មន្ត្រីជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម ព្រមាន​ដល់​មន្ត្រី​នគរបាល​យុត្តិធម៌​ ហាម​ទទួល​សំណូក​ពី​អាជីវករ ​

មន្ត្រីជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម ព្រមាន​ដល់​មន្ត្រី​នគរបាល​យុត្តិធម៌​ ហាម​ទទួល​សំណូក​ពី​អាជីវករ ​



ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ព្រមាន​ដល់​មន្ត្រី​នគរបាល​យុ​ត្តិ​ធម៌ ចំនួន​១២៤​រូប របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ដែល​ទើប​បំពាក់​ឯកសណ្ឋាន​នៅក្នុង​ថ្ងៃ​នេះ ហាម​ទទួល​សំណូក​ផ្សេងៗ​ពី​ក្រុម​អាជីវករ នៅពេល​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ និង​ជំរុញ​ការ​ផ្ត​ល់​សេវា ប្រកបដោយ​តម្លាភាព​ជូន​ដល់​ប្រជាពលរដ្ឋ។​

លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​ថ្លែង នៅក្នុង​ពិធី​បំពា​ក់​ឯកសណ្ឋាន សញ្ញា​សក្តិ និង​មួក ជូន​ដល់​មន្ត្រី​ត្រួតពិនិត្យ​មាត្រា​សាស្ត្រ នៃ​ក្រសួង​ឧស្សាហកម្ម និ​ង​សិប្បកម្ម នៅ​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦ នេះ​ថា ការ​ផ្តល់​ឯកសណ្ឋាន ​ជូន​ដល់​មន្ត្រី​ទាំង​១២៤​រូប គ្រប់​មន្ទីរ​រាជធានី​-​ខេត្ត​នៅ​ពេល​នេះ ចាត់ទុកជា​រឿង​សំខាន់​មួយ ក្នុង​ពេល​ចុះ​ត្រួត​ពិនិត្យ ដោយ​អនុ​វ​ត្តន៍​ទៅតាម​ផ្លូវច្បាប់ ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ នៅក្នុង​កិច្ចការពារ ទ្រព្យសម្បត្តិ និង​ការ​ផ្តល់​ភាព​យុត្តិធម៌​ជូន​ដល់​អ្នកប្រើប្រាស់។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា នៅពេល​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ មន្ត្រី​នគរបាល​យុត្តិធម៌​ទាំង​អស់ ត្រូវ​អនុវត្តន៍​កិច្ចការ​ឲ្យ​ប្រកបដោយ​តម្លាភាព ហាម​ទទួល​សំណូក​ផ្សេងៗ​ពី​ក្រុម​អាជីវករ ព្រោះ​កាតព្វកិច្ច​នគរបាល​យុត្តិធម៌ គឺ​ជំរុញ​ការ​ផ្តល់​ភាព​ត្រឹមត្រូវ​ជូន​ដល់​អ្នកប្រើប្រាស់ ដូចជា ការ​ក្លែងបន្លំ​ភ្នែកជញ្ជីង ដៃ​ចាត់​សាំង​នៅ​តាម​ស្ថានីយ និង​កុង​ទ័​រ​ទឹក​-​ភ្លើង​ជាដើម។

លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ផ្នែក​ផ្តល់ សេវាកម្ម ត្រូវ​ផ្តល់​សេវា​ឲ្យ​តម្លាភាព​នៅ​តាម​ច្រក​ចេញ​ចូល​តែមួយ របស់​មជ្ឈមណ្ឌល​មាត្រា​សាស្ត្រ ជាតិ​ប្រកបដោយ​ប្រសិទ្ធភាព ភាព​យុត្តិ​ធម៌ ទៅតាម​ការកំណត់​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​រាជរដ្ឋាភិបាល​កម្ពុជា៕

មន្ត្រីជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម ព្រមាន​ដល់​មន្ត្រី​នគរបាល​យុត្តិធម៌​ ហាម​ទទួល​សំណូក​ពី​អាជីវករ ​