តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក គឹម សួរ​ភី​រិ​ទ្ធ បញ្ជាក់ថា​នីតិរដ្ឋ​មាន​គោលការណ៍​សំខាន់​៤​ចំណុច​

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ  និង​ជា​សមាជិក​គណៈកម្មការ​នីតិកម្ម និង​យុត្ដិធម៌ នៃ​រដ្ឋសភា លោក គឹម សួរ​ភី​រិ​ទ្ធ បានបញ្ជាក់​នៅ​ដើម​សប្តាហ៍​នេះ​ថា នីតិរដ្ឋ​គេ​សំដៅ​ទៅលើ​ប្រទេស​ដែលមាន​លទ្ធិប្រជាធិបតេយ្យ​រឹងមាំ ជឿនលឿន និង​មានការ​អភិវឌ្ឍ​ច្រើន​។ លោក គឹម សួរ​ភី​រិ​ទ្ធ បាន​បញ្ជាក់ថា បើទោះជា​រដ្ឋាភិបាល​គណ​បក្ស​ប្រជាជន​កម្ពុជា​ដែល​អះអាងថា​កម្ពុ​ជាមាន​នីតិរដ្ឋ​ហើយក៏​ដោយ ក៏​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​នៅតែ​ចាត់ទុកថា​ប្រទេស​កម្ពុជា​មិនទាន់មាន​នីតិរដ្ឋ​នៅឡើយ ដោយ​ពួកគាត់​ពិនិត្យមើល​លើ​ប្រព័ន្ធតុលាការ និង​ការអនុវត្ត​ច្បាប់​នៅក្នុង​សង្គម​កម្ពុជា ដែល​តែងតែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ឈឺចាប់ និង​រិះគន់ថា​គ្មាន​ភាពយុត្តិធម៌​។​

លោក គឹម សួរ​ភី​រិ​ទ្ធ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់ថា នីតិរដ្ឋ​គេ​សំដៅលើ​ប្រទេស​មាន​លទ្ធិប្រជាធិបតេយ្យ​ជឿនលឿន និង​ត្រូវ​ពិនិត្យ​លើ​ចំណុច​ច្រើន​ទៀត តែ​គេ​ផ្តោត ទៅលើ​គោលការណ៍​សំខាន់​៤​ចំណុច​ក្នុងនោះ​រួមមាន​៖ ទី​១-​រដ្ឋាភិបាល​ទាំងមូល ស្ថាប័នរដ្ឋ ស្ថាប័នឯកជន រូបវ័ន្ត​បុគ្គល នីតិបុគ្គល និង​គ្រប់​អ្វី​ទាំងអស់​នៅក្នុង​សង្គម​ត្រូវតែ​ស្ថិតនៅក្រោម​ច្បាប់​ទាំងអស់គ្នា​ពោលគឺ​គ្មាន​បុគ្គល​ណាមួយ​នៅលើ​ច្បាប់​ឡើយ​។ ទី​២-​ច្បាប់​ត្រូវតែ​ចែង​មក​ច្បាស់លាស់​បម្រើ​ផលប្រយោជន៍​ទូទៅ មិនមែន​សម្រាប់​បុគ្គល​ណាមួយ ឬ​ក្រុម​ណាមួយ​ជាពិសេស​នោះទេ ហើយ​មិន​ប្រែប្រួល​នោះទេ គឺ​យុត្តិធម៌​អាច​ការពារ​សិទ្ធិ​គ្រប់​បុគ្គល​ទាំងអស់​។ ទី​៣- ច្បាប់​ត្រូវតែ​អនុម័ត​ដោយ​តំណាង​របស់​ប្រជាពលរដ្ឋ គឺមាន​រដ្ឋសភា និង​ព្រឹទ្ធសភា​ជាដើម ហើយ​ត្រូវតែ​យកទៅអនុវត្ត​ន៍​ដោយ​ប្រសិទ្ធភាព និង​តម្លាភាព​។ ទី​៤-​យុត្តិធម៌​ត្រូវតែ​ផ្តល់​ទៅ​ឲ្យ​សមាជិក​សង្គម​ដូចៗ​គ្នា ទាន់ពេល ប្រក​ដោយ​វិជ្ជាជីវៈ មិនមែន​អាស្រ័យ​លើ​មនុស្ស​ម្នាក់ ឬមួយ​ក្រុម​នោះទេ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក គឹម សួរ​ភី​រិ​ទ្ធ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សង្កត់ធ្ងន់​ថាបើ​យោងតាម​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​នៅតែ​រិះគន់ថា​ប្រទេស​កម្ពុជា​មិនទាន់មាន​នីតិរដ្ឋ​នៅឡើយ​ទេ ហើយ​គ្រាន់តែ​យក​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​មក​បិទបាំង​មុខ​ប៉ុណ្ណោះ​។ លោក គឹម សួរ​ភី​រិ​ទ្ធ បាន​លើក​ឧទាហរណ៍​បញ្ជាក់ថា ការអនុវត្ត​ច្បាប់​ថ្មីៗ​នេះ​របស់​រដ្ឋាភិបាល ពិសេស​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ស្ថាប័ន​តុលាការ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​មើលឃើញ​ច្បាស់​ថា​ការអនុវត្ត​ច្បាប់​នៅ​ប្រទេស​កម្ពុជា​មិនមាន​ភាពយុត្តិធម៌​ឡើយ​៕​

AFBA1627-E9FC-43B6-ACE5-D8254F0DE010_w900_r1_sលោក គឹម សួរភីរិទ្ធ   ​