ជួយ​បន្ត​ផង​! កំពុង​រក​សាច់ញាតិ​សព​ស្ត្រី​ខ្មែរ​ម្នាក់

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​មន្ត្រី​កម្ពុជា​​បាននិងកំពុង​ប្រកា​ស​រកសាច់​​ញាតិ​​​សព​ស្ត្រី​ខ្មែរ​បាន​ប្តីជា​ជន​ជាតិ​ថៃ ​ហើយ​ត្រូវ​ឃាតករ​បាញ់​សម្លាប់​លើ​ទឹកដី​ថៃ ​កាលពី​យប់​ថ្ងៃ​ទី​០៧ ​​ឧសភា​ ២០១៦ ស្ថិតក្នុងស្រុក​វ៉ា​ត់​ថា​ណា​ណា​ក់​ខន​ ខេត្ត​ស្រះ​កែវ ​ប្រទេស​ថៃ​ ព្រោះ​សព​កំពុង​តម្កល់​នៅ​​មន្ទីរពេទ្យ​​នៅឡើយ​ ។

លោក​យ៉ា​ល់ ​ប៊ុ​ន​ពៅ​ មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-ថៃ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា សាកសពស្ត្រីរងគ្រោះ​ឈ្មោះ​ម៉ែ​ន​ ម៉ា​ប់ ​អាយុ​៤០​ឆ្នាំ​ ​មាន​​ប្តី​​​ជនជាតិ​ថៃ​ឈ្មោះ​ស៊ុម​ យុ​ត​អាក់ ​នុ​ត​តាក់​ភី​ន ​អាយុ​៥៦ ឆ្នាំ​ មានទីលំ​នៅ​ភូមិ​ណ​ង​រឿ​ ឃុំ​ណ​ង​ណាំ​សៃ​ ស្រុក​វ៉ា​ត់​ថា​ណា​ណា​ក់​ខន ​ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​ហើយ​ ។

ស្ត្រីរងគ្រោះ​​​ត្រូវ​ឃាតករ​ជា​កូនចុង​ (​កូន​របស់​ប្តី​ជា​ជនជាតិ​ថៃ​) ​លប​បាញ់​សម្លាប់​ដោយសារ​ខឹង​រអ៊ូររទាំ​ និង​ស្តីបន្ទោស​ច្រើន​ មក​ទល់​និង​ថ្ងៃ​ទី​១០ ឧសភា​ ២០១៦ ​មិន​ទាន់ឃើញ​​មាន​សាច់ញាតិ​ មក​ទំនាក់ទំនង​យក​​សព​នៅឡើយ​ទេ​ ។ ​​​សព​ស្ត្រី​រង​គ្រោះ​កំពុង​ត្រូវ​បាន​ភាគី​ថៃ​ តម្កល់​នៅ​ក្នុង​មន្ទីរពេទ្យ​ក្នុង​ខេត្ត​​កើតហេតុ​ ។

មន្ត្រី​ខាងលើ​​បញ្ជាក់​ថា​ ពេល​នេះ​មន្ត្រី​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​ សូម​អំពាវនាវ​រក​សាច់ញាតិ​ឱ្យ​​ទៅ​ទទួលយក​សព ​៕