តុលាការ​បន្ត​សវនាការ​លើ​ជនសង្ស័យ​៣​នាក់​ដែល​វាយ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង

ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​សវនាការ​​សំណុំ​រឿង​ហិង្សា​លើ​ជនសង្ស័យ​៣​នាក់ ដែល​វាយ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា។

ជន​សង្ស័យ​ទាំង​៣​នាក់​នោះ គឺ​លោក ចាយ សារិទ្ធ លោក ម៉ៅ ហឿន និង​លោក សុត វណ្ណនី ពួកគេ​ត្រូវ​បាន​ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ចំណាយ​ពេល​សវនាការ​ស្ទើរ​ពេញ​មួយ​ព្រឹក​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា។

ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​៣​នាក់ គឺ​លោក ចាយ សារិទ្ធ បាន​សារភាព​ថា ខ្លួន​គឺ​ជា​កង​អង្គរក្ស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្រុង​តា​ខ្មៅ ហើយ​ពាក់​ស័ក្ដិ ៤ ចំណែក​២​នាក់​ទៀត​គឺ​ជា​សហការី។

ជន​សង្ស័យ​ទាំង​៣​នេះ បាន​ចូល​ខ្លួន​សារភាព​ទទួល​កំហុស​ថា ខ្លួន​ជា​អ្នក​វាយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក ញ៉យ ចំរើន និង​លោក គង់ សភា ក្រោយ​ពី​លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​អ្នក​ប្រព្រឹត្ត​បទល្មើស​ចូល​សារភាព​កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៦។

ហិង្សា​នេះ​បាន​កើត​បន្ទាប់​ពី​មាន​បាតុកម្ម​ដែល​ព្យាយាម​ទម្លាក់​លោក កឹម សុខា ពី​អនុប្រធាន​ទី​១ រដ្ឋសភា នៅ​មុខ​វិមាន​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។បាតុកម្ម​កាល​នោះ ត្រូវ​គេ​កត់​សំគាល់​ឃើញ​ថា គឺ​ភាគច្រើន​ជា​កម្លាំង​សន្តិសុខ​តាម​ខណ្ឌ និង​កង​អង្គរក្ស ច្រើន​ជាង​ពលរដ្ឋ។ ការ​ទាមទារ​នៅ​ពេល​នោះ កម្លាំង​អ្នក​តវ៉ា គឺ​ជា​បុរស​ដ៏​ច្រើន​លើសលប់​ខុស​ពី​បាតុកម្ម​តវ៉ា​រឿង​ដីធ្លី និង​ទាមទារ​ដំឡើង​ប្រាក់​ខែ​ជា​ដើម។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។