ដើមឈើ​ធំៗ​ប្រមាណ​១០​ហិក​តា រង​ការ​កាប់​បំផ្លាញ, សមត្ថកិច្ច​ជំនាញ​ទើបតែ​ផ្អើល​ពេល​អ្នក​កា​សែ​ត​ចុះទៅ​ថត

ដើមឈើ​ធំៗ​ប្រមាណ​១០​ហិក​តា រង​ការ​កាប់​បំផ្លាញ, សមត្ថកិច្ច​ជំនាញ​ទើបតែ​ផ្អើល​ពេល​អ្នក​កា​សែ​ត​ចុះទៅ​ថត



កំពង់ឆ្នាំង ​៖ ថ្មីៗ​នេះ ដើមឈើ​ធំៗ​ជា​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ ដែល​មាន​អាយុ​ចាប់ពី​២០​ ទៅ​៣០​ឆ្នាំ ស្ថិត​ក្នុង​ភូមិ​កោះ​តា​ម៉ូ​វ និង​ភូមិ​ព្រែក​ស្ពាន ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌ ប្រមាណ​ជាង​១០​ហិកតា ត្រូវ​បាន​គេ​លួច​កាប់​ដោយ​រណា​យន្ត និង​ពូថៅ ហើយ​ដុត​បំផ្លាញ​យក​ដី​ធ្វើជា​កម្ម​សិទ្ធ ដែល​ករណី​នេះ​បាន​កើត​មាននៅ​ក្នុង​ចុងខែ​មេសា និង​ដើមខែ​ឧសភា​នេះ ពុំ​មាន​អ្នកណា​ដឹង​ឡើយ​។ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែឧសភា​ ពេល​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​អ្នកកាសែត​ចុះទៅ​ថត ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​មន្ត្រី​ជំនាញ​។​
​ ​
នៅ​ព្រឹក​ថ្ងៃទី​០៩ ខែឧសភា នៅ​ចំណុច​ព្រៃឈើ​លិច​ទឹក​ដែល​រង​ការ​កាប់​បំផ្លាញ គេ​សង្កេតឃើញ​លោក​មេឃុំ​កំពង់ព្រះ​គគីរ មេភូមិ​ព្រែក​ស្ពាន មេភូមិ​កោះ​តា​ម៉ូ​វ ប្រជា​ការពារ និង​ប្រជាពលរដ្ឋ បាន​នាំ​គ្នា​ចុះទៅ​ពិនិត្យមើល​កន្លែង​កើត​ហេតុ នៅ​ចំណុច​កោះ​ស្មៅ ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ភូមិ​កោះ​តា​ម៉ូ​វ និង​ភូមិ​ព្រែក​ស្ពាន ឃុំ​កំពង់ព្រះ​គគីរ​។ ក្រោយពី​បាន​ពិនិត្យ​ស្រាវជ្រាវ​រួច អាជ្ញាធរ​មូលដ្ឋាន​បានដឹង​អត្តសញ្ញាណ​របស់​ជនល្មើស ​ដែល​បាន​កាប់​បំផ្លាញ​ព្រៃឈើ​នេះ​ហើយ​មាន​ចំនួន​៣​នាក់ ដែល​២​នាក់​រស់នៅ​ក្នុងភូមិ​ព្រែក​ស្ពាន និង​ម្នាក់ទៀត​នៅ​ភូមិ​វត្ត​ថ្នល់​។ នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃ​ដដែល មន្ត្រី​រដ្ឋបាល​ជ​ល​ផល​សង្កាត់​បរិបូណ៌ ​បាន​ចុះទៅ​ត្រួតពិនិត្យ​កន្លែង​កាប់​បំផ្លាញ​ព្រៃឈើ​ផង​ដែរ និង​បាន​ឲ្យ​ដឹង​ថា ព្រៃឈើ​លិច​ទឹក​ដែល​គេ​បាន​កាប់​បំផ្លាញ​ថ្មីៗ​នៅ​តំបន់​ខាង​លើ​នេះ​មាន​ទំហំ​ជិត​៤​ហិកតា តែព្រៃ​ឈើ​ដែល​គេ​កាប់​បំផ្លាញ​ជាប់ៗ​គ្នា​ពី​ឆ្នាំទៅ​នៅ​ចំណុច​ខាង​លើ​នេះ គេ​ពុំបាន​បូក​បញ្ចូល​ឡើយ​។​
​ ​
ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​កោះ​តា​ម៉ូ​វ និង​ភូមិ​ព្រែក​ស្ពាន​ បាន​ចុះ​ទៅ​ពិនិត្យ​ព្រៃឈើ​រង​ការ​កាប់​បំផ្លាញ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​អំឡុង​ខែមេសា ពួកគាត់​ឃើញ​គេ​ប្រើ​រណា​យន្ត​៣​គ្រឿង​ចូល​ទៅ​អារកាត់​រំលំ​ដើមឈើ​ធំៗ​នៅ​កណ្ដាល​ទ្រូងព្រៃ​តែម្តង បន្ទាប់មក​នៅពេល​ដើមឈើ​នោះ​ងាប់​សន្លឹក គេ​បាន​ដុត​បំ​ផ្លាញ ហើយ​ដើមឈើ​ណា​ដែល​នៅសល់​មិនទាន់​ដួល​រលំ ត្រូវ​បាន​គេ​យក​ពូថៅ និង​រណា​យន្ត​កាប់​រំលំ​បន្ត​ទៀត​។ ចំណែក​ព្រៃឈើ​លិច​ទឹក​ថ្មីៗ​ដែល​គេ​កាប់​បំផ្លាញ​យក​ដី​ជា​កម្មសិទ្ធិ​នេះ​មាន​ទំហំ​ប្រមា​ណ​៥​ហិកតា និង​បាន​កាប់​ពី​ឆ្នាំមុន​ប្រមាណ​៥​ហិកតា​ទៀត​សរុប​មាន​ចំនួន​ប្រមាណ​១០​ហិកតា​។

ប្រជាពលរដ្ឋ​ សំណូមពរ​សមត្ថកិច្ច​ជំនាញ ចាត់ការ​ជនល្មើស​ទៅតាម​ផ្លូវ​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ មិន​ត្រូ​វ​គ្រាន់តែ​អប់រំ ហើយ​ដោះលែង​មកវិញ​នោះ​ឡើយ បើ​ពុំ​អនុវត្ត​ច្បាប់​ទេ​នោះ គឺ​នៅតែ​កើតមាន​បទ​ល្មើ​ស​បែបនេះ ​គ្មាន​អ្នកណា​ខ្លាច​ច្បាប់​ឡើយ​។​

​លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​បាន​ឲ្យ​ដឹង​ថា​ ទាក់ទង​នឹង​ករណីនេះ លោក​បាន​ឲ្យ​​មន្ត្រី​ជំនាញ​ចុះ​វាយតម្លៃ​ការខូចខាត​នៃ​ព្រៃឈើ​លិច​ទឹក​ក្នុង​តំបន់​៣​នេះ​រួចរាល់​ហើយ ចំពោះ​ជនល្មើស ជំនាញ​បាន​កំណត់​អត្តសញ្ញាណ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​រួចហើយ និង​ចាត់ការ​ឲ្យ​បាន​ឆាប់​បំផុត​ទៅតាម​នីតិវិធី​។​ ដោយឡែក​កាលពី​ឆ្នាំ​២០១៥ ជនល្មើស​៣៨​នាក់​ ដែល​ពាក់ព័ន្ធ​នឹង​បំផ្លាញ​ព្រៃ​លិច​ទឹក ជំនាញ​រដ្ឋបាល​ជលផល​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​អស់ហើយ តែ​មាន​ជនល្មើស​មួយចំនួន​មិនឃើញ​ជាប់ពន្ធនាគារ​ទេ ថែមទាំង​ឌឺដង​ដាក់​សមត្ថកិច្ច​ជំនាញ​វិញ​ទៀ​ត​ផង​។​
​ ​
នៅក្នុង​រឿង​នេះ​ដែរ លោក ចេង ញ៉ា​ន់ អភិបាលរង​ខេត្ត​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ រឿង​នេះ​លោក​បាន​រា​យការណ៍​ ជូន​លោក​អភិបាលខេត្ត​រួចហើយ លោក​នឹង​ជំរុញ​ឲ្យ​ខណ្ឌ​រដ្ឋបាល​ជលផល​ចាត់ការ​លើ​រឿង​នេះ​ជា​កិច្ចការ​ប្រញាប់ មិន​លើក​លែង​ឲ្យ​ឡើយ​៕

ដើមឈើ​ធំៗ​ប្រមាណ​១០​ហិក​តា រង​ការ​កាប់​បំផ្លាញ, សមត្ថកិច្ច​ជំនាញ​ទើបតែ​ផ្អើល​ពេល​អ្នក​កា​សែ​ត​ចុះទៅ​ថត

ដើមឈើ​ធំៗ​ប្រមាណ​១០​ហិក​តា រង​ការ​កាប់​បំផ្លាញ, សមត្ថកិច្ច​ជំនាញ​ទើបតែ​ផ្អើល​ពេល​អ្នក​កា​សែ​ត​ចុះទៅ​ថត

ដើមឈើ​ធំៗ​ប្រមាណ​១០​ហិក​តា រង​ការ​កាប់​បំផ្លាញ, សមត្ថកិច្ច​ជំនាញ​ទើបតែ​ផ្អើល​ពេល​អ្នក​កា​សែ​ត​ចុះទៅ​ថត