប ធ្វើការ​អ្វី​នៅ​ទីក្រុង​ភ្នំពេញ​នោះ​ឡើយ។ គាត់​ដឹង​ថា​លោក មាស បឹ​ប គឺជា​គ្រូ​ស្ដោះផ្លុំ រីឯ​បញ្ហា​ព្រៃ​លិច​ទឹក​ ដែល​ត្រូវ​បាន​គេ​កាប់​បំផ្លាញ និង​ឈូស​ឆាយ លោក​នឹង​ចូលរួម​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក ​ពិនិត្យ​នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ។

លោក ស៊ិន គក់​ ប្រធាន​មន្ត្រី​បរិស្ថាន​និយាយ​ថា​ លោក ​មាស បឹ​ប ពិតជា​បាន​ឈូស​ឆាយ​និង​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​នៅ​ចំណុច​នោះ​មែន បើ​លោក មាស បឹ​ប ប្រកែក​ឲ្យ​ស្បថ​ទៅ។ លោក​ទេស ឆាំ ​មន្ត្រី​បរិស្ថាន​ស្នាក់​ការ​ស្ទឹង​ជ្រៅ​និយាយ​ថា លោក មាស បឹ​ប មិនមែន​ត្រឹមតែ​កាប់​បំផ្លាញ​និង​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​នោះ​ទេ ថែមទាំង​កាយ​អូរ​ធម្មជាតិ​ធ្វើ​អាង​ស្តុក​ទឹក​សម្រាប់​ស្រោចស្រព​ស្រែប្រាំង៕
កិច្ចសន្យា​បញ្ឈប់​ការ​កាប់​ព្រៃ​លិច​ទឹក​របស់​សាលាឃុំ​អន្លង់​សំណ ​​គ្មាន​តម្លាភាព​ចំពោះ​ជនល្មើស

កិច្ចសន្យា​បញ្ឈប់​ការ​កាប់​ព្រៃ​លិច​ទឹក​របស់​សាលាឃុំ​អន្លង់​សំណ ​​គ្មាន​តម្លាភាព​ចំពោះ​ជនល្មើស