ស្ថានភាព​ភស្តុ​ភារ និង​ដឹក​ជញ្ជូន​កម្ពុជា​នៅ​តែ​​ប្រឈម​បញ្ហា

រាជធានី​ភ្នំពេញ​ ៖ លោក​ទេស​​រដ្ឋមន្ត្រី​ស៊ុន ចាន់​ថុ​ល​ រដ្ឋមន្ត្រីក្រសួង​សា​ធារណកា​រ និង​ដឹ​ក​ជញ្ជូន ​បាន​លើក​ឡើង​​ក្នុង​កម្មវិធី​សិក្ខា​​សាលា​​ស្តី​អំពី​ស្ថាន​ភា​ព​ភស្តុ​ភារ និង​បញ្ហា​ប្រឈម​នៅ​កម្ពុជា​ថា ​ស្ថានភាព​ភស្តុ​ភារ និង​ដឹក​ជញ្ជូន​នៅ​កម្ពុជា ​នៅ​តែ​មាន​បញ្ហា​ប្រឈម​។

ការ​លើក​ឡើង​របស់​លោក​ទេស​រដ្ឋមន្ត្រី​ ក្នុង​សិក្ខាសាលា​ដែល​រៀបចំ​ឡើង​ដោយទីភ្នាក់ងារសហ​ប្រតិប​ត្តិ​ការ​អន្តរជាតិនៃ​ប្រទេស​ជប៉ុន (JICA) នៅ​កម្ពុជា ​កាលពី​ថ្ងៃ​ទី​៩ ​ឧសភា ​នៅ​សណ្ឋាគា​ភ្នំពេញ ​ដោយ​លោក​​ថា ​សិក្ខាសាលា​នេះ គឺ​មាន​គោ​ល​បំណង ដើម្បី​សិក្សា​​ស្វែង​យល់​អំពី​ឧបសគ្គ​នានា​ទាំង​​រូបិយ៍ និង​អ​រូបិយ ដែល​កំពុង​ប្រឈម​នៅ​ក្នុង​វិ​ស័​យ​ភស្តុ​ភារ និង​ដឹក​ជញ្ជូន​កម្ពុជា។

លោក​ទេស​រដ្ឋមន្ត្រី​ ក៏​បានលើក​ឡើង​អំពី​សារ​សំខាន់នៃ​កំណើ​ន​សេដ្ឋកិច្ច​នៅ​កម្ពុជា ក៏​ដូច​ជា​កំណើន​គួរ​​ឱ្យ​កត់សម្គាល់ ក្នុង​ការ​ប្រើ​ប្រាស់​កំពង់​ផែ និងច្រក​ដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន​ ព្រមទាំង​ទស្សនវិស័យរយៈពេល​វែង ដើម្បី​លើកកម្ពស់​ភស្តុ​ភារ និង​ការ​ដឹក​ជញ្ជូន​​នៅ​កម្ពុជា​។

លោក​ទេស​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ថា​ « គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម បាន​ច​ង្អុលបង្ហា​ញ​ពីហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ ដែល​ល្អ​ប្រសើរ​ជាង​មុន​ និង​ប្រព័ន្ធ​ដឹក​ជញ្ជូន ដែលមានប្រសិទ្ធ​ភាព​កាន់តែ​ប្រសើរ ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់​មួយ​ក្នុង
ចំណោម​បញ្ហា​ប្រឈម​នានានៃ​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ​​ដែល​ជំរុ​ញ​ឱ្យ​កម្ពុជា​ធ្វើ​ដំណើរ​ឆ្ពោះទៅ​រក​ភាព​រីក​ចម្រើន​កាន់តែ​ប្រសើរ​មួយ​កម្រិត​ថែម​ទៀត​»​។