ជិះ​ម៉ូតូ​បញ្ច្រាស​ទិសដៅ​ឆ្លង​ផ្លូវ​ ទៅ​បុក​ម៉ូតូ​មួយទៀត​ ​របួស​បាក់ជើង​ខ្លួនឯង

ជិះ​ម៉ូតូ​បញ្ច្រាស​ទិសដៅ​ឆ្លង​ផ្លូវ​ ទៅ​បុក​ម៉ូតូ​មួយទៀត​ ​របួស​បាក់ជើង​ខ្លួនឯង



ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូឌុប​គ្នា​សសៀរ​ខាងឆ្វេង​ដៃ​ ដោយ​បញ្ច្រាស​ទិសដៅ​ចរាចរណ៍​ ហើយ​បាន​ឆ្លង​ផ្លូវ​មក​រក​ខាងស្ដាំ​វិញ​ តែ​ខណៈ​នោះ​ បាន​បុក​អ្នក​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ បណ្ដាលឲ្យ​រង​របួស​ធ្ងន់​ខ្លួនឯង ​ដោយ​បាក់ជើង​ស្ដាំ​ម្ខាង​ ហើយ​អ្នក​រួមដំណើរ​ជិះ​ពីក្រោយ​រង​របួស​ស្រាល​ ចំណែក​ភាគី​ដែល​ត្រូវ​គេ​បុក​នោះ​ក៏​របួសស្រាល​ដែរ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ ថ្ងៃ​ទី​៩ ខែ​ឧសភា ​ឆ្នាំ​២០១៦ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ​នៅ​ចំណុច​ផ្លូវ​ដង​នង្គ័ល ស្ថិត​ក្នុង​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BE-5967 ឌុប​គ្នា​២​នាក់​បើក​ចេញពី​ម្ដុំ​ផ្លូវ​វិមាន​សព​វៀតណាម ​ឡើង​មក​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ច្រាស​ទិស​ចរាចរណ៍ ហើយ​បាន​ឆ្លង​ផ្លូវ​ ខណៈ​នោះ​ក៏មាន​បុរស​ម្នាក់​បើក​ម៉ូតូ​ម៉ាក​ហុងដា​គុប​ជ្រុង​ពណ៌​ស្លែ​ ពាក់​ស្លាក​លេខ ឃ ៤៧២១ កណ ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច​ លុះ​មកដល់​ចំណុច​កើតហេតុ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ បន្ថែម​ល្បឿន​ឆ្លង​ផ្លូវ ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ម៉ាក​គុប ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ជា​អ្នក​បើក​ម៉ូតូ​ហុងដា​ឌ្រី​ម​រង​របួស​បាក់ជើង​ស្តាំ​ម្ខាង​ ហើយ​ត្រូវ​បាន​មិត្តភ័ក្ដិ​ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៀត​តាម​មកពី​ក្រោយ​ដឹក​តាម​ម៉ូតូ​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ ចំណែក​អ្នក​ជិះ​ពីក្រោយ ​និង​បុរស​ដែល​បើក​ម៉ូតូ​គុប​ជ្រុង​របួសស្រាល​ទាំងពីរ​នាក់។

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ទៅ​ដល់ ​វាស់វែង​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ផ្នែក​ចរាចរណ៍​ខណ្ឌ​ពោធិ​សែន​ជ័យ​ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕
ជិះ​ម៉ូតូ​បញ្ច្រាស​ទិសដៅ​ឆ្លង​ផ្លូវ​ ទៅ​បុក​ម៉ូតូ​មួយទៀត​ ​របួស​បាក់ជើង​ខ្លួនឯង