ផឹកស្រា​​៣​កន្លែង​​ ចប់​ត្រឹម​មក​លោតទឹក​លេង

ខេត្តកំពត​ ៖ បុរស​​ជា​​ភ្ញៀវ​ទេសចរ​​ម្នាក់​ឈ្មោះ NGUYEN THANH LONG អាយុ៣៤​ឆ្នាំ រស់នៅទីក្រុងហូជីមិញ ផឹកស្រា​ថូ​​ជាមួយ​​មិត្ត​ភក្តិ​​​ស្រី​ជា​​ជនបរទេស​ដូច​គ្នា​ នៅ​ក្នុង​ហាង​​មួយ​កន្លែង តាម​បណ្តោយ​ឆ្នេរ​ព្រែក​​កំពត​ ។ ក្រោយ​ពី​ផឹក​មួយ​កែវហើយ បាន​​​លោត​ទឹក​លេង​ក៏​​ស្រាប់តែ​គេ​​ឃើញ​ងើបក្បាលឡើង​មាន​ក្អួតចង្អោរ​​​ ​រួច​​លិច​ទៅក្នុង​ទឹក​វិញបាត់​ បង្កឱ្យ​​​ឆោ​ឡោឡើង​ឡើង​ ដោយរត់ទៅ​រាយ​ការណ៍ជូន​សមត្ថកិច្ច​​​ជួយ​អន្តរាគមន៍​ទាំង​​យប់ ​។

ហេតុ​​ការណ៍​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង៣០​នាទី​រំលងអ​ធ្រា​ត្រ​ ​ឈាន​ចូល​ថ្ងៃ​ទី​១០ ឧសភា​ ​២០១៦ ដោយ​ត្រូវ​ម្ចាស់​ហាង​​ទូរ​ស័ព្ទ​រាយ​ការណ៍​ឱ្យ​​សមត្ថកិច្ច​ចុះ​មក​​អន្តរា​គម​រក​​សាកសព​ ។ ​លុះដល់​ម៉ោង​៥​​ទៀប​ភ្លឺ​នាទី​ថ្ងៃ​ទី​១០​ថ្ងៃដដែល​ ទើប​រក​សព​ឃើញ​នៅ​អោប​ជាប់​ស​សរ​កន្លែង​លោតទឹក​លេង​ដោយ​ស្លាប់​បាត់​ទៅ​ហើយ ក៏​​ស្រង់​សាកសព​ឡើង​លើ​គោក​ ។

​ប្រភពី​មិត្តស្រី​​ដែល​អង្គុយ​លេង​ជាមួយ​គ្នា​​ថា ជន​រង​គ្រោះ​មុន​​មក​អង្គុយ​ផឹក​នៅ​កន្លែង​កើតហេតុ​ គឺ​បាន​ចេញពី​កន្លែង​ផឹក​២​កន្លែង​ផ្សេង​ទៀត ​រហូត​ដល់​ម៉ោង​១២​ ទើប​ចេញ​មក​អង្គុយ​ផឹកស្រា​ថូ​នៅ​កន្លែង​កើតហេតុ ។ ពេល​មក​អង្គុយ​កន្លែង​កើតហេតុ​នេះ ​ជន​រង​គ្រោះ​ ទើបតែ​ផឹក​បាន​មួយ​កែវ ក៏​លោតទឹក​លេង​ ហើយក៏​​ជួប​ហេតុ​ការ​ណ៍​នេះ​តែ​ម្តង​ទៅ​។

ក្រោយ​​ពី​​ពិនិត្យ​ និងធ្វើ​កោសល្យវិច័យ​របស់​គ្រូពេទ្យ ​និង​សមត្ថកិច្ច​រួច​ បាន​សន្និដ្ឋាន​ថា ​ជន​រង​គ្រោះ​​ដោយសារ​មាន​ជាតិ​ស្រវឹង​​ខ្លាំង​រួច​​លោតទឹក​លេង​ ត្រូវ​ស្ទះខ្យល់​ រួច​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​ក្នុង​ទឹកតែ​ម្តង​ ។ ដោយ​សព​ឃើញ​​ដៃ​នៅ​ខ្វេរ​​ជាប់​និង​ស​សរ​កន្លែង​លោត​ទឹ​ក ​។