អ្នក​ស្រុក​ខឹងណាស់ ​បំផ្លាញ​អស់ហើយ​

ខេត្តកំពង់ស្ពឺ ៖ ​យោង​តាម​សេចក្តី​រាយ​ការ​ណ៍​​ពី​ប្រជាពលរដ្ឋ​បានឱ្យ​​ដឹង​ថា ​ពេល​នេះ​ ក្រុម​អ្នក​រកស៊ី​កាយ​អាច​ម៍​​ដី​​លក់ ​កំពុង​បំផ្លាញ​ផ្លូវថ្នល់​ពិបាកធ្វើ​ដំណើរ​ បណ្តាលឱ្យ​​ប្រជាពលរដ្ឋ​ក្នុងភូមិ​ក្តៅក្រហាយ​គ្រប់​គ្នា ​ក្នុង​នោះ​ជំនាញ ​និង​អាជ្ញាធរ ​ហាក់បីដូចជា​មិន​អើ​​ពើ​ឡើយ ​។

ក្រុម​ប្រជាពលរដ្ឋ​​ឱ្យ​​ដឹង​ថា ​ការ​កាយ​យក​អាចម៍​​ដី​នេះ​ ធ្វើ​ឡើង​ជាប់​ផ្លូវ​លេខ​៤១ ​ស្ថិត​ក្នុងភូមិ​បឹង​ប្រ​ស្រែ​ ឃុំ​ព្រៃ​ញាតិ​ ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ​ ។ ​ម្ចាស់​គ្រឿងចក្រ​​ត្រូវ​បាន​គេ​និយាយថា ឈ្មោះ​វង់​ រស់នៅ​ភូមិ​ព្នៅ​ឃុំ​ត្រពាំង​គង ​ស្រុក​សំរោង​ទង ​ខេត្តកំពង់ស្ពឺ​។

ប្រជាពលរដ្ឋ​មួយ​រូប​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា​ មុន​ពេល​មាន​គ្រឿងចក្រ​មក​កាយ​យក​អាចម៍ដី​ផ្លូវ​មួយ​ខ្សែ​ ដែល​ត​ភ្ជាប់​ពី​ផ្លូវ​លេខ​៤១​ ជិត​ផ្សារ​ក្រួស​នេះ ​មាន​សភាព​ល្អ​ធម្មតា​ អាច​ធ្វើ​ដំណើរ​បាន​ដោយ​ស្រួល​មិន​ពិ​បាក​ឡើយ​ ។ ​ចាប់តាំងពី​មាន​ក្រុម​គ្រឿងចក្រ ​មក​កាយ​ដី​នៅ​ទី​នេះ ​ធ្វើឱ្យ​​ផ្លូវ​ទក់​ហុយ​ ថែម​ទាំង​មាន​ជ​ង្ហុ​គ​ធំ​ៗ​ទៀត​ផង​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​​មានការ​លំបាក​ជា​ខ្លាំង ​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ផ្សារ​ម្តង​ៗ​ ​។

សកម្មភាព​កាយ​ដី​នេះ​ ត្រូវ​បាន​សង្ស័យ​ថា ​មិន​មានច្បាប់​អនុញាតិ​ពី​ជំនាញ​ពាក់​ព័​ន្ធ និង​អាជ្ញាធរ​ឡើយ​ គឺ​គេ​ត្រូវរ៉ូវ​គ្នា​​ជា​ប្រព័ន្ធ​ចែក​គ្នា​រស់​យ៉ាងព្រងើយ មិន​ខ្ល់​ពី​ការ​បំផ្លាញ​ផ្លូវលំ ។ ​ព្រោះ​ចាប់តាំងពី​មាន​គ្រឿងចក្រ​មក​កាយ​ដី ​គេ​សង្កេត​ឃើញ​តែ​អស់លោក​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ធ​ចូល​ហើយ​ចេញ​បាត់​ៗ​ មិន​ដែល​ឃើញ​ឃាត់​លែងឱ្យ​​ដំណើរការ​ម្តងណា​ឡើយ​ ។

​ការ​ដែល​អាជ្ញាធរ​ព្រងើយកន្តើយ​បែប​នេះ ​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​អស់​សង្ឃឹមលើ​អាជ្ញាធរ​ និង​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ធ​ជា​ខ្លាំង​ដោយ​​បាន​លើក​ឡើង​ថា ​មន្ត្រី​ទាំងនេះ​ បាន​និង​កំពុង​ឃុបឃិត​គ្នា​បំផ្លាញ​ផ្លូវថ្នល់​ជាមួយ​ក្រុម​ឈ្មួញ​រកស៊ី​កាយ​ដី​នេះ​ទៀត​ផង​។