Porsche Adventure Drive 2016 នាំ​អ្នក​ចូល​រួម​ ទស្សនា​ភាព​អស្ចារ្យ​ប្រាសាទ​បុរាណ​ខ្មែរ

ដំណើរ​ផ្សងព្រេង Porsche Adventure Drive 2016 ​រយៈ​ពេល ៣ថ្ងៃ នៅ​ទឹក​ដី​អង្គរ​ខេត្ត​សៀមរាប បាន​ធ្វើ​ឲ្យ​បណ្ដា​អ្នក​ចូលរួម​ជនជាតិ​ខ្មែរ ពិសេស​បរទេស ស្ងើច​សរសើរ​ពី​អច្ឆរិយភាព​នៃ​ប្រាង្គ​ប្រាសាទ​បុរាណ​ខ្មែរ​ ​បន្សល់​ទុក​អស់​រយៈ​កាល​ពាន់​ឆ្នាំ។

 

Porsche Adventure Drive 2016 នាំ​អ្នក​ចូល​រួម​ ទស្សនា​ភាព​អស្ចារ្យ​ប្រាសាទ​បុរាណ​ខ្មែរ

 

លោក Michael Vetter នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​នាំចូល រថយន្ត​ម៉ាក Porsche នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា​មូល​ហេតុ​ដែល Porsche ជ្រើសរើស​ខេត្ត​សៀមរាប ដើម្បី​ប្រារព្ធ​ព្រឹត្តិការណ៍ Porsche Adventure Drive 2016 ប្រចាំ​តំបន់​​អាស៊ី​ប៉ាស៊ីហ្វិក​នេះ គឺ​ដើម្បី​ឲ្យ​បណ្ដា​អ្នក​ចូល​រួម​មក​ពី​តំបន់​អាស៊ី​និង​ប៉ែក​អឺរ៉ុប បាន​ទស្សនា​​ប្រាសាទ​បុរាណ​ខ្មែរ។ លើស​ពី​នេះ​អ្នក​ចូលរួម​ទាំង​អស់​ក៏​អាច​ស្វែង​យល់​ពី​សមត្ថភាព​បើកបរ​របស់ រថយន្ត Porsche Macan និង Porsche Cayenne លើ​ផ្លូវ Off Road (ផ្លូវ​រដិបរដុប​និង​ចំណោទ) នៅ​តាម​តំបន់​ព្រៃ​ដាច់​ស្រយាល​ចម្ងាយ​ប្រមាណ ៣០គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប​ផង​ដែរ។

 

ដំណើរ​ព្រេង​មួយ​នេះ អ្នក​ចូល​រួម​ទាំង​ខ្មែរ​និង​បរទេស​ប្រហែល ៤០នាក់​ត្រូវ​បែង​ចែក​ជា​ក្រុមៗ​ ហើយ​ត្រូវ​ធ្វើ​ដំណើរ​ដោយ​រថយន្ត Porsche ប្រភេទ SUV ​មាន​ម៉ូដែល Porsche Macan និង Porsche Cayenne ដើម្បី​បំពេញ​បេសកកម្ម និង​​ទៅ​រុករក​កំណប់​កប់​ចំនួន ២ ដែល​ក្រុម​ការងារ Porsche លាក់​ទុក​នៅ​ក្នុង​ប្រាសាទ​បុរាណ។ កំណប់​ទាំង​នោះ ​ត្រូវ​ពឹង​លើ​ភាព​ឆ្លាត​វៃ​និង​ចំណេះ​ដឹង​ផ្សេងៗ​ទាក់ទង​នឹង​ប្រាសាទ​បុរាណ​ខ្មែរ​ទើប​អាច​ស្វែង​រក​ឃើញ។ ពីរ​ក្រុម​ដែល​អាច​រក​ឃើញ​កំណប់​មុន​គេ នឹង​បាន​រង្វាន់។

 

Porsche Adventure Drive 2016 នាំ​អ្នក​ចូល​រួម​ ទស្សនា​ភាព​អស្ចារ្យ​ប្រាសាទ​បុរាណ​ខ្មែរ

 

អ្នក​ចូល​រួម​មួយ​រូប​ឈ្មោះ Vincent Hwang ​មក​ពី​តៃវ៉ាន់ និយាយ​ថា លោក​ធ្លាប់​បាន​ចូលរួម​ការ​បើកបរ​រថយន្ត​លក្ខណៈ​ផ្សងព្រេង​ជា​ច្រើន​លើក​មក​ហើយ តែ​សម្រាប់​ការ​មក​ចូលរួម​ក្នុង​កម្មវិធី Porsche Adventure Drive 2016 ជា​លើក​ទី​មួយ ហើយ​ពិត​ជា​ធ្វើ​ឲ្យ​លោក​រីករាយ​និង​រំភើប​ជា​ខ្លាំង​ពេល​បាន​ឃើញ​ប្រាសាទ​​​បុរាណ​ខ្មែរ​ មាន​ប្រាសាទ​​​តា​ព្រហ្ម និង​អង្គរវត្ត។

 

Porsche Adventure Drive 2016 នាំ​អ្នក​ចូល​រួម​ ទស្សនា​ភាព​អស្ចារ្យ​ប្រាសាទ​បុរាណ​ខ្មែរ

 

Porsche Adventure Drive 2016 ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប​រយៈ​ពេល​៣ថ្ងៃ ហើយ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ ក្រុមហ៊ុន Porsche ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក និង ក្រុមហ៊ុន​ព្រីស៊ីហ្សិនខាស៍​ខេមបូឌា លីមីតធីត ដែល​ជាក្រុមហ៊ុននាំចូល និង​ចែក​ចាយ​ផ្លូវការ​រថយន្ត Porsche នៅ​កម្ពុជា។ ព្រឹត្តិការណ៍​នេះ​មាន​ការ​ចូលរួម​ពី​បណ្ដា​អ្នក​សារព័ត៌មាន អតិថិជន​ជាតិ​និង​អន្តរជាតិ​មាន កម្ពុជា តៃវ៉ាន់ ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី អង់គ្លេស អាមេរិក និង​អូស្ត្រាលី​ជា​ដើម៕

 

អត្ថបទ៖ ប៉ែត ផាន់និត

រូបភាព៖ ផ្តល់​ឲ្យ​ដោយ Porsche Center Phnom Penh