បទល្មើស​ដឹកជញ្ជូន​ឈើ​ពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ទៅ​លក់​នៅ​ស្រុក​យួន​នៅតែ​កើតមាន​យ៉ាង​ពេញបន្ទុក​

សកម្មជន​ព្រៃឈើ​និង​សកម្មជន​បរិស្ថាន​ក្នុង​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល ដោយមាន​ការឃុបឃិត​ពី​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។ ឈើ​ទាំងនោះ​មាន​មួយផ្នែក​ត្រូវបាន​គេ​ដឹកជញ្ជូន​ឆ្លងកាត់​ខេត្តកំពង់ស្ពឺ ឆ្ពោះទៅ​ខេត្តកំពត ហើយ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​តន់​ហន់ ស្រុក​កំពង់ត្រាច យ៉ាង​រលូន​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ គឺ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ឆ្លង​កាត់មុខ​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ក៏ដូចជា​តំបន់​ដែល​គ្រប់គ្រង​ដោយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឱ​រ៉ា​ល់ ក៏ប៉ុន្តែ​មន្ត្រី​ជំនាញ​ទាំងនេះ​មិន​បង្ក្រាប​បទល្មើស​ឡើយ​។

​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា ឈើ​ដែល​គេ​ដឹក​ចេញពី​តំបន់ភ្នំ​ឱ​រ៉ា​ល់ ត្រូវ​ដឹកជញ្ជូន​ចេញ​កាត់​ខេត្តកំពង់ស្ពឺ និង​ស្រុក​បសេដ្ឋ រហូតដល់​ស្រុក​ឈូក និង​ឆ្លង​ចូល​ស្រុក​កំពង់ត្រាច ហើយ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​តន់​ហន់​។ ឈ្មួញ​ដឹកឈើ​ទៅ​លក់​នៅ​ស្រុក​យួន គឺមាន​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ ផាន់ កែវ ជា​អ្នករត់​ការសម្របសម្រួល​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​តាមផ្លូវ ទើប​គ្មាន​សមត្ថកិច្ច​ណា​ចាត់វិធានការ​បង្ក្រាប​។ បញ្ហា​នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​នោះ​ហើយ ដែល​ធ្វើ​ឲ្យ​កើតមាន​បទល្មើស​កាប់​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ភ្នំ​ឱ​រ៉ា​ល់​យ៉ាង​ពេញបន្ទុក​។

សកម្មជន​ព្រៃឈើ​បាន​ឲ្យ​ដឹងថា អ្នក​ជាប់​ពាក់ព័ន្ធ​បទល្មើស​មានដូចជា លោក យ៉ង ភារ​ម្យ នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ តំបន់​កំពង់ស្ពឺ លោក តាំង ចាន់​សីមា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ឱ​រ៉ា​ល់ និង​លោក ប៊ុន សម្បត្តិ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​បសេដ្ឋ​។ បើ​គ្មាន​ការឃុបឃិត​ពី​សំណាក់​មន្ត្រី​ទាំងអស់នេះ​ទេ គឺ​ឈ្មួញ​មិនអាច​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់ភ្នំ​ឱ​រ៉ា​ល់ ឆ្លងកាត់​ខេត្ត​កំពង​ស្ពឺ និង​ខេត្តកំពត យកទៅលក់​នៅ​ស្រុក​យួន​បានឡើយ​។ ដូច្នេះ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ភ្នំ​ឱ​រ៉ា​ល់ កើតឡើង​យ៉ាង​ពេញបន្ទុក​តទៅទៀត គឺ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ជាបន្ទាន់​។ ក្នុងនោះ​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ស្ពឺ និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​នេះ ក៏​អាច​ជាប់​ពាក់ព័ន្ធ​ផងដែរ ទើប​ឈ្មួញ​អាច​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្តកំពង់ស្ពឺ យកទៅលក់​នៅ​ស្រុក​យួន​យ៉ាង​រលូន​ដូច​សព្វថ្ងៃនេះ​៕

wildalliance2លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ses